ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​បើទោះបី​ដួង​រាសី​ខែវិច្ឆិកា​នេះ​ល្អប្រសើរ​ក្តី ប៉ុន្តែ​អំឡុងពេល​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង មិនត្រូវ​សង្ឃឹម​ទៅលើ​អ្វី​ពេក​ដែរ​ពីព្រោះថា​ឧបសគ្គ​មួយចំនួន​នៅតែ​រារាំង​នៅឡើយ​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។ គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ផ្លុំ​ត្រចៀក​បង្ក​ជា​ទំនាស់​កើតឡើង ៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ និង​ក៏​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ច្រើន​ដែរ​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​ដោយសារ​មាត់​ណាស់ ។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ តែ​ងាយ​ថយក្រោយ​ពិសេស​ការកើត​ជម្លោះ​វិវាទ​ក៏​ងាយ​កើតឡើង​ផង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង​ការដែល​លោកអ្នក​សម្រុក​រឿង​ប្រាក់​កាស ឬ​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ ។​ការប្រកប​ការងារ​ប្រចាំថ្ងៃ​វិញ​ឃើញថា​រឿង​រាវ​អាក្រក់​បាន​រត់ចេញ​ឬ​ហោះ​រំលង ហើយ​ផល​ល្អ​នឹង​ចូលមក​ជំនួស​វិញ​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ទំនាក់ទំនង​មុខរបរ​អ្វីមួយ​អាច​ហុច​លទ្ធផល​គ្រាន់បើ​ជាង​មុន ប៉ុន្តែ​យ៉ាងណា​ចំណូល​កុំ​រំពឹង​ពេក​ព្រោះ​នៅតែ​ចោទ​ជា​បញ្ហា​ដដែល​ទេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​រីកលូតលាស់​ទៅមុខ​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​មិនល្អ​ចូល​យាយី​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​កុំ​សង្ឃឹម​ពេក​ពីព្រោះថា​ពុំ​ឆ្លើយតប​ដូច​គាប់​បំណង​នោះឡើយ និង​អ្នក​ខ្លះទៀត​តែង​ជួប​ស្ថានភាព​លំបាក​រក​ស្រាយ​មិន​ចេញ​ផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ឱ្យ​ប្រយ័ត្ន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោកអ្នក​ប៉ងប្រាថ្នា​អ្វីមួយ​ធំ​គឺ​ពុំ​សូវ​ឆ្លើយតប​ដូច​គាប់​បំណង​ទេ ប៉ុន្តែ​បើជា​ការប៉ង​ធ្វើ​អ្វីដែល​តិចតួច​នោះ​លទ្ធផល​ត្រឡប់​បែរជា​ទទួលបាន​គ្រាន់​ស្រួល​ផ្លូវចិត្ត​វិញ ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​កុំ​សូវ​ឈោង​ចាប់​កិច្ចការ​ធំ​ពេក​ពោលគឺ​យក​ល្អ​គប្បី​ធ្វើ​កម្រិត​កិច្ចការ​ប្រចាំថ្ងៃ​បាន​ហើយ ។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​អ្វីដែល​មិនទាន់​មកដល់ ឬ​មិនទាន់​ឃើញ​មិនត្រូវ​ព្រួយបារម្ភ​ឬ​អស់សង្ឃឹម​ពេក​ឡើយ​ពីព្រោះថា​រឿង​រាវ​ខ្លះ​អាក្រក់​ក៏​អាច​ប្រែជា​ល្អ​វិញ​ដែរ​។​ការប្រកប​ការងារ លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ​ព្រោះ​ក្រុមមនុស្ស​អាក្រក់​តាម​យាយី​នោះ​ក៏មាន​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ ហើយ​នាំ​ជីវិត​មិន​ភ្លឺស្វាង​តាម​អ្វីដែល​ជីវិត​ខ្លួន​ត្រូវមាន​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​រាល់​ចង្រៃឧបទ្រព​បាន​សាបរលាប ម្ល៉ោះហើយ​ដំណើរ​ជីវិត​របស់​លោកអ្នក​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក សម្រេចចិត្ត​អ្វីមួយ​គឺ​តែង តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​នាពេល​ក្រោយ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ចូល​យាយី​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​គឺមាន​សភាព​រលូន​ល្អ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ​ឬក៏​ជួបពិភាក្សា​រឿង​អ្វីមួយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​នាពេល​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​ផល​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា ម្ល៉ោះហើយ​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​ការធ្វើដំណើរ​ទាំង​ផ្លូវ​ឆ្ងាយ​និង​ផ្លូវ​ជិត​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ងាយ​ធ្លាក់ខ្លួន​ចូលក្នុង​រឿង​ទំនាស់​អ្វីមួយ​ណាស់ ហេតុនេះ​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ត្រជាក់​និង​ធ្វើ​រឿង​ធំ​ឱ្យទៅជា​តូច ទើប​ជាការ​ល្អ​បំផុត​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ឡើយ ពី​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​លោកអ្នក​ជួបពិភាក្សា​ឬ​ចង់​ដោះស្រាយ​អ្វីមួយ​គឺ​តែង​ទទួល​ផ្លែផ្កា​គ្រាន់​គាប់​បំណង​ជានិច្ច​។​ការប្រកប​ការងារ​តែង​ជឿនលឿន និង​បើ​ចង់​ដាក់ពាក្យ​ធ្វើការ​ទីកន្លែង​ណាមួយ​ក៏​ជា​ពេលវេលា​មួយ​ល្អ​ណាស់ដែរ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាព​ប្រពៃ​ណាស់​។ ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវមាន​ភាព​ឧស្សាហ៍​ដាក់ខ្លួន ហើយ​ត្រូវ​ចេះ​យកចិត្ត​ក្រុមមនុស្ស​បន្តិច​ទើប​ទទួលលទ្ធផល​អ្វីមួយ​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕