ជាការពិតណាស់ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក តារាស្រីរូបស្រស់លំដាប់ប្រទេសចិន Dilraba dilmurat ហាក់ដូចជាមិនសូវខ្វាយខ្វល់ពីរឿងរ៉ាវស្នេហា រឺក៏មានទំនាក់ទំនងស្នេហាផ្លូវការជាមួយនឹងតារាប្រុសរូបណាឡើយ។
ប៉ុន្ដែស្រាប់តែកាលពីថ្មីៗ តារាស្រី Dilraba dilmurat ហាក់ដូចជាបង្ហាញភាពស្និតស្នាលខ្លាំងជាមួយដៃគូសម្ដែងប្រុសរបស់នាងលោក Huang JingYu ខណៈដែលអ្នកទាំងពីរមានឱកាសសម្ដែងរឿងភាគរួមគ្នាដែលមានចំណងជើងថា “Love Advanced Customization”។
យោងតាមប្រភព iFeng Entertainment បានប្រាប់ឲ្យដឹងថា តារាប្រុស-ស្រី មួយគូនេះ ហាក់ដូចជាមានអារម្មណ៍ល្អនឹងគ្នាហើយទំនាក់ទំនងរបស់ពួកគេក៏ដូចជាល្អពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីបានចាប់ដៃគ្នាសម្ដែងរឿងភាគ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីថតរឿងចប់ គេក៏ប្រទះឃើញតារាប្រុស Huang JingYu បានរង់ចាំតារាស្រីរូបនេះ ហើយបានចាកចេញទៅជាមួយគ្នា ដែលគេជឿថាពួកគេទាំងពីរបានធ្វើដំណើរសំដៅទៅផ្ទះរបស់តារាសម្ដែងប្រុស Huang JingYu នៅឯសៀងហៃ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវទាំងអស់នេះនៅមិនទាន់មានការបកស្រាយ រឺបញ្ជាក់អ្វីឡើយពីសមីខ្លួនទាំងសងខាងឡើយ៕
ប្រភព៖ 38jiejie
អត្ថបទដោយ៖ ស្រីពេជ្រ