ថ្វីបើតារាសម្ដែងស្រីនាង Fan BingBing ជាតារាសម្ដែងស្រីលំដាប់កំពូលរបស់ប្រទេសចិនក៏ពិតមែន ប៉ុន្ដែរឿងអាស្រូវទាក់ទងនឹងការគេចពន្ធរបស់នាងនៅតែជាស្រមោលខ្មៅមួយ ដែលធ្វើឲ្យតារាស្រីវ័យ ៣៩ រូបនេះ ពិបាកក្នុងការឈរជើងចាក់គ្រឹះឲ្យជាប់ក្នុងវិស័យសិល្បះវិញ។
បែបនេះហើយ ចំណូលសព្វថ្ងៃដែល Fan BingBing រកបានគឺពឹងផ្អែកទៅលើ ជំនួញថែរក្សាសម្រស់ ពោលគឺហាង កែសម្ផស្សរបស់នាង។ ប៉ុន្ដែដោយសារការរីករាលដាលនៃជំងឺ កូវីដ១៩ កាលពីពេលកន្លងទៅ ធ្វើឲ្យហាងរបស់តួឯកស្រី អូ ម៉ីនាង រូបនេះ បានបិទទ្វារឈប់រកស៊ីអស់រយៈពេលមួយខែ ដូច្នេះហើយ ពេលនេះមានតែឡាយលក់ផលិតផលតាមប្រព័ន្ធអ៊ីនធើណេតទើបអាចរកចំណូលបាន។
មែនទែនទៅ ការឡាយលក់ផលិតផលរបស់តារាស្រីរូបនេះ តែងតែមានអ្នកចូលមើល និងទិញច្រើនសន្ធឹកដោយសារតែកេរ្ដិ៍ឈ្មោះរបស់រូបនាងផ្ទាល់ គួបផ្សំជាមួយការអញ្ជើញតារាល្បីៗ ក្នុងបណ្ដាញសង្គមមកធ្វើជាភ្ងៀវកិត្តិយស ។ កាលពីថ្មីៗ នេះ Fan BingBing ក៏បានអញ្ជើញ Wei Ya ដែលជាតារាមានឈ្មោះល្បីម្នាក់ក្នុងបណ្ដាញសង្គម មកធ្វើការឡាយជាមួយ តែអ្វីដែលគួរឲ្យភ្ងាក់ផ្អើល នាងបែរជាបដិសេដនឹងសំណើរស្នើរសុំរបស់ Fan BingBing ទៅវិញ ដែលទាំងកាលពីមុនអួតក្អេងក្អាងថាជាអ្នកគាំទ្រជ្រាលជ្រៅរបស់តារាស្រីរូបនេះ។ ក្រោយឃើញបែបនេះ មហាជនជាច្រើនបានជឿជាក់ថា Wei Ya មិនចង់ទៅពាក់ព័ទ្ធជាមួយនឹង Fan BingBing ព្រោះមិនចង់មានរឿងអាស្រូវជាប់ខ្លួន៕
ប្រភព៖ todayonline
អត្ថបទដោយ៖ ស្រីពេជ្រ