តារាចម្រៀងជើងចាស់ ហួរ ឡាវី មានអារម្មណ៍អន់ចិត្តព្រោះពេលនេះ៥០ឆ្នាំហើយសម្រាប់សិល្បៈដើម្បីជាតិតែគ្មានផ្តល់ការសរសើរ

ភ្នំពេញ៖ ពិតជាមិននឹកស្មានថា សុខៗស្រាប់តែ លោក សុះ ម៉ាច បានទម្លាយរឿងពិតតារាចម្រៀងជើងចាស់ គឺលោក ហួរ ឡាវី មានអារម្មណ៍អន់ចិត្ត ព្រោះបើគិតមកដល់ពេលនេះគឺ៥០ឆ្នាំមកហើយ សម្រាប់លោកបម្រើសិល្បៈដើម្បីជាតិ តែគ្មាននរណាបានផ្តល់ការសរសើរនិងលើកទឹកចិត្តអ្វីមួយឡើយ ខណៈវ័យរបស់លោកដល់ពេលនេះមានវ័យ៧៨ឆ្នាំហើយ។

ក្នុងសំណេររៀបរាប់មួយរបស់តារាចម្រៀង លោក សុះ ម៉ាច បានបង្ហោះកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ឱ្យដឹងថា “សែនអាសូរក្នុងចិត្តពេលបានឮសំដីរបស់រៀមច្បង ហួរ ឡាវី ។ខណ:ពេលរួមដំណើរជាមួយបងទៅចូលរួមកម្មវិធីសប្បុរសមួយនៅខេត្តព្រៃវែងថ្ងៃនេះរបស់លោកឧត្តមសេនីយ(អ៊ុីចំរើន)ប្រគល់ផ្ទះជូនទុគ៌តជនមួយរូប ខ្ញុំក៏សួរពីប្រវត្តិចូលបម្រើវិស័យសិល្ប: គឺបងចូលសិល្បៈ:តាំងពីឆ្នាំ១៩៦៣ ។ក្រោយមកឆ្នាំ១៩៧៩បងបម្រើការនៅមន្ទីរឃោសនាការខេត្តបាត់ដំបង ឆ្នាំ១៩៨៣ ចូលមកបម្រើការនៅមន្ទីរវប្បធម៌រាជធានីភ្នំពេញ។រំឮកកាលទៅឃោសនា ពលករកាប់ឆ្ការព្រៃ ពេលលេងឱ្យពលករស្តាប់និងរាំលេង ពួកប៉ុលពតដេញបាញ់រត់ព្រលឹងចុងសក់។ខ្ញុំក៏មានអានុស្សាវរីយ៍ច្រើនជាមួយគាត់កាលច្រៀងតាមរង្គសាលកាលកន្លងមករហូតឥឡូវ។ក៏លួចសួរគាត់ថា បង បម្រើវិស័យសិល្ប:៥០ឆ្នាំមកហើយមានស្នាដៃធំធេងណាស់ បងមានបានទទួលកិត្តិយសពីរដ្ឋាភិបាលឬក្រសួងមន្ទីរស្ថាប័នអ្វីខ្លះ?គាត់ឆ្លើយថាប្អូនអើយគ្មានទេ បងចង់ឃើញការផ្តល់កិត្តិយស គ្រាន់ទុកតាំងបង្ហាញកូនចៅពេលបងស្លាប់ទៅក្រែងបានបិទភ្នែកជិតព្រោះបងចាស់ហើយឆ្នាំនេះ៧៨ឆ្នាំហើយ។តាមមតិរបស់ខ្ញុំ សិល្បករចាស់ៗដែលធ្លាប់មានស្នាដៃនិងបានបម្រើសិល្ប:យូរយារមកហើយ គួរតែផ្តល់កិតិ្តយសដល់ពួកគាត់ក៏ដូចជាជាការលើកទឹកចិត្តនិងដឹងគុណ ដូចជារៀមច្បងហួរឡាវី ជាដើមខណ:សិល្បករចាស់ថ្មីខ្លះបានទទួលកិត្តិយសរួចហើយ ពីរដ្ឋាភិបាលនិងស្ថាប័ននានា ដូចរូបខ្ញុំផ្ទាល់ក៏បានពីទទួលពីព្រះមហាក្សត្រ កាកបាទក្រហម និងរដ្ឋាភិបាលអាមេរិកផងដែរ។គួរពុំគួរសូមអធ្យាស្រ័យ នេះជាយោបល់ផ្ទាលខ្លួនរបស់នោះទេ”។

ក្រោយមើលឃើញសំណេរបែបនេះ ស្រាប់តែមានមហាជនជាច្រើននាំការចាប់អារម្មណ៍ ផ្ទុះការវែកញ៉ែក និងអាណិតអាសូរដល់តារចម្រៀងល្បីជើងចាស់រូបនេះ ដែលបានបម្រើសិល្បៈអស់៥០ឆ្នាំមកហើយ តែគ្មានបានការទទួលការសរសើរនិងលើកទឹកចិត្តអ្វីនោះទេ ក្នុងគ្រាដែលលោកកំពុងនៅរស់។

អមជាមួយមហាជនក៏ចោទសួរថា ម្តេចទុកវីរៈសិល្បករចោលបែបនេះ ឬ ទាល់គាត់ស្លាប់ទៅ ទើបសង្គមផ្តល់តម្លៃនិងលើកទឹកចិត្តសរសើរគាត់ ឬយ៉ាងណា? បើមនុស្សទៅផុត គឺគ្មានន័យដែរ ព្រោះគាត់មិនស្តាប់និងមើលឃើញ នៅពេលគេសរសើរនិងផ្តល់ការលើកទឹកចិត្តលោកសោះ។

ក្នុងសំណេរនោះ គឺច្បាស់ណាស់ មុនគ្រាលោកចាកលោកផុត ឬ គ្រាលោកកំពុងរស់នៅដូចសព្វថ្ងៃនេះ លោកមានបំណងប្រាថ្នាមួយគឺ សង្គម កុំបំភ្លេចលោកចោល លោកចង់ឃើញការទទួលបានប័ណ្ឌសរសើរនិងការលើកទឹកចិត្តដើម្បីទុកកូនចៅរបស់លោក ប៉ុណ្ណោះ។

ជីវិតតារាចម្រៀងស្អក ហួរ ឡាវី

បើទោះបីជាការងារសិល្បៈ មិនបានធ្វើឲ្យហួរ ឡាវី មានជីវភាពខ្ពង់ខ្ពស់ប៉ុន្តែលោកសប្បាយរីករាយនឹងធ្វើការងារនេះ។ អ្វីដែលសំខាន់គឺបានបន្សល់ស្នាដៃបង្រៀនដល់ក្មេងៗជំនាន់ក្រោយពី វិធីសាស្ត្រនៃការច្រៀងឲ្យបានល្អ។ បច្ចុប្បន្ននេះលោកបានបង្រៀនសិស្សជាង ២០០០នាក់រួចមកហើយៗ មានសិស្សមួយចំនួនបានក្លាយជាតារាចម្រៀងល្បីផងដែរ។ ជីវិតសិល្បៈរបស់លោក ចាប់ផ្ដើមល្បីឈ្មោះដោយសារសំលេងស្អក តាមរយៈបទចម្រៀងជាច្រើន ដូចជា “បាត់អូន អានី ពីរម៉ាត់យ៉ាងខ្លី អាណែតមាសបង ឲ្យបងសូមស្រឡាញ់ផង…”។

ស្ថានភាពគ្រួសារ

លោក ហួរ ឡាវី មានអាយុ៧៨ឆ្នាំកើតនៅក្នុងភូមិទួលកណ្ដាលឃុំកំពង់ចាម ស្រុកកំពុងសៀម ខេត្តកំពង់ចាមក្នុងគ្រួសារកសិករមួយ ហើយលោកគឺជាកូនច្បងដែលមានបងប្អូន៩នាក់ ស្រី៣នាក់ ។ ឪពុកឈ្មោះ ហួរ លីឈាន អាយុ៨៣ឆ្នាំ និងម្ដាយឈ្មោះ ខោល សាន អាយុ៨៥ឆ្នាំ។ សព្វថ្ងៃអ្នកទាំងពី កំពុងតែរស់នៅក្នុងភូមិអូរអណ្តូង ឃុំអូរសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រវត្តិសិក្សា

លោក ហួរ ឡាវី បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៧ នៅអនុវិទ្យាល័យក្នុងខេត្តកំពង់ចាម ដោយសារតែនៅពេលនោះ ក្រុមគ្រួសាររបស់លោកមានជីវភាពខ្វះខាត ទើបតម្រូវឲ្យបញ្ឈប់ការសិក្សា រួចស្វែងរកការងារធ្វើដើម្បីបានប្រាក់បន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារ។ លោកបានបញ្ចប់ការសិក្សានៅអាយុប្រហែល ១៣ ឆ្នាំ ហើយបានទៅស៊ីឈ្នួលគេលាងចាននិងរត់តុគុយទាវឲ្យថៅកែចិនម្នាក់ដែលបើកហាងលក់គុយទាវនៅក្នុងខេត្ត កំពង់ចាម។

ជីវិតសិល្បៈ

លោក ហួរ ឡាវី ស្រលាញ់សិល្បៈចម្រៀងតាំងតែពីក្មេងហើយគួបផ្សំនិងទេពកោសល្យពីកំណើតផងនោះទើបចាប់ផ្ដើមសាកល្បងច្រៀង នៅតាមរង្គសាលមួយចំនួននៅក្នុងខេត្តកំពង់ចាម ដោយមិនយកប្រាក់នោះទេ។ ប៉ុន្តែដោយសារតែលោកមានទឹកដមសំនៀងនិងប្រជាប្រិយភាពទើបធ្វើឲ្យ អ្នកស្ដាប់មានការគាំទ្រច្រើនហើយអាចរកកំរៃបានពី១០ ទៅ ២០ រៀល ក្នុង១យប់។ បន្ទាប់ពីបានច្រៀងនៅកំពង់ចាមអស់រយៈពេលជាច្រើនឆ្នាំលោកក៏មក ច្រៀងនៅភ្នំពេញបានរយៈពេល១ឆ្នាំ ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែល្អប្រសើរឡើង។

នៅឆ្នាំ១៩៧០មិត្តភ័ក្ដិរបស់លោកបានហៅទៅច្រៀងនៅខេត្តប៉ៃលិនអស់រយៈពេល៥ឆ្នាំ។ លុះមកដល់ឆ្នាំ១៩៧៥ ស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ដល់១៩៧៩) លោកត្រូវបានគេជម្លៀសឲ្យមករស់នៅខេត្តបាត់ដំបង។ លោកមានប្រសាសន៍ថា “ ខ្ញុំរស់នៅវេទនាខ្លាំងណាស់…! នៅក្នុងសម័យនោះខ្ញុំត្រូវធ្វើការងារលំបាកជាច្រើន ដូចជាជីកប្រឡាយ លើកទំនប់ហើយគ្មានអីហូបគ្រប់គ្រាន់នោះទេ” ។

នៅឆ្នាំ១៩៧៩ លោកបានមករស់នៅក្នុងខេត្តបាត់ដំបង ហើយបន្តអាជីពសិល្បៈរបស់លោកនៅក្នុងមន្ទីរវប្បធម៌ខេត្តបាត់ដំបង។ នៅក្នុងអំឡុងពេលនោះលោកមិនត្រឹមតែច្រៀងនោះទេថែមទាំងលេងល្ខោនបាសាក់ ល្ខោននិយាយ និងសម្ដែងសិល្បៈផ្សេងៗផងដែរ។ នៅមន្ទីរវប្បធម៌ខេត្តបាត់ដំបង លោកបានបង្កើតក្រុមតន្ត្រីមួយវង្សដែលមានសមាជិកជាង១០នាក់ ហើយនៅក្នុងឆ្នាំ១៩៨១ ក្រុមតន្ត្រីរបស់លោកបានទៅចូលរួមប្រលងនៅក្នុងមហោស្រពសិល្បៈនៅ រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១។

ចាប់តាំងពីពេលនោះមកលោកក៏បានទទួលការគាំទ្រឲ្យធ្វើការនៅ ក្នុងមន្ទីរវប្បធម៌រាជធានីភ្នំពេញវិញ។ នៅឆ្នាំ១៩៩៣ លោកក៏ចាប់ផ្ដើមថតចម្រៀងជាស៊ីឌី នៅក្នុងផលិតកម្មឆ្លងដែនដូចជាបទ ” បាត់អូន” និងបទ “អានី”។ បន្ទាប់ពីនោះ លោកតែងតែចេញទៅច្រៀងនៅបរទេសជាបន្តបន្ទាប់ដូចជាប្រទេសបារាំង អូស្រ្តាលីនិងកាណាដា។

ជីវិតអាពាហ៍ពិពាហ៍

លោក ហួរ ឡាវី បានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ពីរដង ដែលលើកទីមួយបានរៀបការជាមួយស្ត្រីម្នាក់ នៅមុនសម័យប៉ុលពត មកម្ល៉េះ ប៉ុន្តែអ្នកទាំងពីរបានបែកបាក់គ្នាទៅវិញក្នុងឆ្នាំ១៩៩០។ បន្ទាប់ពីនោះលោកក៏បានរៀបការម្ដងទៀតជាមួយនិងភរិយាបច្ចុប្បន្ន របស់លោកគឺអ្នកស្រី ងួន សុផានី ដែលមានមុខរបរលក់សំលៀកបំពាក់ ។ សព្វថ្ងៃនេះ លោកបានកូនចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់។

ការងារបច្ចុប្បន្ន

ក្រៅពីការងារសិល្បៈ លោកក៏មានការងារជាមន្ត្រីយោធា និងជាគ្រូបង្រៀនច្រៀង នៅក្នុងក្លឹប តារាមាសផងដែរ។

បើ ទោះបីជាលោក មានអាយុជាង ៧៨ ឆ្នាំទៅហើយក្ដី តែលោកនៅតែបន្តអាជីពជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋាន និងក្លឹបកម្សាន្ត។

លោកបាននិយាយថា “ការងារសិល្បៈ មិនមានការលំបាកនោះទេ ហើយធ្វើឲ្យខ្ញុំសប្បាយរីករាយរហូតប៉ុន្តែគ្រាន់តែមិនធ្វើឲ្យខ្ញុំមាននោះទេគឺគ្រាន់តែមានជីវភាពបង្គួរតែប៉ុណ្ណឹងឯង។ ម្យ៉ាងវិញទៀតខ្ញុំក៏មានមោទនភាពដែរដែលបានចែករំលែកចំណេះដឹងនិងបានបង្រៀនក្មេងៗជាច្រើនរយនាក់ ពីវិធីច្រៀងឲ្យបានល្អនោះ”។

គោលបំណងអនាគត

លោក ហួរ ឡាវី បានឲ្យដឹងថាប្រសិនបើលោកមានជីវភាពធូរធារនោះលោកមិនបន្តច្រៀងរកប្រាក់ដូចសព្វថ្ងៃនេះទេ។ លោកបន្ថែមថា “ខ្ញុំចង់ទៅរស់នៅតាមជនបទ ដោយមានផ្ទះ និងដីចម្ការមួយកន្លែង ដែលអាចឲ្យខ្ញុំ និងគ្រួសារខ្ញុំទៅលំហែកាយបាន បន្ទាប់ពីរស់នៅក្នុងទីក្រុងអស់រយៈ ពេលជាច្រើនឆ្នាំមកនេះ”។ ប៉ុន្តែនៅពេលនេះ លោកមិនអាចឈប់សម្រាកពីការងារបង្រៀន និងច្រៀងបាននោះទេ។

ក្នុងនាមជាគ្រូបង្រៀនផ្នែកសិល្បៈម្នាក់ លោក ហួរ ឡាវី បានសំណូមពរឲ្យកូនខ្មែរជួយថែរក្សានិងលើកស្ទួយសិល្បៈរបស់ខ្មែរហើយប្រសិនបើពួកគេមានបំណងចូលសិល្បៈនោះ ពួកគេគួរតែស្វែងរកគ្រូនិងសិល្បករជើងចាស់ ដើម្បីបង្ហាត់បង្រៀនពីការសម្ដែង និង ច្រៀងជាដើម៕

អត្ថបទដោយ ស្រាវជ្រាវ រូបភាពហ្វេសប៊ុក