នៅចាំគាត់បានទេ? តួឯកប្រុសរូបសង្ហាជំនាន់ឆ្នាំ ២០០៤ ក្រាយបាត់មុខពីសិល្បៈឈឹងសូន្យ ពេលនេះជីវិតគាត់ប្រែជាបែបនេះហើយ (មានវីដេអូ)

សម្រាប់ប្រិយមិត្តដែលស្នេហាវិស័យភាពយន្តថៃ បងប្អូនច្បាស់ជានៅចាំអតីតតួឯកប្រុសល្បីឈ្មោះ Stephan Salamone ឬ Thasit Sinkhanawiwat រូបនេះបានហើយ ។

គាត់ជាតារាសម្តែងប្រុស ដែលមានដើមកំណើតថៃកាត់អ៊ីតាលី មុនពេលចូលសិល្បៈគាត់ត្រូវបានគេទាក់ទងឱ្យថតរូបឈុតហែលទឹក ប៉ុន្តែមិនបានទៅថតទេ ។

តែឱកាសដែលធ្វើឲ្យគាត់បានឈានជើងចូលសិល្បៈ គឺតាមរយៈការដើរម៉ូត បន្ទាប់មកគាត់ក៏បានបង្ហាញមុខនៅក្នុងរឿង Mong Daeng ។ ដោយសារទេពកោសល្យសម្តែង និងរូបរាងសង្ហារបស់គាត់ ធ្វើឱ្យលោក Stephan ត្រូវបានទស្សនិកជនចាប់អារម្មណ៍យ៉ាងទូលំទូលាយ ។

ក្នុងអំឡុងឆ្នាំ ២០០៤ លោក Stephan ពិតជាមមាញឹកខ្លាំងណាស់ ទាំងការថតភាពយន្ត និងថតម៉ូត លុះដល់ឆ្នាំ ២០១៣ លោកក៏ចាប់ផ្តើមបាត់វត្តមានបន្តិចម្ដងៗ ពីវិស័យសិល្បៈទៅ ។

បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ លោកបានក្លាយខ្លួនគាត់ទៅជាម្ចាស់អាជីវកម្ម និងជាអ្នកស្ទ្រីមហ្គេម ក៏ដូចជាយូធូបបឺរទោះបីលុយមិនច្រើនក៏ដោយ ប៉ុន្តែលោកសប្បាយចិត្តនឹងអ្វីដែលលោកកំពុងធ្វើ។

មានពេលមួយនោះ លោក Stephan បាននិយាយអំពីមូលហេតុនៃការចាកចេញពីវិស័យសិល្បៈថា គាត់ដឹងថាគាត់ជាមនុស្សម្នាក់ដែលមានពិភពផ្ទាល់ខ្លួនខ្ពស់ ហើយមានអារម្មណ៍ធុញទ្រាន់នឹងការងារនៅក្នុងវិស័យសិល្បៈ ។ ជាពិសេសគាត់ធុញថប់ និងត្រូវបានមនុស្សនៅក្នុងសង្គមវិនិច្ឆ័យ ធ្វើឱ្យគាត់មិនសប្បាយចិត្តនឹងការក្លាយជាតារាសម្តែងឡើយ ។

ហើយមូលហេតុមួយទៀត គឺដោយសារតែម្តាយគាត់ឈឺធ្ងន់កាលពីប៉ុន្មានឆ្នាំមុន ដូច្នេះគាត់ក៏ចង់ចេញមកក្រៅដើម្បីមើលថែម្តាយ ហើយចង់នៅជាមួយម្តាយឲ្យបានច្រើនបំផុត ព្រោះគ្រប់ពេលគាត់ធ្វើការនៅក្នុងវិស័យសិល្បៈ គាត់កម្រមានថ្ងៃឈប់សម្រាកដើម្បីនៅជាមួយគ្រួសារណាស់។

ដោយឡែក កាលពីប៉ុន្មានឆ្នាំមុននេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញរូបភាពរបស់គាត់ នៅក្នុងសភាពខុសប្លែកពីសម័យប្រឡូកក្នុងវិស័យសិល្បៈខ្លាំង ដោយលោកឡើងគីឡូច្រើនដល់ទៅជាង ១០ គីឡូឯណោះ ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភថា គាត់ហាក់មិនបានមើលថែរក្សាខ្លួនឯងសោះ ។

តែស្រាប់តែថ្មីៗនេះ លោក Stephan បានត្រលប់មកមានរាងហ្វីត និងសង្ហាជាងមុនបន្ទាប់ពីលោកចាប់ផ្ដើមយកចិត្តទុកដាក់ថែរក្សាខ្លួនឯងវិញ ។

បច្ចុប្បន្ននេះលោក Stephan មានសេចក្ដីសុខក្នុងនាមជាបុគ្គលសាមញ្ញធម្មតា រស់យ៉ាងមានសុភមង្គលជាមួយមិត្តស្រីក្រៅរង្វង់សិល្បៈរបស់គាត់មានឈ្មោះថា Yadadear ៕

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាពបច្ចុប្បន្ន៖

ប្រភព៖ Wiki, Kapook, Thairath