តារាសម្តែងស្រីមានប្រជាប្រិយភាព ទេព កញ្ញា ដែលការសាងកេរ្តិ៍ឈ្មោះរាប់ឆ្នាំជាមួយភាពតស៊ូការងារសិល្បៈ គឺមានបំណងដើម្បីសាងសងផ្ទះនៅស្រុកកំណើតជូនអ្នកមានគុណទាំងពីររបស់នាងឱ្យរស់ក្នុងជីវិតភាពល្អប្រសើរ។
តារាសម្តែង ទេព កញ្ញា បានបង្ហោះរូបផ្ទះថ្មីនៅស្រុកកំណើត ស្រុក ត្រាំកក់ ខេត្ត តាកែវ ដោយសរសេរថា “ទីបំផុតកូនបានសម្រចបំណងលោកអ្នកមានគុណទាំងពីរហើយ”។
គ្រាន់មហាជននិងអ្នកគាំទ្ររបស់តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានឃើញបែបនេះគឺមានការ ស្ញើចសរសើរច្រើនចំពោះនាងដែលបានបង្ហាញផ្ទះវីឡាកូនកាត់ និងរថយន្តប្រណិតមួយគ្រឿងដែលនាងសាងសង់ និងទិញជូនម្តាយឪពុកនាង ។
តារាស្រីរូបស្រស់នេះបានពោលថា នេះជាអ្វីដែលនាងខិតខំប្រឹងប្រែងធ្វើជូនសម្រាប់អ្នកមានគុណ ហើយពួកគាត់គឺជាកម្លាំងចិត្ត និងនៅពីក្រោយការពុះពារគ្រប់ឧបសគ្គសម្រាប់នាងក្នុងការងារប្រចាំថ្ងៃ។ នាងរំពឹងថាសម្មិទ្ធិផលទាំងនេះនឹងធ្វើឲ្យឪពុកម្តាយនាងសប្បាយចិត្ត។
សូមបញ្ជាក់ថា តារាសម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ២០១៩ នាងមានប្រជាប្រិយខ្លាំងក្នុងរឿងភាគ “គ្រូខ្មែរ” របស់ស្ថានីយបាយ័ន ។ ជាមួយគ្នានោះនាងក៏បានបញ្ចេញបទចម្រៀងថ្មីមួយបទ ដែលស្តាប់ហើយ ធ្វើអ្នកគាំទ្រមានអារម្មណ៍ត្រូវចិត្ត ឬ ចាក់ដោតដល់អារម្មណ៍មែនទែនគឺ មានចំណងជើងថា “បេះដូងខ្វះស្នេហ៍ពិត” ដែលអ្នកគាំទ្រ និង អ្នកលេងហ្វេសប៊ុកជាច្រើននាំស្តាប់ហើយពេញចិត្ត ចំពោះអត្ថន័យ និងសំនៀងរបស់នាង។
អ្នកគាំទ្ររបស់នាងលាន់មាត់ និង សរសើរចំពោះតារាស្រីស្អាតរូបនេះ មិនត្រឹមតែស្អាត និង ពូកែសម្តែងនោះទេ ថែមទៀតចេះច្រៀងបង្ហាញពីទេពកោសល្យនៃការច្រៀងរបស់នាងធ្វើឱ្យមហាជនភ្ញាក់ផ្អើលផងដែរ។
សូមរំលឹកផងដែរថា តារាសម្តែង ទេព កញ្ញា មុនថ្ងៃខួបកំណើតឆ្នាំ២០២០នេះ នាងបានធ្វើរឿងល្អមួយដោយនាងទៅជួបក្មេងៗជនពិការលើកទឹកចិត្តជូនអំណោយ។ សកម្មភាពរបស់នាងដែលចេញទៅជួបក្មេងៗជនពិការនៅអង្គការសាមគ្គីធម៌ម៉ារីស្តបកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ត្រូវបានអ្នកគាំទ្រនាងនិងមហាជនសរសើរចំពោះទឹកចិត្តល្អរបស់នាង ដែលចេះឱកាសមុនថ្ងៃខួបកំណើតឆ្នាំនេះ ធ្វើបុណ្យនិងការចែករំលែកសេចក្តីស្រលាញ់៕