កាលពីថ្មីៗ នេះ តារាសម្ដែងប្រុសចិនជើងចាស់ Nicky Wu ដែលធ្លាប់បានលេចមុខក្នុងរឿងភាគដ៏ល្បីៗ ជាច្រើន ក៏ដូចជារឿង “Scarlet Heart” បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ របស់លោកផ្ទាល់មានការភ្ងាក់ផ្អើលជាខ្លាំងក្រោយពេលដែលលោកបានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន។
ក្នុងរូបភាពនោះ បានបង្ហាញឲ្យឃើញពីការប្រែប្រួលនូវរូបរាងរបស់លោកជាខ្លាំង បើប្រៀបធៀបទៅនឹងរូបសម្រស់របស់លោកកាលពីមុន ធ្លាប់តែសង្ហារខ្លាំងបែរជាមើលទៅដូចជាតាចាស់ទៅវិញពេលនេះ សូម្បីតែការស្លៀកពាក់របស់លោកក៏មើលទៅដូចមនុស្សវ័យចំណាស់ខ្លាំង។
ស្របពេលនោះដែរ ក៏មានមនុស្សជាច្រើនបានចូលបញ្ចេញមតិចំរុះខាងក្រោមរូបភាព ដែលភាគច្រើនជាមតិរិះគន់ និងសំណូមពរឲ្យតារាប្រុសរូបនេះ មើលថែទាំខ្លួនឲ្យបានល្អ កុំបណ្ដោយឲ្យរូបសម្រស់របស់ខ្លួនធ្លាក់ចុះខ្លាំងពេក។
គួររំលឹកផងដែរ ក្រៅពីអាជីពជាតារាសម្ដែង លោកក៏ជាអ្នកជំនួញផងដែរ ប្រហែលជារវល់បែបនេះហើយ ទើបធ្វើឲ្យលោកគ្មានពេលយកចិត្តទុកដាក់ថែទាំរូបសម្រស់ខ្លួន៕
ប្រភព៖ Weibo
អត្ថបទដោយ៖ ស្រីពេជ្រ