ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ថ្ងៃនេះរឿងរាវខ្លះពិសេសរឿងអ្នកដទៃលោកអ្នកត្រូវស្តាប់ដោយត្រចៀកបានហើយ ដោយមិនត្រូវថែមថយក្លែមពាក្យសម្តី ឬចូលរួមផ្តល់យោបល់ច្រើនឡើយនាំត្រូវគេសម្អប់នាពេលក្រោយប៉ុណ្ណោះ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះផុយស្រួយកើតជាជម្លោះវិវាទជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ការប្រកបការងារលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានឡើយ។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ បញ្ហាស្នេហា៖បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកមានការរីកចម្រើនច្រើនរឿងមិនថាជាកិច្ចការក្នុងផ្ទះសម្បែងឬបញ្ហាប្រាក់កាសឡើយ។នៅថ្ងៃនេះមិនថាជាការងារឬបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នរអិលខ្លួនធ្លាក់ក្នុងគ្រោះចាញ់បោកគេដោយប្រការណាមួយពិសេសបញ្ហា ទំនិញ ដីធ្លីផ្ទះសម្បែងជាដើម។ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើហាងថ្មីឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំពិសេសស្ត្រីមិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកជួបបញ្ហារកាំចិត្ត ម្ល៉ោះហើយគប្បីចេះទប់ចិត្តសង្កត់អារម្មណ៍ទើបគ្មានបញ្ហាជម្លោះវិវាទណាមួយកើតឡើង។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះ ហើយមិនត្រូវយករឿងអ្នកដទៃដែលគ្មានប្រយោជន៍មកទុកដាក់ក្នុងខ្លួនច្រើននោះឡើយនាំកើតរឿងរាវតប់ប្រម៉ល់ឥតឈប់ឈរ។អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់គ្រាន់ចាយវាយប៉ុណ្ណោះ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការអស់សង្ឃឹមដោយក្តីរុញរាច្រើនដោយសារម្នាក់ៗមិនសូវផ្តល់ការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានឡើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលផលល្អសម្រាប់លោកអ្នកធ្វើអាជីវិកម្មនៅវេលាម៉ោង១២,០០-១,៥៩វិនាទីរសៀលទេស។សម្រាប់ពេលវេលាម៉ោង៨,០០-៩,៥៩វិនាទីអាចធ្វើអ្វីបានតែក៏ត្រូវប្រយ័ត្នប្រយែងបន្តិច ។ការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ដែរ។ សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ចំណែកឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ថ្ងៃនេះគឺតែងផ្តល់ផលល្អសម្រាប់លោកអ្នកប្រាស្រ័យ ទាក់ទងនឹងប្រាក់កាសឬដោះស្រាយបញ្ហាអ្វី មួយពីព្រោះថាតែងទទួលជោគជ័យត្រឡប់មកវិញ។ការប្រកបការងារវិញលោកអ្នកត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។ក្រៅពីនេះចំពោះតួនាទីការងារក៏អាចត្រូវបានគេមើលឃើញនិងអាចត្រូវតំណើងតំណែងផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។លោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្ត និងបើចង់ធ្វើអ្វីតែងឆ្លើយតបជាផលគ្រាន់គាប់បំណង។ថ្ងៃនេះការប្រកបការងារមានការជម្រើនលូតលាស់ និង ពិសេសអាចទទួលអំណោយអ្វីមួយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។បញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយហើយ៕
ឆ្នាំវក
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំស្វានៅថ្ងៃនេះឱ្យប្រយ័ត្នពេលវេលាម៉ោង ៩,០០-១០,៥៩វិនាទីពីព្រោះថាងាយជួបនូវឧប្បត្តិហេតុ និងរោគជំងឺយាយី។ការប្រកបការងារថ្ងៃនេះឃើញថាតែងមានឧបសគ្គខ្លះៗយាយីតែយ៉ាងណាបើលោកអ្នកប្រឹងប្រែងពុះពារនោះតែងសម្រេចបំណងផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និង យកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងពេលនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយបើពុំនោះបញ្ហាពិតជារត់ចូលកាន់តែច្រើនឡើងជាក់ជាពុំខាន។ការប្រកបការងារ លោកអ្នកត្រូវរែកពន់ផលលំបាកច្រើន ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនឯងក៏សឹងថាយ៉ាប់ផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នការលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុរបង្ហាញផ្លួវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួងផង។ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកពុំមានអ្វីចូលមកជាឧបសគ្គនាំពិបាដោះស្រាយទេ ហើយបើចង់ធ្វើអ្វមួយដែលថ្មី ឬចាស់ក៏តែងទទួលលទ្ធផលជាផ្លែផ្កាគ្រាន់ជាទីគាប់ចិត្ត ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ គូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕