ផ្សារទំនើបដំបូងគេ FURI TIME SQUARE តម្លៃជិត១០លានដុល្លារអាមេរិកនៅក្រុងព្រះសីហនុ នឹងបើកដំណើរការនៅកំឡុងចុងចខែកញ្ញាខាងមុខនេះ ខណៈគំរោងនេះបានទទួលការជួលអស់ជាង៩០ភាគរយរួចហើយ។
កញ្ញា លឹម សុខាដាវីន នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន FUTRI Real Estate បានថ្លែងប្រាប់ឲ្យដឹងថា តាមរយៈការជួបជុំជាមួយអតិថិជនកាលពីល្ងាចថ្ងៃទី២០ ឧសភាកន្លងមកនេះ យើងបានទទួលបានយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនអ្នកជួលផ្សារទំនើបនេះ ដោយសារផ្សារនេះផ្តោតលើការរៀបចំប្រព័ន្ធនៃការលក់ទូលាយល្អ មានទីធ្លាសាធារណៈធំទូលាយ ការឌីសាញមានភាពទាក់ទាញ និងទីតាំងនៃគម្រោងនេះល្អ។ ផ្សារទំនើបកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
កញ្ញាដាវីន បានបន្តថា “ការទទួលបានការសរសើរពីអតិថិជន អ្នកជួលទីតាំងលក់រាយក្នុងគំរោងនេះ ដោយសារការវិនិយោគរបស់អ្នកវិនិយោគផ្សារទំនើបនេះ ផ្តោតលើការវិនិយោគរយៈពេលវែងជាជាងរកផលចំណេញ”។ កញ្ញាបន្តថា “រហូតមកទល់ពេលនេះហាងអាហារ និងផលិតផលល្បីឈ្មោះជាង២០ក្រុមហ៊ុន បានចុះកុងត្រាលក់នៅផ្សារនេះ ហើយផលិតផលល្បីៗជាច្រើនទៀតកំពុងដំណើរការនិតិវិធី”។
ផ្សារទំនើប FURI TIME SQUARE ក៏មានការវិនិយោគលើ Sky Bar ទំនើបជាងគេ នៅក្នុងក្រុងព្រះសីហនុ ដោយគ្រាន់តែSky Barនេះវិនិយោគអស់ទឹកប្រាក់ជាង១លានដុល្លារអាមេរិក។ ជាមួយនឹងភាពអំណោយផលនៃទីតាំង កំណើនប្រជាសាស្រ្ត និងកំណើននៃការវិនិយោគនៅខេត្តព្រះសីហនុ បានធ្វើឲ្យគំរោងនេះសម្រេចបានជោគជ័យលើសការរំពឹងទុក ដោយពេលបើកដំណើរការសាកល្បងនៅចុងខែកញ្ញាខាងមុខនេះ ទីតាំងលក់ទំនិញ និងសេវាកម្មប្រមាណ៨០ភាគរយនឹងបើកដំណើរការ រួមទាំងរោងភាពយន្តផងដែរ។
កាលពីពេលថ្មីៗនេះ ផ្សារទំនើបនេះបានទទួលពានរង្វាន់ជាផ្សារ ដែលមានការឌីសាញដ៏ទាក់ទាញបំផុតពីកម្មវិធីCambodia Property Award ដែលបានប្រារពឡើងនៅរាជធានីភ្នំពេញ៕