មិនអាចបន្តទៀតបាន អ្នកនាង Pinky Savika និយាយពីមូលហេតុ សុខចិត្តដើរចេញពីស្វាមីហៃសូ បោះចោលបណ្ណាការ ៣០០ លានបាត

អាចនិយាយបានថា ជីវិតការនៅលីវគឺជាសុភមង្គលណាស់ មិនចាប់អារម្មណ៍នឹងរឿងស្នេហាហើយងាកទៅរកការសម្តែងយ៉ាងពេញលេញ សម្រាប់តារាសម្តែងស្រីដ៏ស្រស់ស្អាត Pinky Savika បន្ទាប់ពីចែកផ្លូវជាមួយអតីតស្វាមីរបស់នាង គឺលោក Petch Itthi Chavalithamrong បុរសអ្នកមានមុខមាត់នៅប៉ាតាយ៉ា ជាម្ចាស់អចលនទ្រព្យធំ ។

ទន្ទឹមនឹងនោះ អ្នកនាង Pinky ក៏បានចេញមកប្រាប់អំពីមូលហេតុ ដែលធ្វើឱ្យនាងសម្រេចចិត្តចាកចេញពីជីវិតគូ មករស់នៅម្នាក់ឯងបញ្ចប់ជីវិតស្នេហារបស់ខ្លួនយ៉ាងសាមញ្ញ ។

After Footer (Active) - damrei Mr1 Zone2

អ្នកនាងបានលើកឡើងពីហេតុផលនៃការបែកបាក់នេះថា វាកើតចេញពីការខ្វែងគំនិតគ្នា មិនមែនមានអ្នកទី ៣ អ្វីទេ ។ កាលគ្រារៀបការហើយ អ្នកនាងមានបំណងចូលនិវត្តន៍ពីវិស័យសិល្បៈ ដើម្បីក្លាយជាអ្នកគ្រប់គ្រងពេញតួដើម្បីជួយការងាររបស់ប្តី និងថែរក្សាអាជីវកម្មជាច្រើន។

ដែលទាំងនេះ គឺជាអ្វីដែលនាងមិនជំនាញទាល់តែសោះ ដោយសារតែកន្លងមកនាងមានអាជីពជាតារាសម្តែង ពេលនោះអ្នកនាងបានព្យាយាមអស់ពីសមត្ថភាព តែក្រោយមកអ្នកនាងមានអារម្មណ៍ថា ពិតជាមិនអាចធ្វើបានមែន ។

ហេតុនេះហើយ អ្នកនាងក៏ចាប់ផ្តើមសុំត្រលប់មកចូលសិល្បៈវិញ ប៉ុន្តែអតីតស្វាមីបានបដិសេធមិនយល់ស្រប ។

បង្កឲ្យមានបញ្ហាប្រមូលផ្តុំនៅក្នុងចិត្ត រវាងគ្មាទៅវិញទៅមក រហូតធ្វើឱ្យរៀងខ្លួនៗមានការធុញទ្រាន់ក្នុងជីវិតអាពាហ៍ពិពាហ៍ ទន្ទឹមនឹងនោះអ្នកទាំងពីរបានព្យាយាមសម្របខ្លួនជាមួយគ្នា តែនៅតែមិនអាចត្រកងជីវិតគូទៅមុខទៀតបាន ទើបសម្រេចចិត្តចែកផ្លូវគ្នាតែម្តង ។

អ្នកនាងបានបន្ថែមថា នៅថ្ងៃចេញពីផ្ទះរបស់អតីតស្វាមី អ្នកនាងបានចេញមកតែខ្លួនមិនបានយករបស់របរអ្វីមកទាំងអស់ សូម្បីតែថ្លៃបណ្ណាការចំនួន ៣០០ លានបាត (ជិត ៩ លានដុល្លារ) ក៏ប្រគល់ជូនអតីតស្វាមីវិញដែរ។  អ្នកនាងថាអារម្មណ៍របស់នាងចំពោះអតីតស្វាមីរបស់នាងនៅតែដដែល ព្រោះគាត់តែងតែល្អចំពោះនាងមករហូត ។

ប៉ុន្តែដោយមានបញ្ហាដែលធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគ្នាទៅវិញទៅមក ហើយមិនអាចវិលត្រឡប់ទៅរកសភាពដើមដូចមុនបាន គ្មានផ្លូវអ្វីជ្រើសរើសក្រៅបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ក្រោយពីរស់ជាមួយគ្នាបានតែបីឆ្នាំប៉ុណ្ណោះ ។ អ្នកនាងបានសារភាពថា ទោះបីជាខ្ញុំមានអារម្មណ៍មិនល្អក៏ដោយ ប៉ុន្តែជីវិតត្រូវតែបន្តទៅមុខ ។

អ្នកនាងបានចាត់ទុកអតីតកាលជាមេរៀនក្នុងជីវិត ហើយតាំងចិត្តបន្តការងារនៅក្នុងវិស័យសិល្បៈ មិនខ្វល់ពីស្នេហាម្តងទៀតឡើយ ៕

ប្រភព៖ Siam