អស្ចារ្យមែនទែន​ ! ក្រុមហ៊ុ​ន​ហ្វេសប៊ុក​នឹង​បញ្ចេញ​បច្ចេកវិទ្យាថ្មី​នៅឆ្នាំ២០២០មិនធ្លាប់មាន​ ឈ្មោះថា GlobalCoin

មួយរយៈនេះដំណឹង​ទាក់ទង​នឹង​លុយឌីជីថ​លរបស់ Facebook មានឥតដាច់បើទោះជាគ្មានការប្រកាសជាផ្លូវ​ការ​ណាមួយពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែ​ម្ដង​នេះកាន់តែច្បាស់​មែនទែនហើយ ដោយបើតាមរបាយការណ៍​មួយពីសារពត៌មានអង់គ្លេស BBC បានឱ្យដឹង​ថា Facebook នឹ​ង​បញ្ចេញ​លុយឌីជីថលរបស់ខ្លួននៅឆ្នាំក្រោយនេះឯង ដោយបានដាក់ឈ្មោះថា “GlobalCoin”។

របាយការណ៍ដដែលនោះបានឱ្យដឹង​ថា Facebook នឹ​ងធ្វើកា​រតេស្ដសាកល្បង​ជាចុង​ក្រោយមុននឹង​បញ្ចេញជាផ្លូវ​ការ​នៅចុង​ឆ្នាំ២០១៩នេះ ជាមួយនឹង​​ពត៌មានទាក់ទង​នឹង​លុយឌីជីថល​របស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស​មួយនេះកាន់តែលម្អិត ហើយសម្រាប់ឆ្នាំក្រោយវិញនឹង​បញ្ចេញជាផ្លូវ​ការ​ដំបូង​សម្រាប់ប្រើតែបួន ដប់ប្រទេស​សិនតែប៉ុណ្ណោះ ដោយស្ថិត​ក្នុង​ទម្រង់​ប្រើប្រាស់ជា​ប្រព័ន្ធ​ទូរទាត់ប្រាក់។

ជាមួយគ្នានេះផងដែរ BBC បានលើកឡើង​ថា Facebook បាន​ទាក់ទង​ជួបពិភាក្សារជាមួយនឹង​ប្រធានធនាគារជាតិរបស់ប្រទេស​អង់គ្លេស​រួចរាល់ហើយទាក់ទិនទៅនឹង​ហានិភ័យក៏ដូចជាឱកាសសម្រាប់លុយប្រភេទនេះ បន្ថែមពីនេះផងដែរ ក៏មានភ្លើង​ខៀវពីមន្ត្រីដែលធ្វើការ​ទាក់ទងទៅនឹង​រឿង​លុយឌីជិថល​របស់អាមេរិក។

ជាង​នេះទៅទៀត​ ស្ថាប័នហិរញ្ញវត្ថុ​លំដាប់ពិភពលោកក៏កំពុង​តែចរចារនិយាយជាមួយនឹង​ Facebook ដែរតាមរយៈលុយឌីជីថល GlobalCoin នេះ​ដូចជាក្រុមហ៊ុនល្បីល្បាញខាង​វេរលុយឆ្លង​ទ្វីប Western Union ដោយហេតុតែ​បើសិន​ជាបច្ចេកវិទ្យាលុយឌីជីថល​របស់ Facebook ដំណើរ​ការល្អមែននោះ ថ្លៃ​ និង​រយៈពេល​ នឹង​កាន់តែប្រសើរ​សម្រាប់អតិថិជន​របស់ខ្លួន​ ជាពិសេស​អ្នកគ្មានកុង​ធនាគារ​ក៏អាច​ផ្ញើរផ្ទេរឱ្យគ្នាបានដែរ។

គូសបញ្ជាក់ផងដែរថានេះមិនមែនជាលើកដំបូង​ទេ​ដែល Facebook ចាប់អារម្មណ៍ទៅលើលុយឌីជីថលនេះ ដោយកាលពី១០ឆ្នាំមុន Facebook ធ្លាប់បញ្ចេញលុយឌីជីថល​ម្ដង​រួចទៅហើយ ដោយបាន​ដាក់ឈ្មោះថា Facebook Credits ដែលអ្នកប្រើប្រាស់ ​Facebook អាច​ប្រើវាបានក្នុង​ការ​ទិញឥវ៉ាន់​ឬ​ចាយលុយលើ App ផ្សេងៗដែលភ្ជាប់ទៅនឹង​ Facebook ប៉ុន្តែ​ត្រូវ​បរាជ័យ​ទៅវិញដោយសារគ្មានអ្នកចាប់អារម្មណ៍។

គេមិនទាន់អាច​ដឹង​ថា ​លុយឌីជីថ​លថ្មីមួយនេះអាច​ប៉ះពាល់ដល់លុយឌីជីថលផ្សេងទៀត​យ៉ាង​ណានោះទេ ខណៈដែល​តម្លៃ​លុយឌីជីថលចាស់វស្សា Bitcoin កំពុង​តែឡើង​សន្សឹមៗក្បែរ​មួយម៉ឺនដុល្លារ ហើយមានលុយឌីជីថលផ្សេងទៀត​ដូចជា LiteCoin និង ​Etherum ជាដើមនោះ។ យ៉ាង​ណាក៏ដោយសម្រាប់ធនាគារ​ជាតិនៃកម្ពុជាយើង​មិនទាន់មានប្រកាសទទួលស្គាល់លុយឌីជីថល​ណាមួយនៅឡើយនោះទេ៕