អត់បារម្ភរឿងចង់ទៅដើរលេងនៅថៃ, ពេលនេះកម្ពុជានិងថៃឯកភាពហោះហើរត្រង់ឡើងវិញហើយ

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរ Thai Vietjet Air ប្រកាសបើកជើងហោះហើរ ត្រង់ ភ្នំពេញ-បាងកក ឡើងវិញ ក្រោយពីមានការខកខានដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាមួយជើងហោះហើរ ចំនួន៣ជើងក្នុងមួយសប្ដាហ៍ជាលើកដំបូង។ ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ត្រូវបានសម្ភោធបើកឱ្យដំណើការហើយ នាព្រឹកថ្ងៃពុធ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Wranate Laprabang អគ្គនាយកក្រុមហ៊ុនអាកាសចរ Thai Vietjet Air។

លោក Wranate Laprabang អគ្គនាយកក្រុមហ៊ុនអាកាសចរ Thai Vietjet Air បានមានប្រសាសន៍ថា ក្រុមហ៊ុនមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានពង្រីកការហោះហើរលក្ខណៈអន្តរជាតិរបស់យើងម្តងទៀតបន្ទាប់ពីអាក់ខានដោយសារជំងឺកូវីដ១៩។

លោកបានបន្តថា ក្នុងការចាប់ផ្តើមការហោះហើរជាលើកដំបូងនេះក្រុមហ៊ុននឹងផ្តល់ការហោះហើរពីភ្នំពេញបាកកចំនួន៣ជើងក្នុង១សប្តាហ៍នៅរៀងរាល់ថ្ងៃច័ន្ធ ថ្ងៃពុធនិងថ្ងៃព្រហស្បតាមរយៈយន្តហោះលេខ VZ720 ដែលហោះហើរពី បាងកក ទៅ ភ្នំពេញ ចាប់ពីម៉ោង៨និង៣០នាទីទៅដល់ម៉ោង៩និង៤០នាទីនិងជើងហោះហើរលេខ VZ721ពីភ្នំពេញទៅបាងកកចាប់ពីម៉ោង១០និង៣០នាទីទៅដល់ម៉ោង១១និង៤៥នាទី។ ការបើកជើងហោះហើជាលើកដំបូងនេះនឹងដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការតភ្ចាប់ស្ពានចម្លងប្រជាជនប្រទេសទាំពីរព្រមទាំងចូលរួមចំណែកការងើបឡើងវិញនៃភ្ញៀវទេសចរនិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ ក្នុងពិធីស្វាគមន៍ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរ Thai Vietjet Air នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នៅអាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិ ថា ៖ «តាងនាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមអបអរសារទរ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអាកាសចរ Thai Vietjet Air ដែលបានរួមគ្នា ខិតខំដាក់ដំណើរការហោះហើរ ពីរាជធានីបាងកកមកកាន់រាជធានីភ្នំពេញ ក្នុងដំណាក់កាលពិភពលោក រួមទាំងប្រទេសកម្ពុជានិងថៃឡង់ដ៍ ជួបប្រទះវិបត្តិធ្ងន់ធ្ងរនៃរោគរាតត្បាតជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃប្រេងយ៉ាងគំហុកដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន»។

ឯកឧត្តមចាត់ទុកវត្តមានរបស់ ក្រុមហ៊ុនអាកាសចរ Thai Vietjet Air នៅពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ផ្តល់នូវជម្រើសសំបូរបែបដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសរវាងកម្ពុជានិង ថៃឡង់ដ៍ ដែលជាសរុបមានចំនួន៦ក្រុមហ៊ុនអាកាសចរ កំពុងហោះហើរ ហើយជាបន្ថែមលើសពីនេះទៅទៀត ដំណើរការហោះហើរនេះ នឹងចូលរួម ចំណែកដោយផ្ទាល់ផងដែរ ដល់ការបង្កើនទំនាក់ទងឲ្យកាន់តែជិតស្និទ្ធ ថែមទៀត លើសកម្មភាពដោះដូរពាណិជកម្ម វប្បធម៌និងប្រជាជន រវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមមានប្រសាសន៍បន្តថា ក្រុមហ៊ុនអាកាសចរ Thai Vietjet Air គឺក្រុមហ៊ុនអាកាសចរបរទេសទី១ ក្នុងរយៈពេល ២ឆ្នាំកន្លងមក ដែលប្រទេសកម្ពុជា បានខកខានស្វាគមន៍ក្រុម ហ៊ុនអាកាសចរថ្មីៗ ឬ ជើងហោះហើរបរទេសថ្មីៗ ចាប់តាំងពីមានការរីក រាលដាលជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០។ រយៈពេល ២ ឆ្នាំកន្លងមកនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលសំណើពីបណ្តាក្រុមហ៊ុន អាកាសចរនានា ត្រឹមតែផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ឬ លែងហោះហើរទាំងស្រុង ដោយគ្មានកាលកំណត់ ឬ ដោយក្ស័យធន៕