ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ២រោច​ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទោះ​មានរឿង​អ្វី​ក៏ដោយ​ចូរ​លោក​អ្នកចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់ ដាច់ខាត​មិនត្រូវ​តបត​ដោយ​កំហឹង​ទល់នឹង​កំហល់​ឡើយ ទើប​រឿង​តូច​មិន​ក្លាយជា​រឿង​ធំ​។​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន ឬ​រោងចក្រ​នានា ចូរ​កុំ​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ចៅហ្វាយនាយ​ឱ្យសោះ ។​ប្រយ័ត្ន​បាត់បង់​តួនាទី និង​កន្លែង​ការងារ​។​ចូរ​អ្នក​កុំ​រកបាន​ដោយ​តានតឹង តែ​ចាយ​ធូរ​ឱ្យសោះ​ប្រយ័ត្ន​ពេល​ខ្វះមុខខ្វះក្រោយ​មិន​ងាយ​រត់ទៅរក​គេ​សោះឡើយ​។​ គូស្នេហ៍​ប្រុស​ស្រី​កើត​មានការ​រកាំរកូស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ ដូច្នេះ​លោកអ្នក​ត្រូវ​ចេះ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន​។​ការប្រកប​ការងារ​ចូរ​កុំ​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់​បានឱ្យ​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​សម្រាប់​មុខ​ជំនួញ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​លំដាប់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​គឺ​ប្រៀបដូចជា​ដាក់ចុះ​ដុះ​តាម​ដៃ​ដូច្នេះ​ដែរ​។​ ចំពោះ​គូ​ស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​គ្រាន់​គាប់ប្រសើរ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ដែល​ធ្វើឱ្យ​លេចចេញ​ជា​បាតុភាព​ច្រើន​បន្តិច​ពិសេស​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ចូរ​ចេះ​ធ្វើ​ដោយ​សន្សឹមៗ​កុំ​បំបោល​ទើប​អាច​ឈានដល់​គោលដៅ​បាន​។​លោកអ្នក​អាច​ជួប​គូប្រជែង​ចេញមក​តតាំង ដូច្នេះ​ត្រូវ​ត្រៀម​រៀបចំ​ជើង​ព្រួល​ទុក​សម្រាប់​ទប់ទល់​ជាមុន​ទើប​មិន​បរាជ័យ​។​ ក្នុង​ពេលនេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​ចំណង​ស្នេហ៍​អាច​គង់វង្ស​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ទៅ​ចូលរួម​ពិធី​អ្វីមួយ ឬ​ជួប​អ្នកតូច​អ្នកធំ ចូរ​ចេះ​រៀបចំ​ឬ​ក​មារយាទ​ឱ្យបាន​ថ្លៃថ្នូរ​ទើប​មិន​អាប់ឱន​កិត្តិយស ឬ​ខាត​ប្រយោជន៍​អ្វីមួយ​មកវិញ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​នានា​បាន​សាបរលាប​បាត់ស្រមោល​អស់រលីង​ទៅវិញ​នោះ ទើប​លោកអ្នក​រស់នៅ​ប្រកបដោយ​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ និង បើ​ចង់​ផ្តើម​ការងារ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​និង​អាច​កើប​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ចូរ​ចេះ​សម្លឹង​ឱ្យ​ឆ្ងាយ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ពេលវេលា​ឡើយ ពិសេស​ត្រូវ​ចេះ​ងើបឡើង​បន្តការងារ​ទើប​អ្វីៗ​នឹង​ចម្រុងចម្រើន​ឡើងវិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន​បន្តិច ហើយ​ក្រុមមនុស្ស​ក៏​ទម្លាក់​បញ្ហា​ឱ្យ​ច្រើន​នាំ​ពិបាក​រែកពន់​ដែរ​។​ការធ្វើ​ជំនួញ​ទោះ​ជួប​បញ្ហា​ខ្លះៗ​យាយី​តែ​លោកអ្នក​ក៏​នៅ អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ ​ ​សេចក្តី ស្នេហា​ស្វាមីភរិយា​ជួប​លើ​បញ្ហា​រកាំរកូស និង​មានការ​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ឃើញថា​ផ្តល់​ផល​ល្អ​ច្រើន​បន្តិច​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​ ចំពោះ​គូ​ស្នេហា​ដែល​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ក្នុង​រយៈពេល​នេះ​អាច​ពិគ្រោះ​ពិភាក្សា​រឿង​រៀប​អាពាហ៍ពិពាហ៍​បាន​ហើយ​៕

​ឆ្នាំវក​

រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ជាពិសេស​ចំពោះ​អ្នក​ដែល​ប្រកបការងារ​នៅ​ទី​ខ្ពស់ៗ​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​គ្រោះ​រអិល របូតដៃជើង​នាំឱ្យ​រងរបួស​ឬ​រហូតដល់​អាច​ក្ស័យ​អាយុសង្ខារ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។ រីឯ​សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ អាពាហ៍ពិពាហ៍​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​អត់ធ្មត់ និង ដោះស្រាយ​រឿង​រាវ​ដែល​កើតឡើង​ដោយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម​ល្អប្រសើរ ហើយ​រាល់​កិច្ចការ​អ្វី​ក៏​លូតលាស់​ឈាន​ទៅមុខ​គួរសម​ដែរ​។​នៅថ្ងៃនេះ​យីអ៊ុន​ងើបឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​ក្នុងការ​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តោង​តែ​ចងចាំ​ថា កុំ​រកបាន​ដោយ​តានតឹង តែ​ចាយ​ធូរ​ឱ្យសោះ​ប្រយ័ត្ន​ជួប​បញ្ហា​ខ្វះ​ថវិការ​ទៅ​ពឹងពាក់​អ្នកដទៃ​គេ​ប្រមាថមើលងាយ និង​ស្រួល​មិន​ស្រួល​កើតជា​ទំនាស់​វិវាទ​ថែមទៀត​។​ការប្រកប​ការងារ បើ​លោក​អ្នកមាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕