កំពូលតារាចម្រៀងស្រី ទេព្យ បូព្រឹក្ស ដែលមហាជនជាច្រើនបានស្គាល់ថាជាតារាស្រីមួយរូបដែលមានទេព្យកោសល្យនៅក្នុងវិស័យបទចម្រៀងសម័យទំនើប ហើយក៏ជាតារាចម្រៀងស្រីដែលមានគំនិតច្នៃប្រឌិតខ្ពស់ម្នាក់។
កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ទេព្យ បូព្រឹក្ស បានបញ្ចេញនូវវីដេអូបទចម្រៀងមួយបទ គឺបទ វីរនារី ដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើគំនិតច្នៃប្រឌិត ដែលបានបង្ហាញយ៉ាងខ្លាំងពីសិល្បៈវប្បធម៌របស់ខ្មែរជាច្រើននៅក្នុងបទចម្រៀងមួយបទនេះ។
បើរំលឹកពីអតីតកាលវិញ កញ្ញា ទេព្យ បូព្រឹក្ស បាននិយាយរៀបរាប់ពីរឿងដែលធ្លាប់ទទួលបានពាក្យរិះគន់ពីសំណាក់មហាជនមួយចំនួននៅក្នុងកម្មវិធី Pleng in the Shower ជាមួយនឹងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងនៅពេលរំលឹកដល់រឿងទាំងនោះ។ នៅក្នុងកម្មវិធីនេះ ពិធីករបានចោទសួរថា៖ តើបទមួយណាដែលទទួលបានពាក្យរិះគន់ខ្លាំង? តើគេរិះគន់ដោយសារមូលហេតុអ្វីដែរ? កញ្ញា ទេព្យ បូព្រឹក្ស បាននិយាយថា៖ “ជីវិតរបស់ខ្ញុំតាំងតែពីចូលសិល្បៈ គឺតែងតែទទួលបានពាក្យរិះគន់ជានិច្ច តែខ្ញុំក៏សូមអរគុណដល់ពាក្យរិះគន់ទាំងនោះផងដែរ ដែលធ្វើអោយខ្ញុំរឹងមាំនិងមានថ្ងៃនេះ។ ហើយកាលពីប្រាំឆ្នាំមុនខ្ញុំបានធ្វើបទចម្រៀងមួយបទ ដែលមានទំរង់ជាបទបុរាណបូកជាមួយសម័យយើងយកមកបញ្ជូលគ្នា ហើយសម្រាប់បទនឹងខ្ញុំទទួលបានការរិះគន់ច្រើនមែនទែន។”
មានមហាជនមួយចំនួនបានរិះគន់ទៅដល់កញ្ញាថា ទីមួយហេតុអ្វីបានជាកញ្ញាបំផ្លាញវប្បធម៌? ទីពីរគេបានលើកឡើងថា កញ្ញាទេព្យ បូព្រឹក្ស មិនអាចធ្វើចឹងបានទេ។ កញ្ញា ទេព្យ បូព្រឹក្ស បានបន្តទាំងអារម្មណ៍អួលអាក់ទៀតថា៖ “ទោះបីជាខ្ញុំព្យាយាមធ្វើអោយល្អ ប៉ុន្តែបែរជាទទួលបានពាក្យរិះគន់ថាបែកស្លុយ។”
ព្រោះតែពាក្យរិះគន់ទាំងនោះបានធ្វើអោយកញ្ញា ទេព្យ បូព្រឹក្ស ធ្លាប់មានគំនិតចង់ឈប់ពីវិស័យសិល្បៈជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែព្រោះតែកញ្ញាមានដូនតាដែលជាអ្នកសិល្បៈ ទើបធ្វើអោយកញ្ញាមិនអាចកាត់ចិត្តបាន ហើយកញ្ញាក៏មានហ្វេនដែលតែងតែគាំទ្រនិងជួយលើកទឹកចិត្តដល់កញ្ញារហូតមក។
បើក្រឡេកមកមើលពីសន្ទុះនៃការគាំទ្រទៅដល់តារាចម្រៀង ទេព្យ បូព្រឹក្ស គឺមានការកើនឡើងខ្លាំង ហើយជាពិសេសសម្រាប់វីដេអូបទចម្រៀង វីរនារី ដែលទើបតែចេញកាលពីថ្ងៃទី ២៧ ខែវិច្ឆការ ឆ្នាំ២០២១នេះ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ចំនួននៃអ្នកចូលទស្សនានៅលើ Youtube បានកើនឡើងដល់ ២លាននាក់ជាងទៅហើយ៕
ប្រិយមិត្តអាចចូលទស្សនាវីដេអូចម្រៀងបទ វីរនារី នៅខាងក្រោមនេះ៖