នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬចង់ឱ្យនរណាម្នាក់ជួយក្នុងរឿងអ្វីមួយតែងជួបនូវបញ្ហាតានតឹងហើយច្រើនតែពុំសម្រេចគោលបំណងឡើយ។ ក្រៅពីនេះបើមានការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយសំខាន់ៗក្នុងនេះដូចជា ការសម្រេចចិត្ត ឬការចុះប្រកបកិច្ចការអ្វីមួយជាដើម។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងអ្វីមួយល្អឱ្យសប្បាយចិត្តថែមទៀត។ ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។ ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណងផង៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានផលល្អ និង អាក្រក់នៅលាយឡំគ្នាដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះ លោក អ្នក ទទួលរងការរាំងស្ទះ និង ជួបបញ្ហាមិនល្អមួយចំនួនយាយីធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។ ថ្ងៃនេះដែរលោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ឯ លាភហេងនោះមានតិចតួចបំផុត។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូល ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី ដូចនេះគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។ ក្រៅពីនេះបើ ទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។ ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះការរស់នៅ លោកអ្នកជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។ ថ្ងៃនេះដែរផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះការពោលពាក្យសម្តីលោកអ្នក មិនត្រូវ សម្តីតូច សម្តីធំ ច្រើនពេកឡើយ បើពុំនោះទេងាយផ្ទុះជារឿងរាវរីករាលដែលអាចឈានដល់ការហែកហួរគ្នាកើតឡើង។ ការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។ អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ដែរ។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ចំណែកឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងរឿងខ្លះពីព្រោះថាពេលខ្លះមើលទៅជារឿងរាវតូចតាចសោះតែវាអាចត្រឡប់រីកជាធំនាគ្រាខាងមុខដោយមិនអាចទប់ទល់ឈ្នះផង។ ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើនផង។ អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពន្យាពេលកុំធ្វើថ្ងៃនេះក៏ប្រសើរដែរ ប៉ុន្តែបើមិនចង់ពន្យាពេលក៏ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ ក្នុងពេលនេះដែរលោកអ្នកនៅមានរឿងរាវខ្លះ បាំងភ្នែក បាំងច្រមុះ នៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណងផង។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ បញ្ហាស្នេហាថ្ងៃនេះអាចមានអ្នកចូលមកចងសម្ព័ន្ធតែក៏ឱ្យប្រុងប្រយ័ត្នប្រយ័ត្នពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ចផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីត្រឡប់មកធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយសម្រាប់ស្ត្រីចូរប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយី និងបញ្ហាការបាត់បង់របស់របរ។ នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។ សម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរាវរកាំរកូសឈានមិនដល់ខ្លោងទ្វារ អាពាហ៍ពិពាហ៍៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីល្អជាមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់និងអាក្រក់មកល្អវិញបានគ្រប់ពេលវេលា។ ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។ អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕