និយាយពីការទិញផ្ទះ ប្រជាជនភាគច្រើនមិនងាយលុយទៅទិញទាំងដុលនោះ ហើយមនុស្សមួយចំនួនរកលុយស្ទើរតែមួយជីវិតក៏មិនទាន់មានលុយទិញផ្ទះបានដែរ។ ដូច្នេះដើម្បីទទួលបានផ្ទះមួយសមរម្យ ជាជម្រករស់នៅប្រជាជនមួយចំនួន ជាពិសេសប្រជាជនរស់នៅទីក្រុងត្រូវពឹងលើការខ្ចីលុយពីធនាគារក្នុងការបង់រំលស់ទិញផ្ទះ។
បច្ចុប្បន្ន តើប្រជាជនកម្ពុជា គួរមានប្រាក់ខែប៉ុន្មាន ទើបស័ក្តិសម ខ្ចីលុយ ធនាគារ មកទិញផ្ទះបង់រំលស់?
បើសម្ដីរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ចំពោះការទិញផ្ទះបង់រំលស់ គឺគេតម្រូវឲ្យអ្នកទិញផ្ទះមានប្រាក់កក់មុន ប្រមាណជាពី២៥ ទៅ ៣០ភាគរយនៃ តម្លៃផ្ទះសរុប។ លោកបានបន្តទៀតថា អ្នកដែលចង់ខ្ចីលុយពីធនាគារ ដើម្បីបង់រំលស់ទិញផ្ទះដែលមានរយៈពេលពី ១០ ទៅ ១៥ឆ្នាំ ជាទូទៅគួរមានប្រាក់ខែ ពី ៨០០ ទៅ ១ពាន់ដុល្លារ។
យ៉ាងណាមិញ លោកលើកឡើងថា ចំពោះអ្នកដែលមានចំណូលក្រោម៨០០ដុល្លារក៏អាចស្នើ កម្ចីទិញផ្ទះបង់រំពីធនាគារបានដែរ ប៉ុន្តែប្រាក់ចំណូលក្រោម៨០០ដុល្លារ ហើយមានបន្ទុក ត្រូវបង់រំលស់ទៀតនោះនឹងធ្វើឲ្យអ្នកមានការលំបាក់ព្រោះក្នុងមួយខែៗ គឺអ្នកត្រឹមតែមានលុយសម្រាប់ចាយវាយប្រចាំខែបន្តិចបន្តួច និងសម្រាប់បង់រំលស់ផ្ទះប៉ុណ្ណោះ មិនមានលុយសម្រាប់សន្សំសម្រាប់គោលដៅអនាគត់ដូចសន្សំ ដើម្បីបានដើមទុនរកស៊ី ឬគោលហិរញ្ញវត្ថុផ្សេងៗទៀតឡើយ។
រីឯ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានឲ្យដឹងថាចំពោះសំណួរសួរថា គួរមានប្រាក់ខែប៉ុន្មាន ទើបសាកសម ឲ្យអ្នកខ្ចីលុយ ធនាគារ មកទិញផ្ទះបង់រំលស់នេះ គឹពិបាកក្នុងកំណត់ ពោលគឺវាអាស្រ័យទៅលើតម្លៃផ្ទះថាតើថ្លៃប៉ុន្មាន។ ជាទូទៅបើតាមក្បួនហិរញ្ញវត្ថុ មិនគួរយកលុយលើសពី ៤០ភាគរយនៃចំណូលសរុបប្រចាំខែ ទៅបង់រំលស់ទិញផ្ទះឡើយ គួរទុក ៦០ភាគរយសម្រាប់ការចំណាយប្រចាំខែឬ សម្រាប់ទំនុកបម្រុងពេលមានអាសន្នណាមួយកើតឡើង។ លោកក៏បានបន្ថែមទៀតថា ចំពោះអ្នករស់នៅភ្នំពេញ មានប្រាក់ខែ ពី ២០០ ទៅ ៣០០ដុល្លារពិបាកក្នុងការទិញផ្ទះបង់រំលស់ ព្រោះតម្លៃផ្ទះបច្ចុប្បន្នតម្លៃសុទ្ធតែខ្ទង់ម៉ឺនដុល្លារឯណោះ។
ចំណែកលោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានមានប្រសាសន៍ថា” តាមពិតទៅ ពុំមានការកំណត់ជាក់លាក់ សម្រាប់ប្រាក់ចំណូល ឬប្រាក់ខែរបស់អ្នកស្នើសុំឥណទាននោះទេ។ទេ។ លោកស្រីបន្ថែមថា ធនាគារ CIMB សូមណែនាំឲ្យអតិថិជនស្នើសុំឥណទាន ក្នុងទំហំសមស្របមួយ ផ្អែកលើប្រាក់ចំណូលជាក់ស្តែងរបស់ពួកគេ។
ឧទាហរណ៍៖ បើអតិថិជនត្រូវមានប្រាក់ចំណូល ឬប្រាក់ខែ ប្រហែល ៧រយដុល្លារ នោះពួកគេអាចស្នើសុំឥណទានគេហដ្ឋាន រហូតដល់៤ម៉ឺនដុល្លារ ដែលអាស្រ័យតាមការវាយតម្លៃ និងរយៈពេលនៃឥណទាននោះ។ ហើយបើពួកគេចង់បានទំហំឥណទានច្រើនជាងនេះ ពួកគេអាចរួមចំណូលគ្នាជាមួយដៃគូ និងសមាជិកគ្រួសារបាន។ ធនាគារ CIMB តែងតែស្វែងយល់ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុសមរម្យណាមួយ ស្របតាមតម្រូវការរបស់អតិថិជនជានិច្ច៕