អ្នកផ្ទុកវីរុស COVID-19 កើនដល់ ៧៦៣ ករណី និងមានស្លាប់ ៧ ករណី ទូទាំងប្រទេសកូរ៉េខាងត្បូងគិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ ធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសដែលមានមានករណីឆ្លងវីរុស COVID-19 ធំជាងគេបន្ទាប់ពីប្រទេសចិន ខណៈនិស្សិតខ្មែរកំពុងសិក្សានៅទីនោះថាអាជ្ញាធរបានកម្រិតការដើរហើររបស់និស្សិតដើម្បីសុវត្ថិភាព។
យោងតាមមជ្ឈមណ្ឌល គ្រប់គ្រងនិងការពារពីជំងឺ (Centres for disease control and prevention – KCDC) របស់កូរ៉េខាងត្បូងបានឲ្យដឹងថា ករណីថ្មី ១១៥ ករណី គឺទាក់ទងនឹងការជួបជុំនៅក្នុងព្រះវិហាគ្រិស្តមួយនៅភាគអាគ្នេយ៍ទីក្រុង Daegu បន្ទាប់ពីស្ត្រី វ័យ ៦១ឆ្នាំម្នាក់ដែលចូលរួមការជួបជុំនេះធ្វើតេស្តឃើញថាវិជ្ជមាន។
លោកប្រធានាធិបតី ប្រទេសកូរ៉េខាងត្បូង Moon Jae In បាននិយាយថា រដ្ឋាភិបាលនិងលើកបញ្ហានេះ ក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុត ហើយរដ្ឋាភិបាលនិងឆ្លើយតបនឹងបញ្ហានេះឲ្យខ្លាំងបំផុត។
និស្សិតខ្មែរម្នាក់កំពុងរស់នៅ និងសិក្សានៅសាកលវិទ្យាល័យ Chonnam National University ក្រុង Gwanju ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង បានប្រាប់Hello Krupet តាមប្រព័ន្ធតេឡេក្រាមនាព្រឹកនេះថា នៅតំបន់ដែលខ្លួនកំពុងសិក្សាមាននិស្សិតខ្មែរសរុបចំនួន១០នាក់។ លោកបន្តថា អាជ្ញារធរកូរ៉េបានកម្រិតការដើរហើររបស់និស្សិតនៅទីក្រុង Daegu ដោយថា និស្សិតអាចត្រឹមតែចេញពីផ្ទះ និងសាលាប៉ុណ្ណោះ និងត្រូវថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ប៉ុន្តែនៅទីក្រុង Gwanju វិញ ពួកគាត់កម្រិតការដើរហើរដោយខ្លួនឯងព្រោះតែភាពភ័យខ្លាចនឹងជំងឺ។ ក្រៅពីនេះលោកថាសមាគមនិស្សិតខ្មែរនៅកូរ៉េខាងត្បូង ក៏បានជួយផ្ដល់ព័ត៌មានផ្សេងៗទាក់ទងនឹងសុខភាព និងព័ត៌មានពីវីរុសនេះផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕