តួឯកប្រុសលោក Mark Prin ឆ្លើយតបនឹងសំនួរ ក្រោយពីមានអ្នកសួររូបលោកពីវត្ដមានរបស់តួឯកស្រី Mint Chalida មកចូលរួមក្នុងកម្មវិធីមង្គលការរបស់រូបលោកនិងតួឯកស្រី Kimberley Anne Woltemas កាលពីពេលថ្មីៗកន្លងទៅនេះ។ ដោយលោក Mark បានឆ្លើយនឹងសំនួរនេះក្នុងទឹកមុខញញឹមផងដែរថា ការពិតទៅរូបលោក និង Mint បានដោះស្រាយហើយអភ័យឲគ្នាទៅវិញទៅមករួចយូរហើយមិនមានខឹងស្អប់គ្នាអីទៀតទេ អតីតកាលជាអតីតកាល បើពេលនេះបានល្អប្រសើរហើយ មិនលើករឿងអតីតកាលយកមកធ្វើឲអាក្រក់គ្នានិងបំផ្លាញសេចក្ដីសុខបច្ចុប្បន្ននោះទេ។
គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងរឿងហេតុអ្វីមានសំនួរថា តារាស្រី Mint Chalida និងលោក Mark Prin ធ្លាប់មានបញ្ហានឹងគ្នានិងត្រូវគ្នាវិញនោះ ត្រូវរំលឹកដល់កាលពីច្រើនឆ្នាំមុនពេលទាំងគូទើបប្រឡូកចូលក្នុងវិស័យការសម្ដែងដំបូងៗដូចគ្នា។ កាលនោះ Mint និង Mark គឺជាដៃគូសម្ដែងជាមួយគ្នាថែមលេងសមគ្នារហូតមានអ្នកគាំទ្រចាប់គូឲជាគូស្នេហ៍គ្នាក្នុងជីវិតពិត មានពត៌មានលេចលឺថាទាំងគូទាក់ទងគ្នា។ ស្រាប់តែក្រោយមកបែរជាមានជម្លោះនឹងគ្នាទៅវិញ រហូតមានការនិយាយផ្កែផ្កាឌឺដងដាក់គ្នា និងផ្ដាច់ទំនាក់ទំនងគ្នាជាច្រើនឆ្នាំ។ រយះពេលច្រើនឆ្នាំកន្លងទៅនេះមិនដែលឃើញទាំងគូលេងរឿងជាមួយគ្នាទៀតនោះទេ និងមិនមានសម្ព័ន្ធភាពអ្វីផងដែរព្រោះមានគូស្នេហ៍រៀងៗខ្លួនហើយ។ សម្រាប់តែក្នុងថ្ងៃមង្គលការរបស់ Mark និង Kimberly ក៏លេចវត្ដមានរបស់ Mint មកចូលរួមអបអរសាទរគូស្វាមីភរិយាតារាថ្មីគូនេះ ឃើញបែបនេះអ្នកគាំទ្រទាំងសងខាងក៏សប្បាយចិត្តដែលឃើញអ្នកទាំងពីរត្រូវគ្នាវិញ និងអាចរាប់អានគ្នាជាមិត្តភក្ដិវិញបានហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ