មិនធម្មតាមែន ! គ្រាន់តែ​ក្រុមហ៊ុន​ Honda បាន​ចេញ​រថយន្ត​អគ្គីសនីជាលើក​ដំបូង​​ លក់ដាច់អស់ជាច្រើនគ្រឿង​

ធ្លាប់តែឃើញលក់ឡានចាក់សាំងធម្មតា ប៉ុន្តែពេលនេះយីហោឡានល្បីរបស់ជប៉ុន Honda ស្រាប់តែចេញគម្រូឡានអគ្គីសនីផ្លូវការនៅអឺរ៉ុប ជាប្រភេទឡានធុនតូចប្រើអាគុយជំនួយសាំង អាចបើកបរម្តងបាន២០០គីឡូម៉ែត្រ។

នេះជាឡានអគ្គីសនីដំបូងរបស់ Honda ដែលបានដាក់ឲ្យកុម្ម៉ង់ជាផ្លូវការនៅទីផ្សារអឺរ៉ុបមុនគេ ជាមួយតម្លៃកក់ទុកមុន​ប្រមាណ៨០០ផោន ឬ១,០០០ដុល្លារជាងអាមេរិក។  វាត្រូវបានគេហៅថា Honda e ហើយតម្លៃពេញក៏គេមិនទាន់បញ្ចេញដែរ ប៉ុន្តែសម្រាប់អតិថិជន ដែលកុម្ម៉ង់ទុកមុននឹងត្រូវបានអញ្ជើញទៅកាន់ទីតាំងភ្នាក់ងារចែកចាយដែល​​នៅជិតផ្ទះដើម្បីធ្វើកុងត្រាទិញទុកមុន។

បច្ចេកវិទ្យាពេញលេញសម្រាប់ឡាននេះក៏គេមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែបើតាមការធ្វើតេស្តពីកម្មវិធីពិសោធន៍ឡានធុនតូច WLTP បញ្ជាក់ថា រាល់ពេលសាកអាគុយពេញម្តងវាអាចរត់បានចម្ងាយ២០០គីឡូម៉ែត្រ និងអាចសាកថ្មលឿនបាន៨០% ដោយចំណាយពេលតែ៣០នាទីប៉ុណ្ណោះ។

ក្នុងកម្មវិធី Geneva Motor Show កាលពីខែមិនាកន្លងទៅ Honda បង្ហើបថា Honda e មិនមែនជាឡានអគ្គីសនីដែលចេញមុខតែម្នាក់ឯងទេ ប៉ុន្តែក្រុមហ៊ុននឹងចេញខ្សែស្រឡាយឡានអគ្គីសនីមួយខ្សែតែម្តង ដែលគេហៅថា e Prototype ជាឡានអគ្គីសនីសម្រាប់បើកបរក្នុងទីក្រុងឬទីប្រជុំជន។ អគ្គនាយក Honda លោក Takahiro Hachigo បានបញ្ជាក់ថា ក្រៅពីចេញឡានអគ្គីសនីសុទ្ធឡានរបស់ Honda នឹងមានម៉ូឌែលកូនកាត់រហូតដល់៦០% លើ​ពិភពលោកនៅឆ្នាំ២០៣០។

រហូតមកដល់ពេលនេះ Honda បញ្ជាក់ថា មានគេចាប់អារម្មណ៍កុម្ម៉ង់ឡានអគ្គីសនីនេះរហូតដល់២២,០០០គ្រឿងឯណោះនៅអឺរ៉ុប៕