ខណៈ​បន្លែវៀតណាម​ព្យាយាមចូលប្រទេសកម្ពុជា កសិករ​ជាច្រើន​នៅខេត្ត​សៀមរាប​នាំគ្នា​ដាំ​បន្លែធម្មជាតិ​ឡើងវិញ

បន្ទាប់ពី​បន្លែរបស់​ប្រទេសវៀតណាម​ ដែលសំបូរ​ទៅដោយជាតិ​គីមី​បាន​ជ្រៀត​ចូលក្នុងប្រទេសកម្ពុជានោះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​១០០គ្រួសារ​ក្នុង​ខេត្តសៀម​រាប​ នាំគ្នាមក​ដាំ​ដំណាំ​បន្លែ​បែបធម្មជាតិ​ ដោយ​បាន​ផ្តល់​ផល​ចំនួន​ជាង​១៥០០តោន ដើម្បីធ្វើការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

បើតាម​លោក ទា គឹមសុទ្ធ ប្រធាន​​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានថ្លែង​ប្រាប់​ឲ្យដឹងថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ ប្រជាកសិករ​ក្នុងស្រុក​ទាំងបី​ខាងលើ​ដែល​ស្ថិតក្នុង​គម្រោង​របស់​ម​ន្ទីរ​ខេត្ត បាន​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ចំនួន​៣៦​មុខ នៅលើ​ផ្ទៃដី​ប្រមាណ​២២០​ហិកតា​។

លោក​ប្រធានមន្ទីរបាន​បន្តថា បរិមាណ​បន្លែ​សុវត្ថិភាព​ក្នុង​គម្រោង​នេះ បាន​ចូលរួមចំណែក​១៥​ភាគរយ នៃ​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ទូទាំង​ខេត្តហើយ​ផលដំណាំ​ដែល​កសិករ​ប្រមូលបាន​អាជីវករ​លក់ដុំ លក់រាយ ទាក់ទង​ទិញ​ផ្ទាល់​ពី​ម្ចាស់​ចម្ការ និង​យកទៅលក់​នៅតាម​បណ្តា​នានា រួមមាន​ផ្សារ​សាមគ្គី​,​ ផ្សារ​ដំ​ដែក​,​ ផ្សារ​រលួស​,​ ផ្សារ​អង្គ្រង​, ​ផ្សារ​ដើម​ក្រឡាញ់​, ​ផ្សារ​ចាស់​,​ ផ្សារ​ស្រះស្រង់​, ​ផ្សារ​ព្រះ​ដាក់​ខេត្តសៀមរាប និង​ផ្សារ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ជាដើម​។

លោក​ប្រធាន​មន្ទីររូបនេះ​ បាន​ធ្វើការ​អះអាង​ថា បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដុះ​ទូទាំង​ខេត្ត អាច​ផ្គត់ផ្គង់​តម្រូវការ​នៅ​ទូទាំង​ខេត្ត ពិសេស​នៅតាម​សណ្ឋាគារ​ធំៗ និង​ផ្សារ​ទំនើប​បាន​៦០​ទៅ​៧០​ភាគរយ ជាមួយ​តម្លៃ​ល្អប្រសើរ​។​

​ចំពោះការដាំបន្លែបែបធម្មជាតិនេះ​ បានកាត់​បន្ថយ​ការនាំចូលនៅបន្លែ​ដែលមានជាតិ​គីមី​នៅប្រទេសជិត​ខាង​ បានមួយ​កម្រិត​ផងដែរ​ ដែលបន្លែធម្មជាតិ​ទាំងនេះ​ភាគច្រើន​ជាបន្លែមើម ដូចជាការរ៉ុត​ ដំឡូង​បារាំង​ ជាដើម៕