តារាសម្តែង​ល្បីមួយ​រូប​លោក សាវិន  ហ្វីលីព បោះ​បង់ចោល​ប្រាក់ខែ​ជាង​៣ពាន់ដុល្លារ ទៅស្រវា​វិស័យអចលនទ្រព្យ

ពីអ្នកយួរវ៉ាលីតូចតាមឲ្យភ្ញៀវ ក្លាយជាអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ គ្រប់គ្រងរយៈពេល២៥ឆ្នាំ លោក សាវិន ហ្វីលីព បានថ្លែង​ប្រាប់ឲ្យដឹងថា លោកពិតជាហត់នឿយនឹងជីវិតច្រំដែលៗ ធ្វើការស្ទើរតែគ្មានពេលសម្រាក ហើយ​បើប្រហេសតែបន្តិច គេស្តីឲ្យបានគ្រប់ពេលវេលា។

ជើងចាស់ខាងវិស័យភាពយន្ត និងវិស័យសណ្ឋាគាររូបនេះ បន្ថែមថា ការដែលមានឋានៈល្អ មានកេរ្តិ៍ឈ្មោះ​បោះសម្លេងនៅក្នុងសង្គម មានប្រាក់ខែច្រើន ដែលអាចធ្វើឲ្យគ្រប់គ្នាស្រែកថា Wow វាមិនមែនជារឿងស្រួលដូចការគិតនោះទេ។ ដើម្បីឡើងដល់កន្លែងមួយនោះ លោកមានការតស៊ូ ជំនះឧបសគ្គជាច្រើន ដូចនេះ វាពិតជាពិបាកធ្វើចិត្តនៅពេលដែលយើងត្រូវបោះបង់វាចោល នៅពេលដែលលោកលាឈប់ មានមនុស្សជាច្រើនថា លោកឆ្គួតហើយ ដែលចោលប្រាក់ខែច្រើន​បែបនេះ។ ប៉ុន្តែចំពោះលោកគិតថា បើនៅតែបន្តបែបនេះ ជីវិតនឹងបានត្រឹមតែប៉ុណ្ណឹង។

លោកបានបន្តថា កាលពីលោកឈប់ធ្វើការ លោកពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំង ប៉ុន្តែលោកបានប្រាប់ខ្លួនឯងថា ទោះបីជាខ្លាច ឬបរាជ័យ តែលោកនៅតែជំនះ ព្រោះលោកគិតដា គ្មានអ្នកជោគជ័យលើពិភពលោកមួយណា ដែលមិនធ្លាប់បរាជ័យនោះដែរ។ ម្យ៉ាងវិញទៀត លោកមាន​វ័យ​​កាន់តែ​​ចាស់រីឯអាជីបជាអ្នក​​សិល្បៈ​ក៏​មិន​អាចនៅសូវ​​ស្ថិត​ស្ថេរ​ជារៀងរហូតដែរ ទើបលោកសម្រេចចិត្តឈានជើងចូលក្នុងវិស័យអចលនទ្រព្យពេញទំហឹង ខណៈឱកាសល្អមួយបានមកដល់។

តារា​សម្ដែង​ល្បី​ឈ្មោះ រូបនេះ បន្តទៀត​ថា​​ ការពិតទៅវិស័យអចលនទ្រព្យ លោកនិងគ្រួសារ បានចាប់ផ្តើមវិនិយោគជាយូរណាស់មកហើយ តែធ្វើជាលក្ខណៈតូចតាច ដោយការទិញលក់ ពីមួយកន្លែងទៅមួយកន្លែងទៀត ដើម្បីចំណេញ។ ប៉ុន្តែដោយមើលឃើញពីសក្តានុពលយូរអង្វែងក្នុងវិស័យនេះ ព្រមទាំងឱកាសបានហុចមកដល់លោកក៏បានចាប់ដៃគូរជាមួយ ក្រុមហ៊ុនវិនិយោគ Utrust Investment លើគម្រោងរីហ្សត៦៤ហិកតា នៅក្រោយផ្សារបាត់ដឹង​។

គួរជម្រាបផងដែរថា ក្រៅពីវិនិយោគក្នុងវិស័យអចលនទ្រព្យ លោកក៏ជាស្ថាបនិកនៃមូលនិធិចែករំលែកសេចក្ដីស្រលាញ់- Sharing Love Project ដែលតែង ​បរិច្ចាគ​អណ្តូង​ស្អាត​ចំនួនជាច្រើន ដល់ប្រជាជននៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយ​ជីវភាពរស់នៅសព្វថ្ងៃរបស់ប្រជាជនខ្មែរ៕