នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសការរស់នៅថ្ងៃនេះ ងាយបង្កបញ្ហាជាមួយអ្នកដទៃណាស់ ដូចនេះត្រូវចេះធ្វើគធ្វើថ្លង់ជាមួយក្រុមមនុស្សខ្លះទើបប្រសើរ។ ការប្រកបការងារមានដំណើរមិនសូវល្អទេ ហេតុនេះត្រូវយកចិត្តទុកដាក់ការងារសំខាន់ៗឱ្យបានច្រើនបន្តិចទើបគ្មានបញ្ហាចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អតែយ៉ាងណាការរកផលចំណូលនោះមិនឆ្លើយតបដូចជាទីគាប់ចិត្តទេគឺបានត្រឹមមួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាមិនល្អដែលធ្លាប់តែយាយី នៅថ្ងៃនេះបានចាកចេញឆ្ងាយធ្វើឱ្យការភាពសុខដុមបានរត់ចូលមកគ្រាន់គាប់ប្រសើរឡើងវិញ។ ក្នុងថ្ងៃនេះដែរបើទោះលោកអ្នកសម្រេចចិត្តធ្វើអ្វីមួយក៏តែងឆ្លើយតបដូចសេចក្តីប្រាថ្នាផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមានការរកផលកម្រៃគ្រាន់ហូរចូលតក់ៗផង តែយ៉ាងណាលោកអ្នកមិនត្រូវយកភាពមោហៈទោសៈឬយកក្តីច្រណែនឈ្នានីសដាក់ខ្លួនឡើយបើពុំនោះទេនាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមណាស់ដែរ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ហើយបើចង់ធ្វើអ្វីតែងជឿនលឿនទៅមុខគ្រាន់ជាទីកក់ក្តៅផង។ នៅថ្ងៃនេះបើលោកអ្នកចង់សម្រុកកិច្ចការងារអ្វីមួយតែងងាយឆាប់ចប់និងទទួលបានផលលឿន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការស្រុះស្រួលគ្នាល្អ ហើយបើលោកអ្នកមិនទាន់មានគូរគាប់ពេលនេះជាពេលវេលាល្អក្នុងការស្វែងរកផងដែរ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះគំនិតភ្លឺថ្លា បញ្ញាឈ្លាសវៃ គ្រាន់គាប់ប្រសើរ ហេតុនេះបើលោកអ្នកចង់ពឹងពាក់ឬចង់ធ្វើអ្វីមួយតែងមានក្រុមមនុស្សជួយជ្រោមជ្រែងផង។ ក្រៅពីនេះបើលោកអ្នកចង់ផ្តើមធ្វើអ្វីក៏ជាពេលវេលាល្អ ពិសេសការចាប់ផ្តើមការងារក្រុមហ៊ុនឯកជនឬធ្វើអ្វីមួយដែលចំណាយប្រាក់កាស។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហើយទោះធ្វើអ្វីក៏តែងមិនឆ្លើយតដូចការគ្រោងទុកនោះដែរ។ ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងទាំងបញ្ហាការងារនិងបញ្ហាប្រាក់កាសផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការចេញដំណើរទាំងទីជិត ឬទីឆ្ងាយ ពុំសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងពិសេសបញ្ហាសុវត្តិភាពផ្ទាល់ខ្លួននិងសុខភាពតែម្តង។ ការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗពិសេសបើចង់ប្រកបកិច្ចការអ្វីដែលថ្មីតែងជឿនលឿនទៅមុខផង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញផលចំណូលជួបការលំបាក ប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវ ហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើង។ រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយ និងសម្បូណ៍ទៅដោយរឿងរ៉ាវរកាំរកូសច្រើន ដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេពិតជាជួបផលលំបាកត្រូវរែកពន់ទៀតហើយ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារ បើលោកអ្នកមាន ជម្លោះវិវាទ ជាពេលវេលាល្អក្នុងការដោះស្រាយពីព្រោះថាមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេនៅត្រូវទទួលផលប្រយោជន៍អ្វីមួយថែមទៀត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់វិញ ដូចនេះបើទោះបីធ្វើអ្វីក៏តែងផ្តល់ផលល្អ និង ហុចជាផ្លែផ្កាយ៉ាងឆាប់រហ័ស និងក្រុមមនុស្សអាណិតស្រឡាញ់ច្រើនផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសា និង គាំពារជានិច្ច។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិច ទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ ក្នុងថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះក្រុមមនុស្សច្រើនតែចាំយាយី និងបង្កបញ្ហាមកឱ្យ។ ក្រៅពីនេះលោកអ្នក តែងលេចចេញនូវបាតុភាព ខ្វាយខ្វល់ចិត្ត និងធ្វើអ្វីមិនឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នា ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។ រីឯសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារស្វាមី ភរិយាមានភាពប្រទាំងប្រទើស ដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបរក្សាភាពសុខដុមនេះបានយូរអង្វែង។ ការប្រកបការងារទោះលោកអ្នកធ្វើអ្វីក៏តែងជួបបញ្ហានិងពិសេសងាយកើតរឿងច្របូកច្របល់ផ្លូវចិត្តទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមួយរយះពេលនេះមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។ រីឯសេចក្តីស្នេហាប្រុសស្រីកើតមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះទោះធ្វើអ្វីគឺមិនអាចឱ្យភ្លាំងភ្លាត់បានឡើយ ពីព្រោះថាងាយជះផលអាក្រក់បានណាស់។ ការប្រកបការងារទទួលផលលំបាកច្រើនបន្តិច ហើយបើជាកិច្ចការធំដុំផងងាយភ្លាំងភ្លាត់និងមានបញ្ហាច្រើនជាមួយមិត្តភក្តិរួមការងារ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសមិនស្ទើរឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងសាំញ៉ាំព្រោះតែម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ការស់នៅកើតមានភាពសុខដុម និងស្រុះស្រួលក្នុងគ្រួសារគួរសម។ ការប្រកបការងារ វិញបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ និងមានក្រុមមនុស្សជួយជ្រោមជ្រែងផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតពេកឡើយពីព្រោះមិនផ្តល់ផលល្អប៉ុន្មានទេ ហើយបើដួលរលំវិញគ្មាននរណាជួយលើកនោះឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅទាំងផ្ទះសម្បែងនិងទោះនៅទីណាក្តី លោកអ្នកមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។ ការប្រកបការងារហាក់យឺតយូរ និងពិសេសធ្វើច្រើនបែរជាអាចទទួលរងការស្តីបន្ទោសថែមទៀត។ ក្នុងពេលនេះដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមិនដឹងមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់ណាមួយឡើង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕