ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ម្ល៉ោះហើយបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ស្មានមិនដល់។ការប្រកបការងារ ងាយជួបនូវបញ្ហាចម្រូងចម្រាសនិងអ្នកដទៃងាយរួមគ្នាសម្អប់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ឬ ការទទួលដំណឹងមិនគួរឱ្យសប្បាយចិត្តអ្វីមួយកើតឡើង។ចំពោះបញ្ហាសំខាន់ឬបញ្ហាប្រញាប់បន្ទាន់ត្រូវតែមានការប្រយ័ត្នប្រយែងទើបមិនមានផលអាក្រក់ចោទឡើង។លោកអ្នកត្រូវចេះពិភាក្សាជាមួយអ្នកដទៃហើយធ្វើអ្វីប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។លោកអ្នកធ្វើអ្វីមានការសប្បាយចិត្តសប្បាយកាយច្រើនបន្តិច ហើយចង់ពឹងពាក់នរណាក៏មានការឆ្លើយតបគ្រាន់កក់ក្តៅដែរ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែង លេងហ៊ុន ការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងហុចនៅពេលក្រោយវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយការរកស៊ីរបស់លោកអ្នកនឹងពេញដៃជើងវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសលោកអ្នកមិនត្រូវជឿសម្តីក្រុមនុស្សពេកឡើយ ហើយត្រូវសង្កេត ពិនិត្យពិច័យនិងប្រយ័តុ្នប្រយែងក្រុមមនុស្សមួយចំនួនទើបគ្មានបញ្ហាចោទឡើង។ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការបាត់បង់អ្វីមួយដោយមិនបានតាំងចិត្ត ។ ក្រៅពីនេះឱ្យប្រយ័ត្នការមានទំនាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយផងដែរ។លោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។ អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះឱកាសល្អៗមកដល់ហើយ ដូច្នេះលោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើង បន្តិច ពីព្រោះថាពេលវេលាជាមាសប្រាក់ ។ទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើង ហើយត្រូវចងចាំថាធ្វើច្រើនផលក៏ទទួលច្រើនទៅតាមនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់គាប់ប្រសើរជាងមុន។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយច្រើន ដូចនេះត្រូវកាត់បន្ថយការបង្កជម្លោះវិវាទចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីតែងអាចទទួលបានផលសម្រេចតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតសន្តានជួយជ្រោមជ្រែងផង ។ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់កិច្ចការសំខាន់ៗឬការងារចាំបាច់ណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលបន្តិចវិញ ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក
រាសីស្រុតចុះ។ថ្ងៃនេះបើទោះបីលោកអ្នកសម្រេចចិត្តអ្វីមួយគឺផលសម្រេចនោះតែងពុំសូវឆ្លើយតបដូចបំណងឡើយ ហើយពិសេសងាយជួបបញ្ហាលំបាកពេលក្រោយថែមទៀត។ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទ។ បញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកមិនត្រូវមានចិត្តមួម៉ៅក្តៅក្រហាយឱ្យសោះប្រយ័ត្នរឿងរាវខ្លះខ្លួនឯងត្រូវសោះបែរជាក្លាយជជនរងគ្រោះទៅវិញ ។ទាំងស្ត្រីបុរសដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យ។អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងការងារ បណ្តាក់ទុន ការចរចា ការធ្វើកិច្ចសន្យា ជាដើម។ទោះបីយ៉ាងណាសម្រាប់ស្ត្រីបើទោះបីដួងរាសីឡើងខ្ពស់ក៏ជួបនូវគ្រោះយាយីមួយចំនួនដែរគប្បីប្រយ័ត្នប្រយែង។បើលោកអ្នកមានការណាត់ទុកជាមុនជាមួយក្រុមមនុស្ស ឬ ចរចាអ្វីមួយគឺតែងមានផ្លែផ្កានិងហុចផលល្អមកវិញជានិច្ច។អ្នកអាជីវករ ការជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្តូរមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕
ឆ្នាំកុរ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនត្រូវមានអារម្មណ៍មួម៉ៅក្តៅក្រហាយនាំតែធ្វើការសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ និង ជួបបញ្ហា។ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើកិច្ចការងារស្រាលៗឬជាកិច្ចការងារមិនសំខាន់ទើបគ្មានបញ្ហាចោទឡើង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរ មិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដកដើមមកវិញមិនឃើញ ហើយថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕