ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​តោង​តែ​ចងចាំ​ពាក្យចាស់​ថា​”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​”​ទុក​ក្នុង​ខ្លួន​ពីព្រោះថា​គ្មានអ្វី​ដែលមាន​តម្លៃ​ស្មើ​សេចក្តីសុខ​នោះឡើយ​។​ការប្រកប​ការងារ​ទោះ​ជាមាន​បញ្ហា​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​ទើប​ជាការ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនគួរ​ទុកចិត្ត​អតិថិជន​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​តោះតើយ​និង​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​មាន​បញ្ហា​ខ្លះៗ​ចូល​យាយី ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​ទើប​ពុំ​មានរឿង​រាវ​អាក្រក់ កើតមានឡើង​។​ការប្រកប​ការងារ​តែង​លេចចេញ​នូវ​បាតុភាព​មិនល្អ និង​មានការ​រិះគន់​ពី​អ្នកដទៃ​ផង​ដូចនេះ​គប្បី​អត់ធ្មត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំរកូស​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​៕

​ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំ​ខ្លា​នៅពេលនេះ​ជិត​ឆ្លង​ផុត​ដួង​រាសី​ស្រុតចុះ​ខ្លាំង​ហើយ​។​នៅក្នុង​អំឡុងពេល​នេះដែ​រលោក​អ្នក​នៅ​ជួប​នូវ​ព្យុះ​បញ្ហា​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​។​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ធ្វើ​អ្វីមួយ​បាន​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​គាប់​ដូច​បំណង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​ទាំង​ខ្លួនឯង និង អ្នកដទៃ​។​ក្រៅពីនេះ លោកអ្នក ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំនោះ​ទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​ដោយឡែក​សម្រាប់​កិច្ចការងារ​តូចធំ​ក៏​តែង​ពុំ​សម្រេច​ដូច​ក្តី​បំណង​ប៉ង​ទុក​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​អ្នក​កើត​ឆ្នាំម្សាញ់​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​មិន​មក​យាយី​នាំ​ជួប​ការលំបាក​ទៀត​ទេ ហើយ​ដំណើរ​ជីវិត​ក៏មាន​ភាពរលូន​ល្អ​គួរសម​ឡើងវិញ​។​ការប្រកប​ការងារ​ឃើញ​ថាបើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង អ្វីមួយ​ពីព្រោះថា​ផ្តល់​ផល​ល្អ​ដូច​សព្វមួយដង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខាន់​ឬ​ភារៈ​ធំៗ​ពីព្រោះថា​តែង​ឆ្លើយ​ត​នូវ​ផ្លែផ្កា​គ្រាន់​គាប់​ដូច​បំណង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​
អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ​គួរសម និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក មិន​ត្រូវមាន​ក្តីសង្ឃឹម​ឱ្យ​ខ្លាំងក្លា​ពេក​ដែរ ព្រោះថា​ផល​អាក្រក់ៗ​នោះ​ក៏មាន​តាម​ជាប់​មួយចំនួន​ដែល​ត្រូវ​ពិបាក​ឆ្លងកាត់​ផង​។​ក្នុងពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិច​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើន តែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យមាន​ការប្រែប្រួល​ទាំង​ខាង​អារម្មណ៍ និង​កិច្ចការងារ​មួយចំនួន​។​ការប្រកប​ការងារ​តែង​មាន​បញ្ហា​រាំងស្ទះ ហើយ​ពិសេស​អាចមាន​ទាស់សម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​បន្តិចបន្តួច​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បង្ក​ការ​ថ្នាំងថ្នាក់ និង មានការ​នឿយណាយ​ផ្លូវចិត្ត​ច្រើន​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់​ខែកញ្ញា​ខាងមុខ​នៅមាន​កិច្ចការងារ​ច្រើន​ទៀត​កំពុង​រង់​ចាំំ​។​បើ​លោកអ្នក​មានការ​សម្រុក​ការងារ​ទោះ​តូចធំ​បាន​ពេញ​ទីនោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​តែង​ឆាប់រហ័ស​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕