ព្រោះតែពាក្យប៉ុន្មានម៉ាត់នេះ Kwan ធ្វើឱ្យម្តាយស្រក់ទឹកភ្នែកនៅមុខមហាជនតែម្ដង!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Kwan Usamanee ដែលនាងមិនត្រឹមតែគេចាត់ទុកថាជាតារាស្រីឆ្នើមម្នាក់នោះទេ ហើយនាងក៏ជាកូនកត្តញ្ញូ តែងតែយកចិត្តទុកដាក់និងស្រលាញ់ម្ដាយយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ​  ខណៈចូលរួមកម្មវិធី 3 Zeep ដែលមានលោក Kanchai , តារាស្រី Aff និង តារាស្រី Chompoo ជាពិធីករ បានចោទជាសំណួរទៅកាន់នាងទាក់ទងនិងរឿងស្នេហានិងគ្រួសារថា៖

«ប្រសិនបើគូស្នេហ៍ថើប នាងនៅមុខម្តាយ តើនាងគិតយ៉ាងមិច?» ពេលនោះ Kwan ឆ្លើយទៅកាន់ពិធីករយ៉ាងដូច្នេះថា៖ «មនុស្សប្រុសដែលចូលមកក្នុងជីវិតនាង ធ្វើអ្វីក៏ដោយត្រូវតែគោរពម្តាយនាងជាមុនសិន ព្រោះនាងមានតែម្តាយម្នាក់នោះទេ ដូច្នេះបើគេស្រឡាញ់នាងពិត ត្រូវទទួលយកអ្វីដែលជាគោលគំនិតរបស់នាង»

មិនត្រឹមតែប៉ុនណោះ នាងបានបញ្ជាក់ទៀតថា៖ «អ្វីដែលសំខាន់បំផុត ពេលនាងទៅណាមកណាជាមួយអ្នកណាក៏ដោយ នាងមិនអាចទុកម្តាយឱ្យនៅតែផ្ទះម្នាក់ឯកបានទេ នាងត្រូវយកគាត់ទៅជាមួយជានិច្ច ហើយប្រសិនបើបុរសដែលចូលមកនោះទទួលយកមិនបាន នាងក៏មិនអាចទាក់ទងគ្នាបានដែរ ហើយត្រូវឲ្យតម្លៃអ្នកដែលបង្កើតរូបនាងមកឱ្យឃើញពន្លឺថ្ងៃ និង ក្លាយជាមនុស្សស្រីដែលគេស្រឡាញ់»

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនពិតជាក្ដុកក្ដួល ហើយងាកទៅម្ដាយនាងវិញពិតជារំភើបចិត្ត ឡើងស្រក់ទឹកភ្នែករលីងរលោងក្នុងកម្មវិធីថែមទៀតផង៕ សូមទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖