ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះឆ្លងចូលខែវិច្ឆិកាដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងប្រសើរជាងខែកន្លងមកដែរ។លោកអ្នកមិនគប្បីទុកចិត្តក្រុមមនុស្ស ពេកប្រយ័ត្ន ដូចពាក្យ ចាស់ ថា” ស្គាល់មុខតែមិនស្គាល់ចិត្ត ”។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំពុំសូវជឿនលឿនទៅមុខ ហើយអ្នកដទៃក៏តែងសម្លឹងក្នុងផ្លូវអាក្រក់ច្រើន៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំគោនៅថ្ងៃនេះឆ្លងចូលខែថ្មីដួងរាសីខែរបស់លោកអ្នកត្រឹមកម្រិតល្អជាមធ្យម ម្ល៉ោះហើយរាល់បញ្ហាចង្រៃឧបទ្រពនិងរឿងរាវមិនល្អមួយចំនួនក៏បានចាកចេញឆ្ងាយពីខ្លួនអ្នកដែរ។បើទោះប្រកបការងារអ្វីក៏ដោយក៏មិនត្រូវធ្វេសប្រហែសបានដែរជាពិសេសមុនទទួលពាក្យសម្តីឬចុះហត្ថលេខាអ្វីត្រូវប្រយ័ត្នប្រយែងក្រែងភ្លាំងភ្លាត់មានតែបញ្ហារត់ចូលនាំពិបាកទប់ទល់។អ្នកប្រកបរបររកស៊ីជួញដូរនាថ្ងៃនេះពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំង និង មិនសូវចេះទប់សម្តីឡើយបើមិនចេះកែប្រែ និង ចេះអត់ឱនឱ្យគ្នាទេជម្លោះនឹងកើតឡើងទៀតជាក់ជាពុំខាន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំខ្លាឈានចូលខែថ្មីនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរ ហើយចង់ធ្វើអ្វីឬចង់ដោះស្រាយអ្វីក៏តែងទទួលនូវផលជាផ្លែផ្កាគ្រាន់ជាទីគាប់បំណងជានិច្ច ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោម ហើយភាពចម្រើនលូតលាស់បានចូលមកវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ឆ្លងចូលខែថ្មីនេះបុរសកើតឆ្នាំទន្សាយបានរួចផុតពីគ្រោះយាយី ហើយបញ្ហាកិច្ចការងារ ប្រាក់កាស និង រឿងផ្ទាល់ខ្លួនក៏ត្រឡប់មកល្អប្រសើរឡើងជាងមុនដែរ។ការប្រកបការងារពុំសូវល្អក្នុងការធ្វើដំណើរផ្លូវឆ្ងាយពិសេសងាយមានបញ្ហាជាមួយអ្នកដទៃជាងសព្វមួយដង។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញ ហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅផ្លូវចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំជួបបញ្ហាប្រឆាំងនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរោង
រាសីស្រុតចុះ។បុរសកើតឆ្នាំរោងឆ្លងចូលខែវិច្ឆិកានេះដំណើរជីវិតរបស់លោកអ្នកបានចាកផុតពីគ្រោះយាយី ហើយខែថ្មីនេះធ្វើអ្វីក៏តែងមានជោគមានជ័យច្រើនចំពោះមុខ។ការប្រកបការងារនៅក្នុងនេះវិញឃើញថាពុំសូវលូតលាស់ទេ ហើយកិច្ចការមួយចំនួនធ្វើពុំបានផលថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។ សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំម្សាញ់ឆ្លងចូលខែថ្មីនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយអ្វីៗដែលត្រូវប្រយ័ត្ននោះគឺ ការមានទំនាស់ជាមួយមនុស្សក្បែរខ្លួន បញ្ហាប្រាក់កាសមានការយឺតយូរ ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នបញ្ហាសុខភាព។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ឆ្លងចូលខែថ្មីនេះដំណើរជីវិតរបស់លោកអ្នកបានធ្លាក់ស្រុតចុះជាងខែតុលា ហើយបើធ្វើអ្វីត្រូវចេះពិនិត្យពិច័យបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង។ការប្រកបការងារនៅថ្ងៃនេះឃើញថាក្រុមមិត្តភក្តិរួមការងារតែងកើតការកេងប្រវ័ញ្ចកម្លាំងការងារបន្តិច ប៉ុន្តែយ៉ាងណាក៏មានភាពសុខដុមគួរសម ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បណ្តាក់ទុនរយះពេលខ្លីៗឃើញថាមិនទាស់ខុសអ្វីទេព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំពពែឆ្លងចូលខែវិច្ឆិកានេះដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរវិញ ម្ល៉ោះហើយទោះធ្វើអ្វីតែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។នាពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការ និងព្យាយាមអត់ធ្មត់ពីព្រោះថាផលតែង ឆ្លើយតបមិនថាពេលនេះឬពេលក្រោយផង។ ដោយឡែកសម្រាប់ការជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕
ឆ្នាំវក
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំស្វាឆ្លងចូលខែថ្មីដែលជាខែវិច្ឆិកានេះដួងរាសីបានធ្លាក់ស្រុតចុះ ហេតុនេះទោះធ្វើអ្វីតោងតែប្រយ័ត្នប្រយែងនិងចេះមើលមុខក្រោយទើបគ្មានផលប៉ះទង្គិចកើតឡើង ។ក្នុងថ្ងៃនេះវិញការប្រកបការងារមិនត្រូវបង្កថ្នាំងថ្នាក់ជាមួយអ្នកដទៃឡើយបើពុំនោះចូរប្រយ័ត្នរឿងតូចតាចសោះប្រែជារីកធំនៅថ្ងៃខាងមុខ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ឆ្លងចូលខែថ្មីដែលជាខែវិច្ឆិកានេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អជាមធ្យម ម្ល៉ោះហើយទោះប្រកបកិច្ចការងារអ្វីតែងលូតលាស់សន្សឹមៗទៅមុខជានិច្ច។ទោះបីយ៉ាងណាថ្ងៃនេះដួងរាសីខ្ពស់ត្រដែតធ្វើឱ្យការប្រកបការងារមានការជឿនលឿននិងពិសេសក្រុមមនុស្សតែងជួយដល់លោកអ្នកច្រើនផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ឆ្លងចូលខែថ្មីនេះលោកអ្នកគប្បីសម្រុកកិច្ចការងារនិងពង្រឹងមុខរបររកស៊ីជួញដូរពីព្រោះថាផ្លែផ្កាតែងហុចមកវិញគ្រាន់គាប់បំណងជានិច្ច។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយការប្រកបកិច្ចការអ្វីភ្លឺថ្លា ហើយធ្វើអ្វីឃើញថាជឿនលឿននិងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខល្អ ហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អប្រពៃបំផុត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខនិងបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅខែតុលាកន្លងមកបុរសកើតឆ្នាំជ្រូកជួបគ្រោះយាយីប៉ុន្តែឆ្លងចូលខែវិច្ឆិកានេះដំណើរជីវិតរបស់លោកអ្នកបានចាប់ផ្តើមភ្លឺថ្លានិងធ្វើអ្វីគ្រាន់គាប់ប្រសើរជាមុនដែរ។ដោយឡែកនៅថ្ងៃនេះវិញលោកអ្នកប្រកបកិច្ចការងារអ្វីបើមានការតាំងចិត្តល្អនោះឃើញថាតែងហុចផលល្អៗមកវិញច្រើនជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាផ្តល់ផលល្អច្រើនជាង។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្ពក្នុងការស្វែងរកហើយ៕