បរាជ័យ គឺជាពាក្យមួយដែលមនុស្សគ្រប់រូបមិនចង់ដឹង មិនចង់លឺ ហើយក៏មិនចង់ជួបប្រទះនោះដែរ ប៉ុន្តែជីវិតរបស់មនុស្សយើងម្នាក់ៗគឺមិនអាចជៀសផុតបានពីកំហុស និងភាពបរាជ័យនោះឡើយ។ ប៉ុន្តែប្រសិនបើអ្នកចេះចាប់យកកំហុសដែលអ្នកបានឆ្លងកាត់នោះមកធ្វើជាបទពិសោធន៍ អ្នកនិងអាចរឹងមាំជាងមុន ហើយអ្នកក៏អាចដឹងច្បាស់ពីមធ្យោបាយនៅក្នុងការជំនះការលំបាក និងវិធីក្រោកឈរថ្មីមួយទៀតដែលអ្នកមិនធ្លាប់ជួបពីមុនមក។
លោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងថា “បរាជ័យម្តង ក្នុងជីវិត ធ្វើអោយយើងដឹងច្បាស់ពីវិធីក្រោកឈរថ្មីមួយទៀត។ ជាការពិតណាស់ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់នូវកំហុស និងភាពបរាជ័យ នោះអ្នកនិងអាចដឹងពីប្រភពនិងមូលហេតុ ក៏ដូចជាដើមចមនៃភាពបរាជ័យទាំងនោះ ហើយអ្នកក៏អាចរិះរកវិធី ដើម្បីដោះស្រាយ និងកែរតម្រូវស្ថានភាពទាំងនោះផងដែរ។
កំហុស និងភាពបរាជ័យ ដែលយើងធ្លាប់ជួបក្នុងពេលកន្លង និងកំពុងតែជួបប្រទះក្នុងពេលនេះ វាអាចជួយអោយយើងដឹងពីចំណុចខ្សោយ និងចំណុចខ្វះខាតរបស់យើងផងដែរ។ នៅពេលដែលយើងប្រឡូកនៅក្នុងសង្គមជីវិត និង សង្គមអាជីវកម្មកាន់តែច្រើននោះអ្នក និងទទួលបានបទពិសោធន៍យ៉ាងច្រើន និងប្លែកៗ ហើយនៅក្នុងនោះក៏មានលាយឡំគ្នាទៅដោយភាពជោគជ័យ និងភាពបរាជ័យផងដែរ។
ហើយអ្នកត្រូវចាំថានៅលើពិភពលោកយើងនេះបុគ្គលល្បីៗ មហាសេដ្ឋីក៏ដូចជាអ្នកប្រាជ្ញកំពូលៗ នៅលើពិភពលោកទាំងអស់ គឺពួកគាត់មិនខ្លាចនៅក្នុងការប្រឈមមុខជាមួយ និងភាពបរាជ័យនោះឡើយ។ ពីព្រោះថារាល់ភាពជោគជ័យទាំងអស់ គឺសុទ្ធតែកើតចេញពីបទពិសោធន៍ជីវិតលំបាកៗ និងចេញពីកំហុស ព្រមទាំងភាពបរាជ័យទាំងអស់។
ទោះបីជាបរាជ័យគឺជាមេរៀន និងជាបទពិសោធន៍ក៏ពិតមែនប៉ុន្តែអ្នកគួរតែមានការប្រុងប្រយ័ត្នផងដែរ នៅរាល់សកម្មភាព និងទង្វើរបស់អ្នកដើម្បីបញ្ចៀសកុំអោយមានកំហុស និងបញ្ហាកើតឡើង។ ព្រោះថារាល់កំហុស និងភាពបរាជ័យទាំងអស់គឺសុទ្ធតែមានផលអាក្រក់ និងធ្វើអោយអ្នកខាតបង់ទាំងកំលាំងកាយ ថវិការ និងពេលវេលាយ៉ាងច្រើនផងដែរ៕