ក្រុមហ៊ុន Tik Tok បើកលុយឲ្យបុគ្គលិកប្រាក់លានដុល្លារ ក្រោយដណ្តើមបុគ្គលិកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
Tik Tok ជាបណ្ដាញសង្គមថ្មីមួយទើបរីកដុះដាលនាពេលថ្មីៗនេះ ទទួលបានការពេញនិយមច្រើនជាពិសេសពីសំណាក់យុវវ័យ ហើយនៅខ្មែរយើងវិញសូម្បីតែក្មេងៗ ទើបនឹងចូលអនុវិទ្យាល័យក៏មានបើកលេងផងដែរ ដោយសារតែភាពពិសេសក្នុងការចែករំលែកឃ្លីបវីឌីអូខ្លីៗប្រមាណជា១៥វិនាទី អមដោយការធ្វើត្រាប់ និងស្ទាយវីឌីអូប្លែកៗ។
ចំណែកឯនៅកន្លែងធ្វើការរបស់ Tik Tok ឯណោះវិញកំពុងរើសបុគ្គលិកចូលបម្រើការងារជាច្រើន ក្នុងនោះ Bytedance ដែលជាក្រុមហ៊ុនមេរបស់ Tik Tok កំពុងតែស្រូបទាញបុគ្គលិកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចាស់វស្សាដូចជា Baido និងTencent ជាដើម តាមរយៈការសន្យាផ្ដល់ឱ្យនូវអត្ថប្រយោជន៍ផ្សេងៗដូចជា ការតម្លើងប្រាក់កម្រៃលើសក្រុមហ៊ុនចាស់រហូតដល់ទៅ ៥០% និង មានផ្ដល់ជាភាគហ៊ុនខ្លះទៀតផង។
ធ្លាប់មានអ្នកកាសែតអាមេរិកទៅសម្ភាសន៍បុគ្គលិកធ្វើការនៅក្រុមហ៊ុន Tik Tok ហើយពួកបុគ្គលិកទាំងនោះបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនខ្លួនប្រកាន់យកទស្សនៈមួយ ធ្វើយ៉ាងណាចាយលុយដើម្បីឈានទៅដល់ការក្ដាប់យកចំណែកទីផ្សារធំឱ្យបាន ហើយក្រុមហ៊ុនអាចសម្រេចជោគជ័យបាន លុះត្រាណាតែមានបុគ្គលិកដែលមានសមត្ថភាពច្រើន។
មានដំណឹងបែកធ្លាយខ្លះៗ ទាក់ទងនឹងប្រាក់កម្រៃដែលបុគ្គលិកនៅ Tik Tok អាចទទួលបាន ពីសារពត៌មានអាមេរិកកាំង Bloomberg ថា បុគ្គលិកដែលធ្វើការបានល្អអាចទទួលបានប្រាក់កម្រៃថ្លៃឈ្នួលធ្វើការ១លានដុល្លារក្នុងមួយឆ្នាំ ហើយប្រាក់កម្រៃសរុបនឹងអាចឡើងដល់៣លានដុល្លារ បើគិតទៅលើអត្ថប្រយោជន៍ផ្សេងៗទៀត ដែលក្រុមហ៊ុនផ្ដល់ឱ្យ។
ការជ្រៀតជ្រែកដណ្ដើមបុគ្គលិក និងផ្ដល់ប្រាក់កម្រៃសន្ធឹកសន្ធាប់ដល់បុគ្គលិកនេះ ដោយសារតែ Tik Tok ស្ថិតក្នុងដំណាក់កាលមួយ ពង្រីកខ្លួន ស្របពេលដែល ក្រុមហ៊ុនមេរបស់ Tik Tok គ្រោងនឹងបង្កើត App ផ្សេងទៀត ជាមួយគ្នានេះដែរក្រុមហ៊ុនមួយនេះក៏គ្រោងនឹងបកប្រែ App ពត៌មានខ្លីៗរបស់ខ្លួនមានឈ្មោះថា Toutao ដែលមានតែជាភាសាចិននោះ ទៅជាភាសាអង់គ្លេស។
គ្រាន់តែ App Toutao នោះតែឯងមានទោះបីតែឥឡូវប្រតិបត្តិការតែនៅចិនក្តី ក៏អាចរកប្រាក់ចំណូលបាន២.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ភាគច្រើនបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំណែកឯ Tik Tok វិញ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃរហូតដល់៧៥ពាន់លានដុល្លារ បើតាមគេហទំព័របច្ចេកវិទ្យា The Verge ចុះផ្សាយកាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រោយពីមានការវិនិយោគពីសំណាក់ក្រុមហ៊ុន SoftBank របស់មហាសេដ្ឋីជប៉ុន Masayoshi Son ក្នុងរង្វង់ទឹកប្រាក់ ៣ពាន់លានដុល្លារ៕