យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរ បានឱ្យដឹងថា ៣ខែដើមឆ្នាំ២០១៩នេះ ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានប្រមាណ៣៥,៩៥២,៨៤០ដុល្លារ ដែលចំនួននេះមានការថយចុះជាង៩ភាគរយ។ រីឯភ្ញៀវទេសចរបរទេសដែលបានទិញបណ្ណចូលទស្សនា មានចំនួនជិត ៨០ម៉ឺននាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១ ខែមេសា គ្រឹះស្ថានអង្គរ ក៏បានបង្ហាញតួលេខសម្រាប់តែខែមីនាផងដែរ។ ក្នុងខែមីនា ចំណូលខាងលើមានជាង ១០លានដុល្លារ គឺស្មើនឹង ១០,៨៧៣,៨៤៧ ថយចុះជាង ១០ភាគរយ។
សូមបញ្ជាក់ថា ចំណូលសរុបរយៈពេល៣ខែ ដែលប្រមូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណជិត ៣៦លានដុល្លារនេះ រដ្ឋាភិបាលនឹងឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ជា សរុប ១,៥៧៥,៨០០ដុល្លារអាមេរិក៕