លោក​ ប៉ុក​ បូរក្ស​ សំណូមពរ​ផលិតករ​ ចូលរួមផលិតរឿងនិយាយពីគុណតម្លៃជីវិតឲ្យបានច្រេីន

(ភ្នំពេញ​)លោកប៉ុកបូរក្សប្រធាននាយកដ្ឋានភាពយន្តនៅក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«លោកឳពុក»បានប្រកាសសំណូមពរផលិតករទាំងអស់ចូលរួមតាក់តែងនិពន្ធរឿងទាក់ទងនឹងគុណតម្លៃជីវិតឲ្យបានច្រើនគឺជាសារដ៏ល្អសម្រាប់អ្នកទស្សនាមូលហេតុដែលលោកលេីកឡេីងបែបនេះព្រោះតែមួយរយៈចុងក្រោយឃេីញថាភាពយន្តភាគច្រេីនសម្បូរតែភាពយន្តបែបកំប្លែងនិងរន្ធត់តែប៉ុណ្ណោះ។

ប្រធាន​​​នាយកដ្ឋានភាពយន្តលោកប៉ុកបូរក្សបានលេីកឡេីងបែបនេះក្នុងអំឡុងពេលដែលលោកចូលរួមបេីកសម្ពោធរឿង​ “លោកឪពុក“​ របស់ផលិតកម្មមហាហង្សដោយលោកបានសំណូមពរឲ្យផលិតរឿងនិយាយពីគុណតម្លៃជីវិតឲ្យបានច្រើនហេីយលោកពិតជាសប្បាយរីករាយនិងគាំទ្រយ៉ាងខ្លាំងដែលផលិតកម្មមហាហង្សផលិតរឿងនេះឡេីងដេីម្បីផ្តល់អោយអ្នកទស្សនាយល់ច្បាស់ពីការលះបង់ទឹកចិត្តស្រលាញ់ដែលឪពុកមានចំពោះកូនដែលកូនៗខ្លះមេីលរំលងរឿង​ “លោកឳពុក“​ គឺពិតជាស្តែងអោយឃេីញពីគុណតម្លៃរបស់ឳពុកចំពោះគ្រួសារ។

ដោយឡែកម្ចាស់ផលិតកម្មមហាហង្សលោកអ៊ិនសុភិនក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនផងដែរថាផលិតករគឺតែងតែចង់ផលិតភាពយន្តជីវិតយកមកឆ្លុះបញ្ចាំងពីការអប់រំដើម្បីជាប្រយោជន៍យុវវ័យហើយប៉ុន្តែផលវិបាកសួរថាមានអ្នកទស្សនាភាពយន្តបែបនេះប៉ុន្មានភាគរយ។លោកមានគំនិតច្រើនណាស់ចង់ផលិតរឿងនិយាយពីគុណតម្លៃនិងការលះបង់បង់បុគ្គលនេះបុគ្គលនោះដូចជារឿងលោកឳពុកនាពេលនេះប៉ុន្តែប្រភេទរឿងបែបនេះគឺជាការប្រថុយប្រថានបំផុតសម្រាប់ការប្រកួតប្រជែង។

ទោះបីជាគ្មានក្តីរំពឹងថារឿងនេះជោគជ័យរកចំណូលបានច្រេីនមានការគាំទ្រកម្រិតណាតែ​ ​លោកអ៊ិនសុភិននៅតែរំពឹងពីអត្ថន័យរឿង​ “លោកឪពុក“​ ថារឿងលោកឪពុកគឺជាខ្សែភាពយន្តដែលមានការឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមបច្ចុប្បន្នអំពីគុណឪពុកដែលលោកហ៊ាន​​​បូជាជីវិតលះបង់អាយុសង្ខារសាច់ញើសឈាមពេលវេលាសុខភាពកិត្តិយសឥតអៀនខ្មាសដើម្បីកូនៗគ្រប់រូបធ្វើឲ្យគុណសម្បត្តិរបស់ឪពុកខ្ពស់ត្តគ្មានអ្វីប្រៀបធៀបផ្ទឹមបានឡើយ។ដូច្នេះចាប់ពីថ្ងៃទី១០ខែតុលានេះលោកអ្នកអាចទស្សនារឿងនេះនៅតាមរោងភាពយន្តផ្សេងៗបាន៕