តារាជើងចាស់ Noon បង្ហាញអារម្មណ៍ខ្លួន ក្រោយទទួលដំណឹងដៃគូល្អបំផុតបាញ់សម្លាប់ខ្លួន!

ជាការពិតណាស់ ព័ត៌មានដែលអតីតតារាសម្ដែងថៃលោក Michael បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួន ដោយសារជម្ងឺបាក់ទឹកចិត្តនោះ បានធ្វើឲ្យអ្នកសិល្បៈថៃជាច្រើនសោកស្ដាយ ស្រណោះ និងអ្នកដែលធ្លាប់ស្គាល់លោកអាឡោះអាល័យដល់លោកយ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាថ្មីៗនេះតារាស្រីជើងចាស់ Noon Daran Boonyask ដែលត្រូវជាបងតារាស្រី Ploy Cherman ហើយក៏ជាដៃគូសម្ដែងរឿងយ៉ាងល្អឥខ្ចោះជាមួយលោក Michael កាលពី១៨ឆ្នាំមុន បានបង្ហាញអារម្មណ៍របស់ខ្លួន នៅពេលទទួលដំណឹងថាលោក Michael សម្លាញ់ខ្លួនដោយជម្ងឺបាក់ទឹកចិត្តនេះថា៖

«ពួកយើងធ្លាប់រួមការងារជាមួយគ្នាប្រមាណជិត ១០ រឿង ហើយគាត់ជាដៃគូចាស់របស់ខ្ញុំមួយរូប ដែលធ្លាប់មានអ្នកគាំទ្រចាត់ទុក ពួកយើងទាំងពីរថាសក្តិសមជាគូនឹងគ្នា។ ក្រោយពេលដែល Michael ចាប់ផ្តើមមានជំងឺហើយលាឈប់ពីសិល្បៈ ដើម្បីទៅសម្រាកព្យាបាលកាយ នាងខ្ញុំក៏មិនដែលបានជួបគាត់ទៀតនោះឡើយ។ លុះថ្មីៗនេះ ស្រាប់តែឮដំណឹងថាគាត់បានសម្លាប់ខ្លួនឯងព្រោះជំងឺបាក់ទឹកចិត្ត ខ្ញុំពិតជាតក់ស្លុតជាខ្លាំង ដែលវាជាដំណឹងដ៏គួរ​ឱ្យសោកស្តាយ ហើយវាក៏ធ្វើឱ្យខ្ញុំកាន់តែនឹករលឹករូបគាត់។ គាត់ជាមនុស្សល្អមួយរូប យ៉ាងណាពេលនេះគាត់ទៅបានសុខហើយ ខ្ញុំសុំចូលរួមសោកស្តាយដល់ក្រុមគ្រួសារគាត់ផងដែរ»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី