កាំ ស្រីស៊ុង ៖ ប្រជាពលរដ្ឋ​នឹងលែងលំបាក​រកជាង​​ជួសជុលផ្ទះទៀត​ហើយ ព្រោះ​មាន​Appមួយ​នេះ​សម្រាប់ជួយនាក់

ព្រោះតែការលំបាក​ក្នុង​ការស្វែង​រកជាង ដែលមានជំនាញពិត​ប្រាកដ​ក្នុង​ការជួសជុលផ្ទះ​ ធ្វើ​ឲ្យអ្នកស្រី​ កាំ ស្រីស៊ុង បាន​បង្កើតAppមួយ​ ដែលងាយស្រួលក្នុងការជ្រើស​រើស​ជាង​ដែលមាន​សមត្ថភាព​ និង​មានចំណេះដឹងពិត​ប្រាកដ​ ដើម្បីធ្វើការជួសជុល​ផ្ទះ និង​ការិយាល័យ​របស់ខ្លួន​ ដែលអាច​ទុកចិត្ត​បាន​។

អ្នកស្រី ស៊ុង ដែលជាសហស្ថាបនិក និងអគ្គនាយរបស់ MyAPP Service បានឱ្យដឹងថា កម្មវិធីទូរសព្ទ MyAPP Service នេះគឺជាកម្មវិធីទូរសព្ទថ្មីស្រឡាងមួយ សម្រាប់ការបញ្ជាទិញសេវាកម្ម និងផលិតផលផ្សេងៗ រហ័សងាយស្រួល សុវត្ថិភាព និងសន្សំសំចៃពេលវេលាបំផុត ដល់អ្នកប្រើប្រាស់។

យើងអាចនិយាយមួយបែបទៀតថា វាគឺជាទីកន្លែងប្រសព្វរួមគ្នាមួយ ដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់តូចធំគ្រប់ប្រភេទ និងអតិថិជនទាំងអស់ អាចធ្វើការប្រាស្រ័យទាក់ទងគ្នា និងព្រមព្រៀងគ្នា ទៅលើការផ្តល់ ឬទទួលយកសេវាកម្ម និងផលិតផលណាមួយ រួមមានសេវាកម្មម៉ាស៊ីនត្រជាក់ សេវាកម្មប្រព័ន្ធទឹកភ្លើង សេវាកម្មហ្គាសចម្អិនអាហារ សេវាកម្មសម្លាប់សត្វល្អិត និងសេវាកម្មសម្អាតគេហដ្ឋាន ព្រមទាំងការិយាល័យ ក៏ដូចជាសេវាកម្មជាច្រើនទៀត សម្រាប់ជីវិតប្រចាំថ្ងៃ ផងដែរ។

តាមពិតទៅ គំនិតនៃការបង្កើតកម្មវិធីទូរសព្ទនេះឡើង មានតាំងពីប្រមាណ ៣ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែយើងមិនទាន់ហ៊ានសម្រេចវាចេញជារូបរាងឡើង ដោយសារគិតថា ទីផ្សារមិនទាន់ត្រៀមខ្លួននៅឡើយ សម្រាប់កម្មវិធីថ្មីនេះ រួមទាំងកត្តាហានិភ័យផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញក្រោយមើលឃើញថា ទំនោរ និងបរិបទថ្មី នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេសកម្មវិធីទូរសព្ទវៃឆ្លាត កាន់តែមានភាពពេញនិយម និងការសិក្សាអំពីវិធានការច្បាស់លាស់ នៃការទប់ស្កាត់ហានិភ័យនានា ទើបយើងសម្រេចចងក្រងជាក្រុមការងារ ហើយបង្កើតកម្មវិធីទូរសព្ទ MyAPP Service នេះតែម្តង។

អ្នកស្រី ស៊ុង ក៏បានសង្កត់ធ្ងន់ដែរថា អ្នករាល់គ្នាអាចទាញយកកម្មវិធីទូរសព្ទ MyAPP Service ទាំងនៅលើ AppStore និង PlayStore ដោយក្នុងនោះយើងមាន App ចំនួនពីរ ដែលApp ទីមួយសម្រាប់អតិថិជន អាចជ្រើសរើសឈ្មោះ MyAPP Service រីឯអ្នកផ្គត់ផ្គង់ អាចជ្រើសរើសឈ្មោះ MyAPP Service Partner។ ការចុះឈ្មោះប្រើប្រាស់ MyAPP Service គឺមានភាពងាយស្រួល និងរហ័ស គ្រាន់តែសម្រាប់អ្នកផ្គត់ផ្គង់ យើងធ្វើការទំនាក់ទំនងជាមួយនឹងគាត់បន្ថែមបន្តិច ដើម្បីស្វែងយល់ និងអនុម័ត ទៅលើការស្នើសុំរបស់ពួកគាត់។

រាល់វិធីសាស្រ្ត ដែលយើងធ្វើទាំងអស់នេះ គឺដើម្បីផ្តល់នូវទំនុកចិត្តដល់អ្នកផ្គត់ផ្គង់ និងដើម្បីផ្តល់សេវាកម្មល្អប្រសើរ ដល់អតិថិជនតែប៉ុណ្ណោះ៕