ប្រិយមិត្តមួយចំនួនធំ ប្រហែលជាបានជ្រាបរួចមកហើយពីការធ្វើអត្តឃាតរបស់ Goo Hara ដែលជាអតីតសមាជិកក្រុមតារាចម្រៀងស្រីឈ្មោះល្បី Kara កាលពីចុងឆ្នាំ ២០១៩ ដោយសារតែជម្ងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។
ក្រោយពីតារាស្រីរូបនេះ ទទួលមរណៈភាពទៅ អាចនិយាយបានថា មនុស្សមួយចំនួនចាប់ផ្ដើមបំភ្លេចរូបនាងជាបន្ដបន្ដាប់ទៅតាមពេលវេលា ក៏ប៉ុន្ដែបងប្រុសបង្កើតរបស់នាង លោក Goo In Hoតែងតែលួចសង្ឃឹមថាថ្ងៃណាមួយអាចបានជួបមុខប្អូនស្រីសំណព្វចិត្តរបស់ខ្លួនជាថ្មីម្ដងទៀត។
អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ ថ្ងៃនេះលោកបានបង្ហោះក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាមរបស់ខ្លួនដើម្បីអបអរថ្ងៃកំណើតរបស់ភរិយាខ្លួន និងប្រាប់ពីដំណឹងល្អមួយដោយភ្ជាប់ជាមួយពាក្យពេចថា “បងតែងតែសង្ឃឹមថា ឯង (Hara) នឹងអាចចាប់កំណើតសារជាថ្មី ហើយមកចាប់កំណើតក្លាយជាកូនស្រីរបស់បង។ ដូច្នេះបងនឹងអាចចិញ្ចឹមបីបាច់ថែរក្សាឯងបានយ៉ាងល្អ និងផ្ដល់ក្ដីស្រលាញ់ដែលឯងមិនដែលទទួលបានពី ប៉ា និងម៉ាក់។ ហើយវាបានក្លាយជាការពិត ព្រោះពេលនេះ កូនក្នុងផ្ទៃរបស់ភរិយាបងគឺជាកូនស្រី ហើយបងនឹងដាក់ឈ្មោះគេថា Harin។”
ក្រោយពីឃើញបែបនេះ ក៏មានអ្នកគាំទ្ររបស់ Hara ជាច្រើនបានចូលបញ្ចេញមតិ និងសង្ឃឹមថា រូបនាងពិតជាអាចចាប់កំណើតជាថ្មី និងរស់នៅក្នុងគ្រួសារដ៏មានសុភមង្គលមួយ មិនកំសត់ដូចជាតិនេះទៀត។
គួររំលឹកផងដែរថា ម្ដាយឳពុករបស់ Hara និងបងប្រុសរបស់នាងបានលែងលះគ្នាតាំងពីអ្នកទាំងពីរនៅតូចៗ ម្ល៉េះ ខណៈនាង និងបងប្រុសរបស់នាងត្រូវបានសាច់ញាតិយកទៅចិញ្ចឹម បែបនេះហើយទើបទំនាក់ទំនងរបស់នាង និងបងប្រុស មានភាពស្អិតរមួតខ្លាំង៕
ចុះប្រិយមិត្តយល់យ៉ាងណា តើវាជាភាពចៃដន្យ ឬយ៉ាងណាដែរ?
ប្រភព៖ koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ