ការប្រយុទ្ធទល់នឹងជំងឺបង្កដោយវីរុស COVID-19 បើនិយាយចំពោះគ្រូពេទ្យគឺប្រៀបដូចជាការប្រយុទ្ធដែលមិនដឹងទាល់តែសោះពីគូសត្រូវ។ តើគ្នាយើងដែលមានចម្ងល់ទេ ថាតើវីរុសនេះ វាយប្រហារទៅលើរាងកាយអ្នកជំងឺបានយ៉ាងដូចម្ដេច? តើរោគសញ្ញាពេញលេញមានអ្វីខ្លះ? តើមនុស្សប្រភេទណាខ្លះដែលងាយនឹងឈឺធ្ងន់ ឬអាចនឹងស្លាប់? តើត្រូវព្យាបាលវាយ៉ាងដូចម្ដេច? ខាងក្រោមនេះគឺជាការសិក្សារដែលគ្រូពេទ្យជួរមុខនៅតំបន់អ៊ូហានប្រទេសចិន ចាប់ផ្ដើមផ្ដល់ចម្លើយចំពោះសំនួរទាំងនេះ។
តាមរបាយការណ៍របស់អាជ្ញារធរគ្រប់គ្រងជំងឺរបស់ប្រទេសចិន ដោយផ្ដោតលើករណីជំងឺ ចំនួន ៤៤០០០ករណីបានបង្ហាញថាភាគច្រើននៃអ្នកផ្ទុកវីរុសជាករណីស្រាល៖
– ៨១% នៃអ្នកឆ្លងមានរោគសញ្ញា ស្រាល
– ១៤% នៃអ្នកឆ្លងមានរោគសញ្ញាធ្ងន់ធ្ងរ
– ៥% នៃអ្នកឆ្លងមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំង
អត្រាឆ្លងទាំងប្រុសនិងស្រី គឺស្មើរគ្នា ដែលផ្ទុយពីរបាយការណ៍មុនថាវីរុសនេះ ងាយឆ្លងចំពោះមនុស្សប្រុស។
គ្រុនក្ដៅ និងការរលាកសួត
ពពួកវីរុសកូរ៉ូណា ធ្វើឲ្យប៉ះពាល់ជាលិកា និងផ្លូវដង្ហើមខាងក្នុងជ្រៅរបស់សួត ជាជាងនៅត្រឹមតែនៅច្រមុះ។ គ្រុនក្ដៅ អស់កម្លាំង និងក្អកស្ងួត គឺជារោគសញ្ញាដែលកើតមានទូទៅ ចំពោះអ្នកជំងឺដែលចូលសម្រាកពេទ្យ។ ប៉ុន្តែមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានរោគសញ្ញានេះទេ នេះបើតាមការលើកឡើងរបស់ក្រុមគ្រូពេទ្យនៅទីក្រុងអ៊ូហាន។
រោគសញ្ញាផ្សេងទៀតរួមមាន៖
– ៣១% ពិបាកដកដង្ហើម មានដង្ហើមខ្លីៗ
– ១១% ឈឺសាច់ដុំ
– ៩% វង្វេងវង្វាន់
– ៨% ឈឺក្បាល
– ៥% ឈឺក
ជំងឺបង្កដោយវីរុស COVID-19 អាចវិវត្តទៅជារលាកសួត (Pneumonia) គឺរលាកសាច់សួត និងរលាកថង់សួតតូចៗ ដែលជាកន្លែងអុកស៊ីហ្សែន ចូលទៅក្នុងចរន្តឈាម ហើយសរីរាង្គក្នុងខ្លួនគឺខ្សោយខ្លាំង។ ប៉ុន្តែការសិក្សារទាំងនេះ គឺយោងទៅតាមករណីអ្នកជំងឺដែលឈឺធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដែលគេតម្រូវឲ្យសម្រាកពេទ្យ ហើយករណីដែលស្រាល គឺមិនមានឃើញរោគសញ្ញាទាំងនេះឡើយ។
ករណីស្លាប់ដំបូង
បើយោងតាមរបាយការណ៍លម្អិត របស់ Lancet Medical Journal ស្ដីពីករណីស្លាប់ដំបូងចំពោះអ្នកជំងឺពីរនាក់នៅទីក្រុងអ៊ូហាន គឺអ្នកជំងឺហាក់មើលទៅមានសុខភាពល្អ ទោះបីអ្នកទាំងនោះជាអ្នកជក់បារីរយៈពេលយូមកហើយក៏ដោយ ដែលនេះជាហេតុធ្វើឲ្យសួតរបស់អ្នកទាំងពីរខ្សោយ។
ករណីទី មួយគឺបុរសវ័យ៦១ឆ្នាំ បានមកដល់មន្ទីពេទ្យដោយមានអាការៈរលាកសួតធ្ងន់ធ្ងរ។ បុរសរូបនោះមានបញ្ហាផ្លូវដង្ហើមស្រួចស្រាវ ហើយសួតរបស់លោកមិនអាចផ្ដល់អុកហ្ស៊ីហ្ស៊ែនឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយអាចទ្រទ្រង់ជីវិតបាន។ ក្រោយពីដាក់ម៉ាស៊ីនជំនួយការដកដង្ហើម (Ventilator) សួតរបស់លោកនៅតែខ្សោយ ហើយបេះដូងរបស់លោកក៏ឈប់លោត ហើយក៏ស្លាប់បន្ទាប់ពី១១ថ្ងៃ ក្រោយបានចូលព្យាបាលមន្ទីរពេទ្យ។
ចំពោះអ្នកជំងឺទីពីរ មានអាយុ ៦៩ឆ្នាំ មានបញ្ហាផ្លូវដង្ហើមស្រួចស្រាវដូចគ្នា។ អ្នកជំងឺរូបនេះបានប្រើម៉ាស៊ីនជំនួយសួត (artificial Lung ឬ ECMO) ប៉ុន្តែម៉ាស៊ីននោះ គឺមិនអាចជួយគាត់គ្រប់គ្រាន់ឡើយ។ អ្នកជំងឺស្លាប់ដោយសារបញ្ហារលាកសួតធ្ងន់ធ្ងរ និង Septic Shock (ស្ថានភាពជំងឺដែលនាំឲ្យស្ទះស្លាប់ដោយសាតែមេរោគមាននៅក្នុងឈាម)។
មនុស្សកាន់តែចាស់កាន់តែប្រឈមនឹងស្លាប់ដោយសារជំងឺនេះ
តាមរបាយការណ៍ពីអាជ្ញាធរគ្រប់គ្រងជំងឺរបស់ប្រទេសចិនបានឲ្យដឹងថា មានអ្នកជំងឺអាយុក្រោម ៥០ឆ្នាំ ត្រឹមតែ ០,៥%ប៉ុណ្ណោះដែលស្លាប់ដោយសារជំងឺនេះ។ ទោះយ៉ាងណា តួលេខនេះមិនទាន់អាចរាប់ថាពិតប្រាកដទាំងស្រុងបានទេ ក៏ព្រោះថាមានអ្នកជំងឺខ្លះក្នុងអាយុនេះកំពុងតែព្យាបាល ហើយមិនទាន់ស្លាប់ និងអ្នកខ្លះទៀតគឺមានករណីស្រាលប៉ុណ្ណោះ។
មនុស្សដែលមានជំងឺប្រចាំកាយ
អត្រាការស្លាប់ចំពោះមនុស្សដែលមានបញ្ហាសុខភាពរួចហើយនោះគឺមាន ០,៩% តែទោះជាយ៉ាងនេះ ក្ដីវាអាចកើនឡើងចំពោះអ្នកជំងឺ៖
– ៦% ចំពោះអ្នកជំងឺលើសឈាម
– ៦% ចំពោះអ្នកជំងឺដែលមានបញ្ហាសួតរ៉ាំរ៉ៃ ដូចជាអ្នកជក់បារីរយៈពេលយូរជាដើម
– ៦% ចំពោះអ្នកជំងឺទឹកនោមផ្អែម
– ៦% ចំពោះអ្នកជំងឺប្រព័ន្ធសរសៃឈាមបេះដូង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕