ជាការពិតទៅ មិត្តភាពក្នុងវិស័យសិល្បះមិនសូវជាបានគង់វង្សយូរអង្វែងទេ ពីព្រោះតារាសម្ដែងភាគច្រើន ជួបគ្នា និយាយគ្នា តែពេលដែលសម្ដែង និងឡើងកម្មវិធីរួមគ្នាប៉ុណ្ណោះ បន្ទាប់ពីអស់ការងារដែលត្រូវធ្វើជាមួយគ្នាពួកគេនឹងក្លាយដូចជាមនុស្សមិនស្គាល់គ្នាអញ្ចឹង។
ប៉ុន្ដែមិត្តភាពរបស់តារាសម្ដែងប្រុស Huang Xiao Ming ដែលត្រូវជាស្វាមីរបស់តារាស្រីកំពូល Angelababy ជាមួយនឹង Zhao Wei ដែលយើងគ្រប់គ្នាស្គាល់ថាជា ត្រចៀកកាំ ពិតជាធ្វើឲ្យអ្នកគាំទ្រលួចច្រណែន ព្រោះបើរាប់ទៅគឺមានរយៈពេលជាង ២០ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរស្គាល់គ្នា និងតែងតែលើកចិត្តគ្នាទៅវិញទៅមកជារឿយៗ។
អ្វីដែលកាន់តែបញ្ជាក់បានថា ចំណងមិត្តភាពរបស់តារាស្រី ប្រុស ទាំងពីរដួងនេះ នៅតែមានភាពស្អិតរមួតនោះគឺ កាលពីថ្ងៃ ១២ ខែ មីនា ឆ្នាំ ២០២០ កន្លងទៅនេះ តារាប្រុស Huang Xiao Ming បានរង់ចាំដល់ម៉ោង ១២ ដើម្បីអប់អរថ្ងៃកំណើតមិត្តចាស់របស់ខ្លួន Zhao Wei ក្នុងបណ្ដាញសង្គម Weibo ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបានលើកឡើងស្រដៀងៗ គ្នាថា ចំណងមិត្តភាពរបស់ពួកគេពិតជាគួរឲ្យច្រណែន ព្រោះកន្លងទៅយូរហើយ នៅតែមិនភ្លេចគ្នា។
ក្នុងសារជូនពរនោះ តារាសម្ដែងប្រុសរូបនេះ បាននិយាយថា៖ រីករាយថ្ងៃកំណើត ថែមមួយឆ្នាំទៀត សូមឲ្យមានសុខភាពល្អ និងសេរីភាព៕
ប្រភព៖ Weibo
អត្ថបទដោយ៖ ស្រីពេជ្រ