ខេត្តកែប ៖ ក្នុងពេលដ៏ខ្លីខាងមុខនេះ ខេត្តកែបនឹងមានរូបព្រះពុទ្ធរូបធំជាងគេលើពិភពលោក និងមានរថភ្លើងដែលមានល្បឿនលឿនជាងគេបំផុតពីខេត្តព្រះសីហនុ មកកាន់ខេត្តកែប។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ក្នុងជំនួបពិភាក្សាគ្នាជាមួយក្រុមហ៊ុនវិនិយោគថៃ លើគម្រោងវិនិយោគនៅក្នុងទឹកដីខេត្តកែប នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានរៀបរាប់ពីភូមិសាស្ត្រ ប្រជាសាស្រ្ត សក្តានុពលរបស់ខេត្តកែប ដើម្បីជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ពីបញ្ហាប្រឈមផ្សេងៗ ដែលមានសម្រាប់ខេត្តទាំងមូល ដល់អាជីវករដែលកំពុងបម្រើសេវា ទេសចរណ៍នៅខេត្តកែបថា ភ្ញៀវដែលមកលេងខេត្តកែប គឺមានតាមរដូវកាលមិនមែនមកលេងគ្រប់រដូវកាលនោះទេ។
ជាមួយគ្នានោះដែរ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ថៃ នឹងមានគម្រោងបង្កើតតំបន់ទេសចរណ៍ឱ្យបានទូលាយ និងច្រើនជាងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើនជាងនេះបន្ថែមទៀត។ ក្រុមហ៊ុនវិនិយោគនេះ បានសន្យាថា នឹងសាងសង់រូបព្រះពុទ្ធរូប ដែលមានកម្ពស់ និងទំហំធំជាងគេលើពិភពលោក និងរថភ្លើងដែលមានល្បឿនលឿនជាងគេ ពីខេត្តព្រះសីហនុ មកកាន់ខេត្តកែប៕