ឆ្នាំ២០២១ កម្ពុជានឹងត្រូវការសណ្ឋាគារលំដាប់ផ្កាយ៥ ប្រមាណ១ម៉ឺនបន្ទប់បន្ថែម

ភ្ញៀវទេសចរជនជាតិចិន មកកម្សាន្តនៅកម្ពុជាកើនឡើងជិត ៧៦ភាគរយ ស្មើនឹងជាង ៩សែននាក់ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៨។ ជាមួយនិងកំណើនភ្ញៀវទេសចរណ៍ដ៏ច្រើនបែបនេះហើយទើបធ្វើឲ្យវិស័យអចលនទ្រព្យនៅតាមតំបន់ទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនខ្លាំងដូចជា៖ កំណើនសណ្ឋាគារ ផ្ទះសំណាក់ ដែលសម្រាប់បំពេញតម្រូវការស្នាក់នៅដល់ភ្ញៀវទេសចរណ៍មកដំណើរកម្សាន្តនៅកម្ពុជា។

បើតាមរយៈក្រសួងទេសចរណ៍ ចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថាឆ្នាំ២០១៨ កន្លងមកនេះ ចំនួនទេសចរបរទេសមកកម្ពុជាមានចំនួន៦,២លាននាក់កើនឡើង១១% ដោយឡែកទេសចរអន្តរជាតិមកខេត្តព្រះសីហនុ មានចំនួន៥៨ម៉ឺននាក់កើន២៤% ដែលបង្កើតការងារដោយផ្ទាល់ចំនួន១៧ម៉ឺននាក់ និងសម្រាប់៣ខែដើមឆ្នាំ២០១៩នេះ មានចំនួន២០ម៉ឺននាក់ កើនឡើង២៥%។

បច្ចុប្បន្ន មូលដ្ឋានសេវាស្នាក់នៅមានចំនួន៩៦៩៧បន្ទប់ ក្នុងនោះសណ្ឋាគារកម្រិតផ្កាយ៥ មានចំនួនប្រមាណ២ពាន់បន្ទប់។ តាមសន្ទសន៍នៃសក្តានុពល និងការវិនិយោគលើវិស័យសេវាស្នាក់នៅ ខេត្តព្រះសីហនុ នឹងមានសណ្ឋាគារកើនឡើងជាមធ្យម៣,៥ពាន់បន្ទប់ក្នុងមួយឆ្នាំ និងក្នុងនោះសណ្ឋាគារ កម្រិតផ្កាយប្រាំនឹងអាចកើនដល់ជិត១ម៉ឺនបន្ទប់ក្នុងឆ្នាំ២០២១។

គួរជម្រាបដែរថា កត្តាទាំងអស់នេះហើយ ដែលកាន់តែមានការទាក់ទាញឲ្យវិនិយោគិនបរទេសមកធ្វើការវិនិយោគកាន់តែច្រើននៅកម្ពុជា។ ជាពិសេសខេត្តដែលជាតំបន់ទេសចរណ៍ដ៏ធំរបស់ប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមាន​កំណើននៃការសាងសង់សណ្ឋាគារថ្មីៗ ផ្ទះសំណាក់ កន្លែងស្នាក់នៅ និងអាផាតមេនជាច្រើន៕