ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១៥ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំកណ្តុរនៅសល់មិនដល់២សប្តាហ៍ទៀតទេនឹងឆ្លងចូលដល់ ខែ មេសាលោកអ្នកនឹងឆ្លងផុតដួងរាសីខែស្រុតចុះ ហើយឈានចូលដល់ខែដួងរាសីល្អប្រសើរឡើងវិញ។សម្រាប់ស្ត្រីអំឡុងពេលនេះដោយសារស្ថិតនៅក្នុងខែរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យជួបនូវបញ្ហាប្រទាំងប្រទើសច្រើន។ដោយឡែកនៅថ្ងៃនេះវិញ ដំណើរជីវិតរបស់លោកអ្នកក៏មានការរីកលូតលាស់សន្សឹមៗទៅមុខហើយកិច្ចការងារដែលបានបំពេញតែងជឿនលឿនគ្រាន់ពេញចិត្តផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ និង គ្រោះបាត់របស់របរណាមួយដោយសារការធ្វេសប្រហែស។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមានភាពប្រទាំងប្រទើសបន្តិច ហើយបើចេញដំណើរផ្លូវឆ្ងាយផងតែងលេចចេញនូវបាតុភាពមិនល្អយាយីច្រើន។ការប្រកបការងារបើជាកិច្ចការសំខាន់ ឬ ធំដុំផងឃើញថាតែងមិនសម្រេចជោគជ័យប៉ុន្មានទេ ហើយពិសេសអាចនឹងកើតរឿងរាវនាពេលក្រោយនាំពិបាកដោះស្រាយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខ និង មានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់ស្ត្រីកើតឆ្នាំខ្លានៅសប្តាហ៍នេះឃើញថាជួបនូវឧបទ្រពយាយីច្រើន បន្តិច ម្ល៉ោះហើយធ្វើឱ្យការរស់នៅជួបបាតុភាពមិនល្អកើតឡើងច្រើន។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ចាត់ចែងការងារតែងទទួលផ្លែផ្កាមកវិញដូចនេះជាទីពេញចិត្តផង។ការប្រកបការងារទោះធ្វើអ្វីក៏ដោយមានក្រុមមនុស្សតែងខ្លាចក្រែង និង អាណិតស្រឡាញ់ឡើងវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ច ហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក ហើយបើចង់ផ្សះផ្សាជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អវិញណាស់ ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅអំឡុងខែមីនានេះដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំទន្សាយល្អប្រសើរ ម្ល៉ោះហើយមិនថាកិច្ចការងារ បញ្ហាប្រាក់កាស មានការជឿនលឿនគ្រាន់កក់ក្តៅផ្លូវចិត្ត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ ពីព្រោះថាតែងឆ្លើយតបមកវិញជាលទ្ធផលគ្រាន់ជាទីកក់ក្តៅជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរថ្ងៃនេះដែរលោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយ ក្នុងនេះអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំរោង
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំរោងពិសេសស្ត្រីនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឆ្លងចូលខែថ្មីធ្វើឱ្យដំណើរជីវិតលែងសូវទទួលរងគ្រោះ និង ជួបផលលំបាកដូចខែនេះឡើយ។ឆ្លងដល់ខែក្រោយដំណើរជីវិតភ្លឺថ្លានិងធ្វើអ្វីក៏តែងសម្រេចជោគជ័យជាងនេះ។ដោយឡែកនៅថ្ងៃនេះវិញទោះប្រកបកិច្ចការអ្វីលោកអ្នកត្រូវធ្វើដោយសន្សឹមៗបានហើយ មិនអាចតក់ក្រហល់ឬធ្វើដោយចិត្តក្តៅបានទេបើពុំនោះនឹងជួបផលលំបាកណាមួយមកវិញពុំខាន។ក្រៅពីនេះការងារសំខាន់ៗលោកអ្នកមិនគប្បីបំពេញថ្ងៃនេះច្រើនពេកដែរព្រោះថាពុំសូវសមដូចប្រកបប៉ុន្មានឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើន ហើយបើចេះ ធ្វើគ ធ្វើថ្លង់ ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ ការរស់នៅបញ្ហាប្រាក់កាសមិនសូវចោទជាបញ្ហាខ្លាំងទេ ហើយបើមានការចង់ពឹងពាក់អ្នកដទៃក៏តែងគេជួយជ្រោមជ្រែងឥតសូវទើសទាល់ឡើយ។ការរស់នៅថ្ងៃនេះបើលោកអ្នកមានកិច្ចការត្រូវស្នើសុំឬជជែកគ្នាទុកជាមួយអ្នកដទៃ ហើយបើមានការឈ្មុសឈ្មុលតែងទទួលជោគជ័យជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការស្វែងរកផលកម្រៃទីជិតឆ្ងាយទោះជួបបញ្ហាលំបាកម្តេចម្តាតែយ៉ាងណាបើមានការខិតខំក៏អាចរកផលកម្រៃហូរចូលតក់ៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំង និង មានរឿងរាវចម្រូងចម្រាសគ្នាមិនតិចនោះឡើយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ឆ្លងចូលសប្តាហ៍ថ្មីនេះដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំសេះពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ជាងសប្តាហ៍កន្លងមកឡើយគឺមានលក្ខណៈប្រហាក់ប្រហែលគ្នា។ទាំងស្ត្រីបុរសគឺទទួលរងនឿយហត់និងបញ្ហាប្រាក់កាសបានហូរធ្លាយចេញច្រើន។ដោយឡែកនៅថ្ងៃនេះវិញដួងរាសីឡើងខ្ពស់ធ្វើឱ្យដំណើរជីវិតមានភាពរលូនល្អ ហើយការប្រកបការងារតែងមានក្រុមមនុស្សអាណិតស្រឡាញ់ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកកុំគប្បីមានអំនួតក្អេងក្អាងឱ្យសោះព្រោះទ្រព្យដែលបម្រុងរត់ចូលបែរជាអាចរត់ចេញទៅវិញទៀតផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយនិងផ្អែមដូចទឹកឃ្មុំ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និងជួបប្រទះនូវរឿងរាវស្មុគស្មាញច្រើននាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ ។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទដោយសារសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការដោយប្រការណាមួយ។ការប្រកបការងារ ទោះបីដំណើរជីវិតមិនល្អប្រសើរក្តី ប៉ុន្តែបើលោកអ្នកធ្វើដោយចិត្តត្រជាក់នោះតែងទទួលជោគជ័យផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និង ប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខនោះឡើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើជាបុរសដំណើរចាកចេញក្រៅផ្ទះលោកអ្នកពុំគប្បីសេពគប់ល្បែងស្រីស្រាឡើយពីព្រោះងាយជួបរឿងរាវអាក្រក់ណាស់។ការប្រកបការងារជួបបញ្ហាមួយចំនួនយាយីតែបើលោកអ្នកចេះដោះស្រាយនោះបញ្ហាអាក្រក់សោះនឹងប្រែជាល្អរកស្មានមិនដល់ទៀតផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬ ចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើន ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គល ហើយកើតតែរឿងមួម៉ៅក្តៅក្រហាយចូលជំនួសវិញ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះមិនថាការងារ ឬធ្វើអ្វីមួយមិនត្រូវមានចិត្តឆេវឆាវឡើយពីព្រោះថាផលមិនល្អនោះងាយកើតឡើងដែលពិបាកឆ្លងកាត់។ការសម្រេចចិត្តអ្វីមួយក៏ងាយបង្កកំហុសផងដែរគប្បីមានការប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើន ហើយបើមានបើករបរថ្មីៗផងតែងមិនសមដូចបំណងប៉ុន្មានទេ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំនៅក្នុងថ្ងៃនេះវិញមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានពីតិចតួចដល់វាយប្រតប់គ្នា ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំចត្រូវចេះត្រៀមចិត្តត្រៀមកាយពីព្រោះថារយៈពេល២ខែកន្លងមកពោលគឺខែកុម្ភៈនិងមីនានេះដួងរាសីខែខ្ពស់ត្រដែតធ្វើឱ្យជីវិតរបស់នៅល្អប្រសើរហើយបើជួបបញ្ហាលំបាកនោះក៏តិចតួចស្តួចស្តើងមិនច្រើនដែរ ។ទោះបីយ៉ាងណាឆ្លងដល់ខែក្រោយដួងរាសីបានធ្លាក់ស្រុតចុះខ្លាំងធ្វើឱ្យជីវិតប្រែប្រួលមកមិនល្អវិញ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីល្អប្រសើរហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារអ្វីមួយព្រោះថាតែងផ្តល់ជាផលមកវិញគ្រាន់កកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការទិញចូលលក់ចេញគ្រាន់បើដោយអាចរកផលកម្រៃខ្លះៗចូលផ្ទះសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងចេះអត់ឱនឱ្យគ្នាគាប់ប្រសើរគួរសម៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំជ្រូកនៅសល់មិនប៉ុន្មានថ្ងៃទៀតទេនឹងឆ្លងផុតខែមីនាដែលជាខែដួងរាសីឡើងខ្ពស់ ប៉ុន្តែឆ្លងដល់ខែមេសាដួងរាសីបានធ្លាក់ចុះមកត្រឹមកម្រិតមធ្យមវិញ។សម្រាប់ខែក្រោយនេះដែរបើទោះបីដួងរាសីធ្លាក់ចុះត្រឹមកម្រិតមធ្យមកវិញក៏ពុំមានអ្វីប៉ះទង្គិចនាំពិបាកច្រើននោះដែរ។ដោយឡែកនៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹងឆ្នាំងបាយមិនឱ្យស្ងួតអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណងជានិច្ច៕