មិនធម្មតាមែន ! មានប្រទេសចំនួន៥ក្នុងតំបន់អាស៊ី គ្រោងទាញយកផលប្រេងឆៅ និងឧស្ម័នធម្មជាតិនៅកម្ពុជា
ប្រទេសកម្ពុជា និងបណ្តាប្រទេសចំនួន៥ទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍រំពឹងថា នឹងមានគម្រោងសរុបចំនួន៥៤នៃគម្រោងទាញយកប្រេងឆៅ និងឧស្ម័នធម្មជាតិដែលនឹងចាប់ផ្តើមប្រតិបត្តិការ នៅក្នុងប្រទេសចំនួនប្រាំមួយក្នុងអំឡុងឆ្នាំ២០១៩-២០២៥។ នេះបើយោងតាមរបាយការណ៍ចុងក្រោយប្រចាំឆមាសទី១ របស់ក្រុមហ៊ុន ResearchAndMarkets ដែលមូលដ្ឋាននៅប្រទេសអៀរឡង់។
ក្នុងចំណោមគម្រោងទាំងអស់នេះចំនួនគម្រោង២៥ ត្រូវបានគ្រោងទុកដោយមានផែនការអភិវឌ្ឍដែលបានកំណត់ ហើយគម្រោងចំនួន២៩ទៀត ជាគម្រោងដែលបានប្រកាសនៅដំណាក់កាលដំបូងដោយកំពុងត្រូវបានសិក្សា ហើយត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តសម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនខាងលើ បានឲ្យដឹងផងដែរថា គម្រោងសំខាន់ៗនៅអាស៊ីអាគ្នេយ៍ទាំងនេះ ត្រូវបានគេរំពឹងថា នឹងរួមចំណែកប្រហែល២២៣ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ដល់ផលិតកម្មប្រេងឆៅទូទាំងពិភពលោក និងប្រហែល៨,១ពាន់លានហ្វីតគូប (រង្វាស់អង់គ្លេស) ក្នុងមួយថ្ងៃដល់ផលិតកម្មឧស្ម័នធម្មជាតិ នៅលើពិភពលោកគិតត្រឹមឆ្នាំ២០២៥។ ក្នុងចំណោមប្រតិបត្តិករក្រុមហ៊ុន Sapura Kencana Energy Sarawak, ក្រុមហ៊ុន PETRONAS Carigali Sdn Bhd និង Eni SpA នាំមុខគេក្នុងការប្រតិបត្តិការគម្រោងដែលបានគ្រោងទុក និងប្រកាស។
ក្នុងចំណោមបណ្តាប្រទេសទាំង៦ ឥណ្ឌូនេស៊ីមានគម្រោងទាញយកប្រេងឆៅ និងឧស្ម័នធម្មជាតិច្រើនជាងគេបំផុតនាពេលខាងមុខ ដោយមាន១៣គម្រោងក្នុងផែនការអភិវិឌ្ឍន៍ និង១៤គម្រោង ដែលបានប្រកាសនៅដំណាក់ដំបូង។ ប្រទេសម៉ាលេស៊ីទទួលបានចំណាត់ថ្នាក់ទី២ ដោយមានគម្រោងចំនួន៩ ក្នុងផែនការអភិវឌ្ឍន៍ និង៩គម្រោងទៀតបានប្រកាសនៅដំណាក់ដំបូង។ ប្រទេសវៀតណាមមានគម្រោងចំនួន៦ ដែលត្រូវបានគេរំពឹងថានឹងដំណើការនៅឆ្នាំ ២០២៥។ ប្រទេសកម្ពុជា ថៃ និងមីយ៉ាន់ម៉ា គឺជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានគម្រោងទាញយកប្រេងឆៅមួយៗរៀងៗខ្លួននាពេលខាងមុខ។
ការចាប់ផ្តើមផលិតគម្រោងប្រេងឆៅសំខាន់ៗដូចជា៖ គម្រោង Ande Ande Lumut និង E6 និងគម្រោងឧស្ម័នដូចជាគម្រោង Abadi និងPegaga នឹងជំរុញការផលិតប្រេងឆៅ និងឧស្ម័ននៅក្នុងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក្នុងអំឡុងពេលរំពឹងទុកនេះ។ ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនឹងរួមចំណែកប្រមាណ៨០ភាគរយ នៃផលិតកម្មប្រេងសរុបនៅអាស៊ីអាគ្នេយ៍ពីគម្រោងចំនួន៨ ដែលបានគ្រោងទុក និងប្រកាសនៅឆ្នាំ២០២៥ខាងមុខនេះ៕