ប្រឡាយលូទឹកស្អុយនៅកម្ពុជាក៏អាចធ្វើបែបនេះបានដែរ បន្ទាប់ពីប្រទេសបានកែច្នៃនិងរកចំណូលបានរាប់ពាន់ដុល្លារ
នៅក្នុងប្រទេសកម្ពុជា មានទីតាំងមួយចំនួនដែលអាចរកចំណូលបានយ៉ាងច្រើនក្រាស់ក្រែល ប៉ុន្តែមនុស្សភាគច្រើនយើងមិនព្រមកែច្នៃ បែជាទៅបំផ្លាញចោលទៅវិញ បើយើងក្រឡេកមើលប្រទេសថៃវិញ គេបានអភិវឌ្ឍប្រទេសរបស់គេបានយ៉ាងល្អឥតខ្ចោះ ហើយបានកែច្នៃប្រឡាយលូទឹកស្អុយ ដែលអាចរកចំណូលបានរាប់ពាន់$ប្រចាំថ្ងៃផងដែរ។
ប្រឡាយខ្លងសែនសេប ជាព្រលាយទឹកស្អុយមួយដែលហូរកាត់កណ្ដាលក្រុងបាងកក មានប្រវែងសរុបប្រមាណ ៧៤គីឡូម៉ែត និងជំរៅប្រមាណ៦ម៉ែត្រ ។ ភាពអំណោយផលនៃទីតាំងដែលនៅកណ្ដាលក្រុងមួយនេះ ធ្វើអោយប្រជាជនថៃនឹកឃើញថា បើសិនដាក់ទូកដឹកអ្នកដំណើរ ប្រហែលជាល្អប្រសើរ ព្រោះម្យ៉ាងការធ្វើដំណើរនៅទីក្រុងបាងកកត្បិតតែមានភាពខ្វាត់ខ្វែងសំបូរបែបពិតមែន ប៉ុន្តែនៅមានភាពស្ទះចរារចរណ៍ហើយតំលៃថ្លៃ។
ហើយម្យ៉ាងប្រឡាយទឹកស្អុយនេះ ឆ្លងកាត់ចំណុចសំខាន់ៗជាច្រើន ដែលជាប្រជុំជននៅទីក្រុងបាងកក ដូចជា កាត់ម្តុំសាយ៉ាម ប្រាទូណាម សុខុមវិត រ៉ាមកំហែង បាងកាពិ ឬមីនបុរ៉ីជាដើម។ ហើយអ្វីដែលពិសេសជាងនេះទៅទៀត ស្ថានីយ៍រថភ្លើងភាគច្រើន បានជ្រើសរើសធ្វើជាប់នៅស្ថានីយ៍រង់ចាំជិះទូកប្រឡាយខ្លងសេបនេះតែម្តង ដែលធ្វើអោយងាយស្រួលថែមទៀតក្នុងការធ្វើដំណើរទៅកន្លែងផ្សេងៗនៅទីក្រុងបាងកក។
ហើយដូចដែលបានប៉ាន់ស្មានទុក ការបង្កើតផ្លូវរកស៊ីមួយនេះ ពិតជាជោគជ័យយ៉ាងខ្លាំងពិតប្រាកដមែន។ ជារៀងរាល់ថ្ងៃតាំងពីម៉ោង៦ព្រឹក ដល់ ម៉ោង៧.៤៥នាទីយប់ តែងតែមានមនុស្សណែនណាន់តាន់តាប់មកជិះទូក ពិសេសពេលម៉ោងចូល និងចេញធ្វើការ ដែលទូកមួយៗផ្ទុកអ្នកដំណើរមិនតិចជាង២០០នាក់ទេក្នុងមួយជើងៗ។ តំលៃសំបុត្រគឺទៅតាមចំងាយផ្លូវឆ្ងាយឬជិត ដោយចាប់ផ្ដើមពី១០បាត ដល់២០បាត ដោយមានស្ថានីយ៍២៧ អោយចុះចត ។ ដូច្នេះលើកក្រោយពេលទៅក្រុងបាងកក កុំភ្លេចសាកជិះទូកនេះលេងផង ពិតជាភ្លែកភ្នែកម្យ៉ាងដែរ៕