បច្ចេកវិទ្យាថ្មីបំផុត ! ក្នុងឆ្នាំ២០១៩នេះរថយន្ត Honda Insight បើកបរត្រឹមតែ១០០Kmស៊ីសាំងត្រឹមតែ៤លីត្រកន្លះ
Honda Insight ឆ្នាំនេះតម្លៃស្តង់ដារចាប់ផ្តើមពី២២,០០០ ដុល្លារ ធូរថ្លៃជាង Toyota Prius ហើយវាបានក្លាយជាគូប្រកួតធំសម្រាប់ Toyota Prius ដោយសារឡានមួយនេះស៊ីសាំងប្រហែលគ្នាតែ៤លីត្រកន្លះប៉ុណ្ណោះ ក្នុងការបើកបរ១០០គីឡូម៉ែត្រ។
ប្រភពពី Motor Trend ឲ្យដឹងថា Honda Insigh 2019 បានចេញមុខជាមួយការរចនាថ្មី និងមុខងារពិសេស ដែលមើលទៅស្រដៀងគ្នានឹងបងប្អូនវា Honda Civic ដែរ។ Honda Insight 2019 បំពាក់ម៉ាស៊ីនតូចល្មម១.៥លីត្រ ៤ ស៊ីឡាំង មានម៉ូទ័រអគ្គីសនី ធ្វើឲ្យវាក្លាយជាឡានកូនកាត់អាចផលិតកម្លាំងបាន១៥១សេះ។ វាមិនសូវជាស្ទុះលឿនប៉ុន្មានទេ ដោយចាយពេល៧.៧វីនាទី ដើម្បីចេញល្បឿនដើមពី០ ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែវាល្អត្រង់ថា មាន Sport Mode ជំនួយឲ្យឡានកាន់តែស្ទុះខ្លាំង គ្រាន់តែស៊ីសាំងបន្តិចបើប្រើមុខងារនេះ។
បើតាមការធ្វើតេស្តរួចបញ្ជាក់ថា ប្រព័ន្ធម៉ាស៊ីនកូនកាត់របស់ Honda Insight ខុសពីឡានកូនកាត់ផ្សេងទៀត ត្រង់ថាម៉ូទ័រអគ្គីសនីនេះមិនបានជំនួយល្បឿនឡានឲ្យខ្លាំងទេ ប៉ុន្តែវាបានជួយសន្សំសាំងឡានបានច្រើន ។ សម្រាប់មុខងារផ្សេងទៀតដូចជា start/stop ដែលបញ្ជាម៉ូទ័រអគ្គីសនីឲ្យដំណើរការឬឈប់ដោយស្វ័យប្រវត្តិនោះគឺវាធ្វើបានដូចគេដូចឯងដែរ។
ចំពោះកម្រិតស៊ីសាំង ជាមធ្យម៥លីត្រកន្លះក្នុង១០០គីឡូម៉ែត្រនៅលើផ្លូវធំ ចំពោះការបើកបរក្នុងក្រុង ស៊ីសាំងត្រឹមតែ៤លីត្រកន្លះប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។ ការរចនាខាងក្នុងដូចជាកៅអីអង្គុយជាដើម វាបានចម្លងពីបងប្អូនវាតែម្តង (Honda Civic) និយាយទៅវាមានមាឌតូច ជាពិសេសអ្នកដែលខ្ពស់ៗប្រហែលពិបាកជិះឡាននេះបន្តិចដោយសារវាទាប។
គួរបញ្ជាក់ថា Honda Insight ចេញឆ្នាំ២០១៩នេះ ជាឡានដែលកាត់ទៅរក Honda Civic និង Accord ហើយបើធៀបតម្លៃ វាធូរថ្លៃជាង Toyota Prius បន្តិច ថ្វីត្បិតតែមានមុខងារមួយចំនួននៅលោតមិនទាន់រួចជាមួយ Prius ក៏ដោយ៕