តើអ្នកមាន​បំណង​ចង់ក្លាយ​ជាសហគ្រិន​ជោគជ័យទេ?​​ ចង់ក្លាយ​ជាបុគ្គលជោគជ័យ​សូមអាន​សំណួរ​ខាងក្រោម​​

ភាពជោគជ័យ​សម្រាប់​មនុស្សគ្រប់រូបមិនមែនជាការងាយស្រួលនោះទេ ហើយ​អ្នក​ប្រាកដជា​ចង់ក្លាយជាសហគ្រិន​ ដែល​មាន​ជោគជ័យ​ផ្ទាល់ជាក់ជាពុំខានឡើយ។ ប៉ុន្តែ​តើ​អ្នក​​មាន​ចម្ងល់​​ទេ​​ថា តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​សម្រេច​ក្តី​សុបិន្ដ​មួយ​នេះ​បាន? ប្រសិន​បើ​ចម្លើយ​របស់​អ្នក​ថា “ទេ” អ្នក​អាច​ស្វែង​រក​ផ្នត់​គំនិត​ជា​សហគ្រិន​របស់​អ្នក​បាន​តាម​រយៈ​សំនួរ​សំខាន់ៗ ខាងក្រោម​នេះ។ ​ វា​មិន​ត្រឹមតែ​ជួយ​​​ដល់​ការ​វាយតម្លៃ​​នៃ​ការ​ត្រៀម​ខ្លួន​របស់​អ្នក​ប៉ុណ្ណោះ​ទេ ​​ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​អ្នក​​ឲ្យ​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​ប្រសិន​បើ​អ្នក​មាន​បុគ្គលិក​លក្ខណៈ និង​ជំនាញ​មុន​នឹង​​ចេញ​ទៅ​​ធ្វើ​ជា​​សហគ្រិន។

I.សំនួរ​ចម្បងៗ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង

១.តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ណាមួយ​ដែល​ទេ​ពីមុន​​ទាក់ទង​ទៅ​នឹង​​អាជីវកម្ម​ដែល​អ្នក​​មាន​គម្រោង​ចង់​​ចាប់​ផ្តើម​​​​នោះ​?

២.តើ​មនុស្ស​ធ្លាប់​ស្គាល់​ណា​ខ្លះ​ដែល​និយាយ​ថា នៅ​ពេល​នេះ​អ្នក​ពិត​ជា​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​​ស័ក្តិសម​ដើម្បី​​បើក​អាជីវកម្ម​​ដោយ​ខ្លួន​ឯង?

៣.តើ​អ្នក​​បាន​ទទួល​ការ​គាំទ្រ​លើ​​គំនិត​ធ្វើ​អាជីវកម្ម​​របស់​អ្នក​ពី​គ្រួសារ និង​មិត្តភក្ដិ​របស់​អ្នកដទៃ​ឬទេ?

៤.តើ​អ្នក​ធ្លាប់​​ឆ្លងកាត់​រៀន​វគ្គ​បណ្តុះបណ្តាល ឬ​ចូលរួម​សិក្ខាសាលា​ផ្សេងៗ​ស្តី​ពី​ការ​ចាប់​ផ្តើម និង​គ្រប់គ្រង​អាជីវកម្ម​ខ្នាត​ដូច​ដែរ​ឬទេ?

៥.តើ​អ្នក​ធ្លាប់​បាន​យក​គំនិត​អាជីវកម្ម គម្រោង​អាជីវកម្ម ឬ​សំណើ​ធ្វើ​អាជីវកម្ម​ម​របស់​អ្នក​ទៅ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​អាជីវកម្ម​ដូច​ជា គ្រូ​បណ្តុះបណ្តាល​ផ្នត់គំនិត​ (Mentor) អ្នក​ជំនួញ ទីប្រឹក្សា​អាជីវកម្ម សាស្ត្រាចារ្យ អ្នក​វិនិយោគ ឬ​ពី​ស្ថាប័ន​ជំនាញ​ណាមួយ​ដែរ​ឬទេ?

៦.តើ​អ្នក​មាន​សមាជិក​គ្រួសារ ​មិត្តភក្ដិ ឬ គ្រូ​បណ្តុះបណ្តាល​ផ្នត់គំនិត​ជា​សហគ្រិន​ដែរ​ឬទេ?

II.បុគ្គលិក​លក្ខណៈ​ពិសេស​ៗ​របស់​សហគ្រិន​​ដែល​អ្នក​ត្រូវ​មាន

តើ​បុគ្គលិកលក្ខណៈ​សម្បត្តិ​ណា​ខ្លះ​ខាងក្រោម​នេះ​​ដែល​អ្នក​មាន និង​​មិន​ទាន់​មាន​?

-ការ​តស៊ូ, ការ​ប្ដេជ្ញាចិត្ត​ទទួល​យក​​មតិ​កែលំអ​ភ្លាមៗ, ចង់​ចេះ​ចង់​ដឹង​ជានិច្ច, មានគំនិត​រឹងមាំ​​មិន​រុញរា​ដើម្បី​ភាព​ជោគជ័យ, មាន​ថាមភាព​​ខ្ពស់​, មាន​ឥរិយាបថ​តម្រង់​ឆ្ពោះ​ទៅ​កាន់​គោលដៅ, មាន​ភាព​ឯករាជ្យ, មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង, ចេះ​ស្វែង​រក​ជំនួយ​, ហ៊ាន​ប្រឈម​មុខ​នឹង​ឧបសគ្គ, មាន​គំនិត​បង្កើត​ថ្មី, មាន​គំនិត​ច្នៃប្រឌិត​, មាន​ចក្ខុវិស័យ​វែងឆ្ងាយ, មាន​ការ​​ប្ដេជ្ញាចិត្ត​ខ្ពស់, មាន​ជំនាញ​ដោះស្រាយ​បញ្ហា, មាន​ការ​អត់អោន និង​អធ្យាស្រ័យ។

-មាន​សុចរិត​ភាព ឬ​ភាព​ស្មោះត្រង់​, ជា​មនុស្ស​ដែល​ទុកចិត្ត និង​អាច​ពឹងពាក់​បាន​​, មាន​គំនិត​ផ្ដួចផ្ដើម​ច្រើន​​ជាង​អ្នកដទៃ​,មាន​សមត្ថភាព​ក្នុង​ការ​ពង្រឹង​លើ​ធនធាន​មនុស្ស​, មាន​ជំនាញ​គ្រប់គ្រង​ខ្ពស់, ចូលចិត្ត​​ការ​ប្រកួតប្រជែង, ចេះ​ផ្លាស់ប្ដូរ និង​ចេះ​បត់បែន​បាន​គ្រប់​កាលៈទេសៈ, ហ៊ាន​ប្រឈមមុខ​នឹង​ការ​បរាជ័យ, មាន​ការ​​ប្ដេជ្ញាចិត្ត​​ក្នុង​ការ​បំពេញ​ការងារ​ដោយ​មិន​នឿយហត់។

ប្រសិន​បើ​អ្នក​យល់​ថា អ្នក​នៅ​មាន​ចំណុច​ខ្វះខាត​ចំណុច​ណា​មួយ​នោះ អ្នក​គួរ​តែ​រៀនសូត្រ​បន្ថែម​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ទាំង​នោះ​មុន​​ពេល​ចាប់​ផ្តើម​ប្រឡូក​ក្នុង​អាជីវកម្ម​របស់​អ្នក៕