ក្រុមហ៊ុនហ្វេសប៊ុកប្រាកដជាមិនអាចវ៉ាដាច់បច្ចេកវិទ្យាចិនបានទេ ប្រសិនបើក្រុមហ៊ុនហ្វេសប៊ុកបំបែកខ្លួន
កាលពីពេលថ្មីៗនេះ ក្រោយពីមានការប្រកាសពីធ្វើកំណែរទម្រង់ស៊ីជម្រៅទៅលើ Facebook របស់ នាយកប្រតិបត្តិវ័យក្មេង Mark Zuckerberg និងមានបញ្ហាកើតឡើងឥតស្រាកស្រានមក ស្រាប់តែសហស្ថាបនិកដំបូងរបស់ក្រុមហ៊ុន Facebook លោក Chris Hugh បានធ្វើការលើកឡើងថាចង់ឱ្យមានការបំបែកក្រុមហ៊ុន Facebook ដោយឱ្យ Instagram, Whatsapp ជាដើមនៅឯករាជ្យដូចកាលពីមុន។
ប៉ុន្តែចំពោះការលើកឡើងនេះត្រូវបាន ប្រធានខាងផ្នែកប្រតិបត្តិការអ្នកស្រី Shreyl Sandberg បានធ្វើការលើកឡើងថាការធ្វើដូច្នោះប្រៀបដូចជាការបើកដៃឱ្យបណ្ដាញសង្គមរបស់ចិនវ៉ាដាច់អាមេរិក និងវាយលុកទីផ្សារខាងផ្នែកបណ្ដាញសង្គមដូច្នោះឯង ខណៈដែលបណ្ដាញសង្គមនៅឯប្រទេសចិននោះគ្មានគម្រោងណាដែលថាគេនឹងបំបែកនោះឡើយ។
សម្រាប់ឥឡូវនេះ Facebook បានវ៉ាដាច់ប្រទេសចិន ទៅលើបណ្ដាញសង្គម ប៉ុន្តែបណ្ដាញសង្គមនៅចិនវិញក៏កំពុងតែរីកសាយភាយចេញមកដែរ ហើយមានអ្នកប្រើប្រាស់ខ្ទង់រយៗលាននាក់ទៀតផង ហើយបើមានការបែកខ្ញែកអ្នកប្រើប្រាស់ទៅតាមផ្លេតហ្វមផ្សេងៗគ្នារបស់ Facebook ដូចជា Instagram ផ្សេងទៅ WhatsApp ផ្សេងទៅនោះអាចនឹងឱ្យបណ្ដាញសង្គមចិនវ៉ាដាច់ជាក់ជាមិនខាន។
ឯការលើកឡើងរបស់ សហស្ថាបនិករបស់ Facebook លោក Chris វិញគាត់ចង់ឱ្យផ្លេតហ្វម Facebook រួមត្រូវបែកខ្ញែកគ្នាដូចកាលពីមុនក៏ព្រោះតែ Facebook សព្វថ្ងៃនេះមានអំណាចខ្លាំងទៅលើបណ្ដាញសង្គម ហើយអំណាចនោះត្រូវបាន Mark Zuckerberg គ្រប់គ្រងភាគច្រើន ក៏ព្រោះតែភាគហ៊ុនរបស់សេដ្ឋីវ័យក្មេងនោះមានច្រើននៅក្នុង Facebook។ ហេតុនេះហើយការចង់បំបែក Facebook នេះមិនងាយនឹងកើតឡើងឡើយ ហើយបើកើតឡើងមែនទាល់តែស្ថានការណ៍របស់ Facebook អាក្រក់មែនទែនដែលចាំបាច់រហូតដល់សភាអាមេរិកកោះហៅ ឬបញ្ជាផ្ទាល់តែម្ដង។
គូសបញ្ជាក់ថាសម្រាប់ Facebook ក្នុងរយៈកាលចុងក្រោយនេះមានរឿងច្រើនឥតល្ហែររហូតដល់ Mark ត្រៀមលុយរហូតដល់ទៅ៥ពាន់លានដុល្លារចាំបង់ឱ្យតុលាការទៀត ហើយរឿងរ៉ាវដែលកើតឡើងភាគច្រើនពាក់ព័ន្ធទៅនឹងភាពឯកជនរបស់អ្នកប្រើប្រាស់ និងបញ្ហាទិន្នន័យ អ៊ីម៉ែលជាដើម៕