ការ​ប្រកប​អាជីវកម្ម​ប្រកប​ដោយគ្រោះថ្នាក់​បំផុត សប្បាយតែមុនដំបូង​ ក្រោយ​មក​ស្រក់ទឹក​ភ្នែក​ទៅវិញ​

ការទិញដី ឬវិនិយោគដីទុកចំណេញរយៈពេលវែង ឬខ្លីកំពុងពេញនិយមខ្លាំងនៅកម្ពុជា ដោយសារតែវិស័យអចលនទ្រព្យ​នៅកម្ពុជាកំពុងរីកចម្រើន ហើយ​ដីទំនេរច្រើន តម្រូវការសម្រាប់សាងសង់​អគារ​ផ្សេងៗ មានផ្ទះ ផ្សារទំនើប រោងចក្រ តំបន់សេដ្ឋកិច្ចច្រើន។ ហើយវាពិតជាអំណោយផលល្អ សម្រាប់អ្នកទិញទុកចំណេញ តែកុំទាន់អាលសប្បាយចិត្ត ចេះតែយកលុយទៅទិញដីឱ្យសោះ ព្រោះ​អ្នកអាចសាងកំហុស រហូត​បាត់ឱកាសចំណេញ និង​មានរឿងរ៉ាវជាប់ខ្លួនទៀតផង។

អ្នកជំនាញអចលនទ្រព្យបានថ្លែងថា កំហុសភាគច្រើននៃការទិញដីទុកចំណេញនោះ គឺ​ជឿតាមអ្នកទីផ្សារខ្លាំងពេក តាមការប្រូម៉ូសិនចំណុចល្អៗ ដែលពេលខ្លះវាជារឿង​​មិនអាចទៅរួច ឬ​កើតឡើង​មិនទៀតទាត់ អាចកើតឡើង ឬមិនកើត ទាក់ទងគម្រោងវិនិយោគក្បែរដីដែលត្រូវទិញ ជំរុញឱ្យដីឡើងថ្លៃ។ មុនសម្រេចចិត្តទិញ ត្រូវតែវិភាគព័ត៌មានដោយខ្លួនឯងឱ្យគ្រប់ជ្រុងជ្រោយ ស៊ូតវិនិយោគយឺត តែមិនប្រថុនប្រថាន​រហូតខាតដើម ខាតចុងនោះទេ។

កំហុសធំមួយទៀត ចង់ចំណេញលឿនពេក រហូត​បង្ខំចិត្តទិញដី​ដែលមិនទាន់មានព័ត៌មានច្បាស់លាស់ ដែលដីខ្លះមិនស្របច្បាប់ ជាប់ប្លង់នៅធនាគារ ដីមានទំនាស់ ដែលអ្នកលក់គ្មានវិជ្ជាជីវៈខ្លះ មិន​បង្ហាញប្រាប់យើងឱ្យបានដឹង ធ្វើឱ្យយើង​មានបញ្ហា​ក្រោយពេលទិញ ឬអាចនិយាយថា ទិញដី តែបានបញ្ហា រឿងរ៉ាវទៅវិញ។ ដូច្នេះមុននឹងទិញ ត្រូវសិក្សាអំពីប្រវត្តិដី ស្ថានភាពដី ស្រប់ច្បាប់ឬទេ ដើម្បីធានាមិនឱ្យមានបញ្ហាក្រោយពេលទិញ។ ជាទូទៅ ការវិនិយោគដីធ្លី កុំរំពឹងចំណេញខ្លីពេក យ៉ាងហោចណាស់ក៏៣ឆ្នាំទៅ៥ឆ្នាំខាងមុខដែរ ព្រោះការវិនិយោគអចលនទ្រព្យ គឺវិនិយោគរយៈពេលវែង។

អ្នកជំនាញរូបនេះបញ្ជាក់ថា ដើម្បីចៀសវាងកំហុសក្នុងការវិនិយោគ ត្រូវវិនិយោគតាមក្បួន មិនចេះតែវិនិយោគតាមចិត្តចង់នោះទេ ជាពិសេសត្រូវ​ប្រឹក្សាយោបល់ជាមួយអ្នកជំនាញឯកទេសផ្នែកដីតែម្តង ព្រោះគាត់ដឹងច្បាស់ថា ដីណាគួរវិនិយោគ និងមិនគួរវិនិយោគ ហើយអត្រាចំណេញខ្ពស់ ឬទាប។ ហើយបុគ្គលសំខាន់មួយទៀតដែលយើងត្រូវការ​ប្រឹក្សាយោបល់នោះ គឺអ្នកតាម្ចាស់ស្រុក ឬអាជ្ញាធរមូលដ្ឋានមាន៖មេឃុំ មេភូមិរស់នៅតំបន់នោះ ដែលគាត់ដឹង​ប្រវត្តិដីច្បាស់ជាងនរណាអ្នកទាំង ហើយអាចបញ្ជាក់ប្រាប់យើង តើដីនេះគួរទិញ ឬមិនគួរ៕