ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង Royal  Railway បាន​ទិញ​ក្បាល​រថភ្លើង​ពិសេស​ចំនួន​១០គ្រឿងបន្ថែមទៀត​

ក្រុមហ៊ុន​ Royal​ Railway​ របស់​អ្ន​កឧក​ញ្ញ៉ា​ គិត​ ម៉េ​ង បាន​បញ្ជាទិញ​ក្បាលរថភ្លើង​ចំនួន​ ១០គ្រឿង​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នៅ​កម្ពុជា​។

ប្រភព​ច្បាស់ការ​មួយ​បានឲ្យដឹងថា នៅ​ថ្ងៃទី​ ២៩​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្បាល​រថភ្លើង​ទាំង​ ១០​ នេះ​ បាន​បញ្ជាទិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ក្បាលរថភ្លើង​មួយចំនួន​ត្រូវ​បាន​ដឹក​មកដល់​កម្ពុជា​ និង​មួយចំនួន​ទៀត​នឹង​ត្រូវ​ដឹក​មក​ជាបន្តបន្ទាប់​តាម​ក្រោយ​។

ក្រុមហ៊ុន​ Royal​ Railway​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​វិស័យ​រថភ្លើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ផ្អាក​ធ្វើអាជីវកម្ម​ម្តង​ តែ​ក្រោយមក​ក៏បាន​ប្រកាស​ឲ្យ​ដំណើរការ​ធម្មតា​ឡើងវិញ​ ដរាបណា​កិច្ច​ព្រមព្រៀង​ថ្មី​ និង​ដៃគូ​វិនិយោគ​ថ្មី​ មិនទាន់​មាន​ និង​មិនទាន់​បាន​ធ្វើឡើង​។ សម្តេច​តេជោ​បញ្ជាក់​ថា​ នៅពេល​ដែល​រក​ដៃគូ​វិនិយោគ​ថ្មី​បាន​ហើយ​នោះ​ ក្រុមហ៊ុន​ Royal​ Railway​ ក៏អាច​ចូល​ទុន​ក្នុង​គម្រោង​វិនិយោគ​ថ្មី​បាន​ ដើម្បី​មានឱកាស​ពង្រីក​វិសាលភាព​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ បាន​កាន់តែ​ទូលំទូលាយ​ ដោយ​សម្តេច​ចង់បាន​ផ្លូវដែក​ ដែល​មានដំណើរ​ការ​ដឹកជញ្ជូន​ មាន​ភាព​រស់រវើក​ និង​សកម្ម​។

ជាមួយគ្នា​នេះ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក៏បាន​សម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​រេ​វ៉េ​ (Royal​ Railway​) របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង បន្ត​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ តាមផ្លូវ​ដែក​ភាគ​ខាងត្បូង​ដដែល​ (ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​) ។ ការ​ផ្តល់​បន្ត​ប្រតិបត្តិ​ឡើងវិញ​នេះ​ដោយសារ​ ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ ក្នុង​ការសិក្សា​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ លើ​លក្ខខណ្ឌ​គិត​យុត្តិ​ និង​បច្ចេកទេស​ ពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង​ដំណើរការ​ផ្លូវដែក​ ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​រេ​វ៉េ​បន្ត​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ តាមផ្លូវ​ដែក​ភាគ​ខាងត្បូង​ដដែល​។

ទន្ទឹម​នោះ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​នោះ​អាច​មានការ​ចូលរួម​ពី​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​រេ​វ៉េ​ ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង​ និង​ភាគ​ខាងត្បូង​ ឲ្យ​សមស្រប​ទៅ​នឹង​តម្រូវការ​ ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ ក្រុមហ៊ុននាំចេញ​ និង​នាំចូល​ ពាណិជ្ជករ​ កសិករ​ និង​អ្នកដំណើរ​ឲ្យ​មាន​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ និង​ធ្វើឲ្យ​ មាន​ភាព​ជឿជាក់​ មាន​សុវត្ថិភាព​ និង​មានតម្លៃ​សមរម្យ​។

ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​ រ៉េ​លវ៉េ​ បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​ប្តេជ្ញា​ខិតខំ​សហការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បី​បន្ត​និរន្តរភាព​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ទាំង​ការ​ដឹកជញ្ជូន​ភ្ញៀវ​អ្នកដំណើរ​ ប្រេង​ សាំង​ ធ្យូងថ្ម​ និង​ទំនិញ​នានា​ជាច្រើន​មុខ​ទៀត​តាម​ទូ​ កុងតឺន័រ​ មិន​ឲ្យ​រាំងស្ទះ​ឡើយ​៕