គ្រាន់តែហ្វេសប៊ុកមានបញ្ហា ឯបងប្អូនភ្លោះគឺ Instagram កែបន្តិចបន្តួចរកចំណូលបានខ្ទង់១០ពាន់លានដុល្លារ
កាលពីសប្ដាហ៍មុន Instagram ដែលឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook នោះធ្វើការបញ្ចេញនូវមុខងារថ្មីមួយ សម្រួលដល់អតិថិជន ក៏ដូចជាអ្នកលក់ក្នុងការទិញដូរទំនិញអនឡាញ ដោយមិនចាំបាច់ខលសួរ ឬចូលទៅកាន់វេបសាយរញ៉េរញ៉ៃ តាមរយៈប៊ូតុងមួយមានឈ្មោះថា Check-out។
សម្រាប់អ្នកវិភាគនៅធនាគារអាឡឺម៉ង់ Deutsche Bank វិញបានឱ្យដឹងថា មុខងារថ្មីនេះអាចរកលុយបានច្រើនដល់ Instagram បន្ថែមទៀត ដោយខាងអ្នកវិភាគនៅធនាគារមួយនេះរំពឹងថាមុខងារនេះអាចបង្កើនចំណូលរបស់ Instagram ឡើងរហូតដល់ទៅ១០ពាន់លានដុល្លារនៅឆ្នាំ២០២១។
នេះមិនមែនជារឿងអ្វីថ្មីទេសម្រាប់វិស័យបច្ចេកវិទ្យា ព្រោះថាផ្នែកទិញដូរលក់ទំនិញនៅលើអនឡាញ ឬគេនិយមហៅថា e-Commerce នេះមានមកយូយារណាស់មកហើយ គ្រាន់តែ Instagram ពុំបានធ្វើកាលពីមុនមក ខណៈដែលខ្លួនផ្ដោតតែទៅលើការអភិវឌ្ឍផលិតផលតែប៉ុណ្ណោះ។
សម្រាប់មុខងារនេះ គេរំពឹងថាអ្នកលក់អនឡាញក៏អាចរកចំណូលស្របពេល Instagram បង្កើនចំណូលប្រចាំឆ្នាំរបស់ខ្លួនផងដែរ តាមរយៈការចែកជាកម្រៃជើងសារ ឬភាគរយ ប៉ុន្តែមកទល់ពេលនេះដោយហេតុតែមុខងារមួយនេះស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើង ពុំមានពត៌មានណាមួយច្បាស់ការថា នឹងអ្នកលក់អាចទទួលបានប៉ុន្មាននោះទេ។
ជាមួយគ្នានេះផងដែរ Instagram បានប្រកាសថានឹងមិនជាន់ដាន Facebook រឿងទិន្នន័យអ្នកប្រើប្រាស់នោះទេ ដោយបានធ្វើការអះអាងថា អ្នកលក់អាចដឹងតែទិន្នន័យខ្លះរបស់អ្នកទិញតែប៉ុណ្ណោះ ដូចជាឈ្មោះ និងពត៌មានចាំបាច់ក្នុងការទំនាក់ទំនង។ មិនមានអ្វីជាខុសគ្នាពីមុខងារទិញដូរលើវេបសាយ ឬផ្លេតហ្វមដ៏ទៃនោះទេ មុខងារ Check-out នេះអាចឱ្យអ្នកប្រើប្រាស់ទូរទាត់សាច់ប្រាក់បានតាមរយៈប្រព័ន្ធទូរទាត់ប្រាក់អនឡាញមានដូចជា Visa និង Master Card ជាដើម។
គូសបញ្ជាក់ថា Instagram ត្រូវបានទិញយកដោយក្រុមហ៊ុន Facebook កាលពីឆ្នាំ ២០១២ ក្នុងតម្លៃ១ពាន់លានដុល្លារ ដោយស្ថាបនិកក្រុមហ៊ុននេះជាអតីតបុគ្គលិករបស់ Facebook ផ្ទាល់តែម្ដង។ ហេតុនេះហើយការបង្កើនចំណូលឱ្យ Instagram ក៏ដូចជាបង្កើនចំណូលឱ្យក្រុមហ៊ុនមេធំដូចច្នេះឯង ក៏សូមរម្លឹកផងដែរថា លោក Kevin Systrom ដែលជាស្ថាបនិក បានដើរចេញលែងគ្រប់គ្រងបណ្ដាញសង្គមមួយនេះតទៀតហើយ៕