Jeff Bezos ៖ ប្រាប់ពីគន្លឹះដ៏តូចមួយដែលធ្វើឲ្យក្រុមហ៊ុន Amazon រីកធំសម្បើមដូចថ្ងៃនេះ

គំនិតចាប់ផ្តើមក្រុមហ៊ុន Amazon.com របស់មហាសេដ្ឋីមានបំផុតលើលោកបច្ចុប្បន្ន Jeff Bezos កើតមានឡើងដំបូងនៅអំឡុងឆ្នាំ១៩៩៤ នៅពេលដែលវត្តមានអ៊ីនធើណេតចាប់ផ្តើមផ្ទុះឡើងបន្តិចៗម្តង បង្ហាញពីនិន្នាការយុគសម័យថ្មីនាពេលអនាគត។​

មហាសេដ្ឋីគ្មាន​សក់រូបនេះ មានប្រសាសន៍ថា៖ នៅពេលដែលមើលឃើញពីសក្តានុពលនៃវិស័យអ៊ីនធើណេត អនឡាញបែបនេះហើយ ធ្វើឲ្យលោកបង្ខំខ្លួនឯងឲ្យគិតរកស៊ីអ្វីទាក់ទងនឹងវិស័យនេះ។ ក្នុងពេលនោះ លោកក៏សម្រេចចិត្តដាក់លក់សៀវភៅអនឡាញដំបូងគេលើទឹកដីអាមេរិក ដោយប្រមូលទុនវិនិយោគពីឪពុកម្តាយជាទីស្រឡាញ់ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក និងបានបញ្ចុះបញ្ចូលប្រពន្ធឲ្យចូលរួមជឿលើគោលដៅដ៏ចម្លែកខុសគេមួយនេះ។

ក្រោយដំណើរការបានមួយឆ្នាំ គឺនៅឆ្នាំ១៩៩៥ ត្រឹម១ខែប៉ុណ្ណោះ ការលក់សៀវភៅចេញរបស់ក្រុមហ៊ុន Amazon អាចរីកមាឌពេញទីផ្សារនៅអាមេរិកគឺលក់ចែកចាយទូទាំង៥២រដ្ឋតែម្តង។​ រហូតដល់ឆ្នាំ១៩៩៦​ Jeff Bezos បានធ្វើឲ្យការលក់របស់ក្រុមហ៊ុននេះកើនដល់ទៅជាង១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ដំណើរផ្លូវក្រុមហ៊ុនយក្សមួយនេះកាន់តែផ្ទុះខ្លាំងឡើងនៅឆ្នាំ១៩៩៧ ខណៈពេលដែល Jeff Bezos សម្រេចចិត្តបោះលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ ដោយតម្លៃភាគហ៊ុនបើកទីផ្សារដំបូងមានតម្លៃត្រឹមតែ២៩.២៥ដុល្លារ ហើនៅឆ្នាំ១៩៩៨ តម្លៃភាគហ៊ុននេះបានកើនឡើងជិត៣ដងឯណោះ។​ ប៉ុន្តែនៅឆ្នាំ១៩៩៩ តម្លៃភាគហ៊ុនបានកើនឡើងជាង១១៨ដុល្លារក្នុងមួយភាគហ៊ុន ប៉ុន្តែជាអកុសលវត្តមាននៃវិបត្តិទីផ្សារអនឡាញធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះមកនៅត្រឹមតែជិត៦ដុល្លារប៉ុណ្ណោះក្នុង១ហ៊ុន ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញជាច្រើនបិទទ្វាប្រណាំងគ្នាជាងពាក់កណ្តាល។​

ជាសំណាងល្អ ក្រោយវិបត្តិនេះបានបញ្ចប់នៅឆ្នាំ២០០២ Amazon បានងើបស្ទុះឡើងវិញម្តងទៀតរីកពង្រីកសក្តានុពលកាន់តែខ្លាំងឡើងៗ។ ឈានដល់របត់ថ្មីនេះ នៅពេលក្រុមហ៊ុន Amazon ហាក់មានលំនឹងរឹងមាំហើយ Jeff Bezos ចាប់ផ្តើមគិត តើអាចលក់អ្វីផ្សេងទៀតបានទេនៅក្នុងទីផ្សារ Amazon?  ដើម្បីដឹង និងដាក់លក់ផលិតផលដ៏ត្រឹមត្រូវក្នុងទីផ្សារអនឡាញរបស់ខ្លួន Jeff Bezos បានចំណាយពេលវាស់ស្ទង់មតិពីអតិថិជនរបស់ខ្លួនរាប់ម៉ឺននាក់ សួរពួកគេថា តើពួកគេចង់ទិញអ្វី ឫចង់ឲ្យទីផ្សារអនឡាញមួយនេះលក់អ្វីផ្សេងបន្ថែម។

ជាលទ្ធផល Jeff Bezos អាចមើលដឹងថា ទីផ្សារអនឡាញរបស់ខ្លួនអាចលក់បានគ្រប់ផលិតផលទាំងអស់ក្នុងលោក។ ដែលនេះហើយជារបត់ថ្មីមួយ ធ្វើឲ្យក្រុមហ៊ុននេះរកប្រាក់ចំណូលបានកាន់តែច្រើន រីកធំកាន់តែលឿនទ្វេដងជារៀងរាល់ឆ្នាំ ក្លាយជាក្រុមហ៊ុនលំដាប់កំពូលលើលោក និងធ្វើឲ្យ Jeff Bezos ក្លាយជាមហាសេដ្ឋីមានបំផុតក្នុងលោក មានទ្រព្យជាង១៤៧ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០១៩នេះ៕