រមណី​យដ្ឋាន​បែបធម្មជាតិ​និង​ត្រូវ​បាន​វិនិយោគ​ថ្មី​ស្រឡាង​ក្នុង​ទឹក​ដីខេត្ត​កំពត​

បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា​ក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋាន​បានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។

វិស័យទេសចរណ៍កម្ពុជាគឺជាទីផ្សារដ៏ធំមួយដែលបានជួយជម្រុញដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើងធ្វ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំ​នៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។

ខេត្តនីមួយៗមានសក្តានុពលពិសេសដាច់ដោយឡែកពីគ្នាដែលផ្តល់ឱកាសផ្សេងៗគ្នាសម្រាប់អ្នកអភិវឌ្ឍន៍។ បច្ចុប្បន្ននេះខេត្តសៀមរាប​ហាក់បានក្លាយជាខេត្ត ដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺមកពីសៀមរាមមានប្រសាទអង្គវត្តដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់​ទាញបំផុតនៅទូទាំងពិភពលោក។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថា មានកំណើនឡើងនៅក្នុងខេត្តមួយចំនួ​នទៀតដូចជា៖ ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។​

តេង រិទ្ធី ដែលជាស្ថាបនិក​ ​និងជានាយកក្រុមហ៊ុន R’Investment Group បាននិយាយថាកម្ពុជាមានអំណោយស្រាប់សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។ លោកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំង ដែលសមស្របបន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព។

លោកបានប្រៀបធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រី​ជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។

លោក រិទ្ធី ផ្ទាល់ក៏មានគម្រោងនឹងអភិវឌ្ឍលំនៅដ្ឋានសម្រាប់លំហែកាយនៅភ្នំពេញ សៀមរាប និងខេត្តកំពត។ លោកលើកឡើងថាបច្ចុប្បន្នយើងកំពុងសិក្សាពីសក្តានុពលនៃទីតាំងរបស់ ខេត្តនីមួយៗសម្រាប់គម្រោងលំហែកាយថ្មីនេះ៕