ពិតជាប្រសើរណាស់ ! រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឲ្យចូលរួមពិពណ៌ទេសចរណ៍អន្តរជាតិ និងវេទិកាអន្តរជាតិ វិនិយោគទេសចរណ៍នៅកម្ពុជា
ប៉េកាំង ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវប្រត្តិបត្តិករទេសចរណ៍អាស៊ី ចូលរួមពិពណ៌ទេសចរណ៍អន្តរជាតិ និងវេទិកាអន្តរជាតិ វិនិយោគទេសចរណ៍នៅកម្ពុជា ក្នុង ខែតុលា ២០១៩ ខាងមុខនៅរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ស៊ុនកាង រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងទេសចរណ៍ចិន ឯកឧត្តម ប៊ូសងខំវង្ស តារា រដ្ឋមន្ត្រីក្រសួងវប្បធម៌ទេសចរណ៌ ព័ត៌មានឡាវ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ វិចិត្រសិល្បៈកម្ពុជា ក្នុងពិធីបើកពិពរ័ណ៍វប្បធម៍ និងទេសចរណ៍អាស៊ី កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងប៉េកាំង ដែលកម្ពុជា និងឡាវ ត្រូវបានផ្តល់ជាប្រទេសកិត្តិយសផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា ដោយយោងលើកត្តា សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម សន្តិសុខ និងសុវត្ថិភាព សេដ្ឋកិច្ចកម្ពុជានឹងបន្តកើន ឡើងថែមទៀត នាថ្ងៃអនាគត ហើយវិស័យទេសចរណ៍កម្ពុជានឹងទទួលបានកំណើនតាមការគ្រោងទុក ដោយរាជរដ្ឋាភិបាលកំពុងរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់បន្ថែមទៀត។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៏មានគោលនយោបាយលើកទឹកចិត្តទេសចរវ័យចំណាស់ ទេសចរផ្ទះទីពីរ អភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ ទេសចរណ៍ម្ហូបអាហារ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក៏ត្រូវបានពង្រីក និងពង្រឹង បន្ថែមទៀត ស្របតាមបរិបទនៃគំនិតផ្ដួចផ្ដើម ខែ្សក្រវ៉ាត់ និងវិថី ក៏ដូចជាស្មារតីនៃសហគមន៍វាសនារួមកម្ពុជាចិនផងដែរ។ លោករដ្ឋមន្ត្រីក៏បានរំលឹកដែរថា ប្រទេសចិនគឺជា គោលដៅទេសចរណ៍វប្បធម៌ដ៏ធំរបស់ពិភពលោក ហើយក៍ជាទីផ្សារទេសចរណ៍ផ្គត់ផ្គង់ដ៏ធំរបស់ពិភពលោកផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានអញ្ជើញក្រុមហ៊ុនទេសចរណ៍ចិន និងប្រទេសអាស៊ីផ្សេងៗទៀត ចូលរួមក្នុងកម្មវិធីពិព័រណ៌ទេសចរណ៍កម្ពុជា លើកទី៣ និងវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២ ដែលនឹងរៀបចំនៅខែតុលា ឆ្នាំ២០១៩ខាងមុខ នៅទីក្រុងភ្នំពេញផងដែរ។
គួររំលឹកថា រយៈពេល០៣ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើន៩.៧% ក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ឆ្នាំ ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ជាង៧លាននាក់ ក្នុងនោះទេសចរជនជតិចិន អាចកើនដល់៣លាននាក់៕