មិនធម្មតាមែន ! មាន​​ប្រទេស​ចំនួន​៥ក្នុង​តំបន់អាស៊ី គ្រោង​ទាញយកផលប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​នៅកម្ពុជា

ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​ចំនួន៥ទៀត​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រំពឹង​ថា​ នឹង​មាន​គម្រោង​សរុប​ចំនួន​៥៤​នៃ​គម្រោង​ទាញ​យក​ប្រេងឆៅ​ និង​ឧស្ម័ន​ធម្មជាតិ​ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ នៅក្នុង​ប្រទេស​ចំនួន​ប្រាំមួយ​ក្នុង​អំឡុង​ឆ្នាំ២០១៩​-២០២៥​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​ប្រចាំឆមាស​ទី១​ របស់​ក្រុមហ៊ុន​ ResearchAndMarkets​ ដែល​មូលដ្ឋាន​នៅ​ប្រទេស​អៀរឡង់​។

ក្នុងចំណោម​គម្រោង​ទាំងអស់​នេះ​ចំនួន​គម្រោង២៥​ ត្រូវ​បាន​គ្រោងទុក​ដោយមាន​ផែនការ​អភិវឌ្ឍ​ដែល​បាន​កំណត់​ ហើយ​គម្រោង​ចំនួន២៩ទៀត​ ជា​គម្រោង​ដែល​បាន​ប្រកាស​នៅ​ដំណាក់កាល​ដំបូង​ដោយ​កំពុង​ត្រូវ​បាន​សិក្សា​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​អនុម័ត​សម្រាប់​ការអភិវឌ្ឍន៍​នា​ពេល​ខាងមុខ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ខាងលើ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ គម្រោង​សំ​ខាន់​ៗនៅ​អាស៊ី​អាគ្នេយ៍​ទាំងនេះ​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​រួមចំណែក​ប្រហែល២២៣ពាន់​ប៉ា​រ៉ែ​លក្នុង​មួយថ្ងៃ​ ដល់​ផលិតកម្ម​ប្រេងឆៅ​ទូទាំង​ពិភពលោក​ និង​ប្រហែល៨​,១ពាន់​លាន​ហ្វី​តគូប​ (រង្វាស់​អង់គ្លេស​) ក្នុង​មួយថ្ងៃ​ដល់​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​ នៅ​លើ​ពិភពលោក​គិត​ត្រឹម​ឆ្នាំ២០២៥​។ ក្នុងចំណោម​ប្រតិបត្តិ​ករ​ក្រុមហ៊ុន​ Sapura Kencana​ Energy​ Sarawak​, ក្រុមហ៊ុន​ PETRONAS​ Carigali​ Sdn​ Bhd​ និង​ Eni​ SpA​ នាំមុខ​គេ​ក្នុង​ការប្រតិបត្តិ​ការ​គម្រោង​ដែល​បាន​គ្រោងទុក​ និង​ប្រកាស​។

ក្នុងចំណោម​បណ្តា​ប្រទេស​ទាំង៦​ ឥណ្ឌូ​នេ​ស៊ី​មាន​គម្រោង​ទាញ​យក​ប្រេងឆៅ​ និង​ឧស្ម័ន​ធម្មជាតិ​ច្រើនជាង​គេ​បំផុត​នា​ពេល​ខាងមុខ​ ដោយមាន១៣គម្រោង​ក្នុង​ផែនការ​អភិ​វិ​ឌ្ឍ​ន៍​ និង១៤គម្រោង ​ដែល​បាន​ប្រកាស​នៅ​ដំណាក់​ដំបូង​។ ប្រទេស​ម៉ា​លេ​ស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​ទី២​ ដោយមាន​គម្រោង​ចំនួន៩​ ក្នុង​ផែនការ​អភិវឌ្ឍន៍​ និង៩គម្រោង​ទៀត​បាន​ប្រកាស​នៅ​ដំណាក់​ដំបូង​។ ប្រទេស​វៀតណាម​មាន​គម្រោង​ចំនួន៦​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដំណើ​ការ​នៅ​ឆ្នាំ​ ២០២៥​។ ប្រទេស​កម្ពុជា​ ថៃ​ និង​មីយ៉ាន់ម៉ា​ គឺជា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​គម្រោង​ទាញ​យក​ប្រេង​ឆៅ​មួយ​ៗរៀង​ៗខ្លួន​នា​ពេល​ខាងមុខ​។

ការ​ចាប់ផ្តើម​ផលិត​គម្រោង​ប្រេងឆៅ​សំ​ខាន់​ៗដូចជា៖​ គម្រោង​ Ande​ Ande​ Lumut​ និង​ E6​ និង​គម្រោង​ឧស្ម័ន​ដូចជា​គម្រោង​ Abadi​ និង​Pegaga​ នឹង​ជំរុញ​ការផលិត​ប្រេងឆៅ​ និង​ឧស្ម័ន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​ក្នុងអំឡុងពេល​រំពឹង​ទុក​នេះ​។ ប្រទេស​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​នឹង​រួមចំណែក​ប្រមាណ៨០ភាគរយ​ នៃ​ផលិតកម្ម​ប្រេង​សរុប​នៅ​អាស៊ី​អាគ្នេយ៍​ពី​គម្រោង​ចំនួន៨​ ដែល​បាន​គ្រោងទុក​ និង​ប្រកាស​នៅ​ឆ្នាំ២០២៥ខាងមុខនេះ​៕